ប៉ែន ចំ​រ៉ុង ៖ ខ្ញុំ​ទទួលយក សុ​ដា​លី​ស ដោយ​គ្មាន​លក្ខខណ្ឌ​ទោះបី​នាង​ត្រូវគេ​កាត់កាល​ក្តី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 September, 2015 ក+ ក-

ភ្នំពេញ​៖ « បង​ស្រឡាញ់​អូន​អត់​មាន​លេងសើច​ទេ បើសិនជា​អាច​បង​ចង់​ឲ្យ​គ្រប់យ៉ាង​ក្លាយជា​ការពិត​ដូច​យើង​និយាយ គ្នា​! បើទោះបីជា​បងអត់​មានទ្រព្យ​សម្បត្តិ​ច្រើន​ដូច​គេ បងអត់​ពូកែ​រកស៊ី​ដូច​គេ ប៉ុន្តែ​បង​នឹង​ឲ្យ​អូន​សើច​ច្រើនជាង​យំ​និង​មាន​ក្ដី​សុខ​ច្រើនជាង​កើតទុក្ខ »​។ លោក ប៉ែន ចំ​រ៉ុង និយាយ​បែបនេះ​នៅក្នុង​កម្មវិធី សើច​ម្មង របស់​ទូរទស្សន៍ ភី​អ៊ិន​អ៊ិន កាល ពី​ថ្ងៃ​សៅរ៍ ខណៈ​នាង ភិន សុ​ដា​លិ​ស ចូលរួម​ជាតា​រា​កិត្តិយស​។​

​ជាថ្មី​ម្តងទៀត លោក ប៉ែន ចំ​រ៉ុង បានបញ្ជាក់​ដោយផ្ទាល់​មាត់​ពី​ក្ដី​ស្រឡាញ់​របស់លោក​ចំពោះ ភិន សុ​ដា​លី​ស ដែលថា​មិនមែនជា​ការស្រឡាញ់​បែប​លេងសើច​នោះទេ ហើយ​លោក​ក៏​នឹង​ប្ដេជ្ញា​ទទួលយក​នាង​ដោយ​គ្មាន​លក្ខ​ណ្ឌ​ដែរ បើទោះជា​ត្រូវ​លោក អ៊ិន សុ​ភិន ជា​ឪពុក និង​ក្រុមគ្រួសារ​កាត់កាល​ចោល ដែល​មិន​ខុសពី​នារី​មានតែ​សម្បកខ្លួន​ក៏ដោយ​។ ចំណែក​ក្រុមគ្រួសារ​របស់លោក ប៉ែន ចំ​រ៉ុង ក៏បាន​អះអាង​ដូចគ្នានេះដែរ​។​

​គួរ​ជម្រាប​ថា នៅក្នុង​កម្មវិធី សើច​ម្មង របស់​ទូរទស្សន៍ ភី​អ៊ិន​អ៊ិន កាលពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ លោក ប៉ែន ចំ​រ៉ុង ដែលជា​ពិធីករ​បាន​ឆ្លៀត​លាតត្រដាង​ពី​ជីវិត​ស្នេហា​ជា​សាធារណៈ​ខណៈ​នាង ភិន សុ​ដា​លី​ស ដែលជា​មួយគូ​ស្នេហ៍​រប​ស់​ខ្លួន​ចូលរួម​ជាតា​រា​កិត្តិយស​។​

​លោក ប៉ែន ចំ​រ៉ុង បាន​លត់​ជង្គង់​ជូន​ផ្កា​ទៅ​នាង និង​បាន​និយាយថា​៖ “​បង​ស្រឡាញ់​អូន​អត់​មាន​លេងសើច​ទេ បើសិនជា​អាច​បង​ចង់​ឲ្យ​គ្រប់យ៉ាង​ក្លាយជា​ការពិត​ដូច​យើង​និយាយ គ្នា​! បើទោះបីជា​បងអត់​មានទ្រព្យ​សម្បត្តិ​ច្រើន​ដូចគ្នា បងអត់​ពូកែ​រកស៊ី​ដូច​គេ ប៉ុន្តែ​បង​នឹង​ឲ្យ​អូន​សើច​ច្រើនជាង​យំ​និង​មាន​ក្ដី​សុខ​ច្រើនជាង​កើត ទុក្ខ​!​។ បង​នឹង​ឲ្យ​អូន​ទទួល​គ្រប់យ៉ាង​ដែល​អូន​ប្រាថ្នា​… បង​នឹង​ព្យាយាម​ឲ្យ​អស់ពី​លទ្ធភាព​!”​។​

​លោក ប៉ែន ចំ​រ៉ុង ថ្លែង​ដោយ​មោទនភាព​ថា លោក​គឺជា​មនុស្ស​ប្រុស​តែ​ម្នាក់​គត់​ដែលមាន​សំណាង​ជាងគេ​លើ​លោក ដោយសារតែ​បាន ភិន សុ​ដា​លី​ស ស្រឡាញ់​ពេញចិត្ត​។ លោក​បានប្រកាស​ជា​សាធារណៈ​ថា​នឹង​រួមរស់​ជាមួយ​នាង​ជា​ប្ដី​ប្រពន្ធ បើទោះជា ភិន សុ​ដា​លី​ស មិន​ត្រូវបាន​ឪពុកម្ដាយ និង​ក្រុមគ្រួសារ​រាប់រក​ដែល​មានន័យថា នាង​គឺ​មានតែ​សម្បកខ្លួន​នោះ​ក៏ដោយ​។​

​ពាក្យពេចន៍​ជា​សាធារណៈ​របស់លោក​មាន​ន័យ​គ្រប់គ្រាន់​ប្រឆាំង នឹង​ការបដិសេធ​របស់លោក​អ៊ិន សុ​ភិន និង​គ្រួសារ​ដែល​ធ្លាប់​លើកឡើងថា​មិនអាច​ទទួលយក​ប៉ែន ចំ​រ៉ុង គឺ​ដោយសារតែ​យល់ថា​លោក​មិនបាន​ស្រលាញ់​កូនស្រី​ខ្លួន​ដោយស្មោះ​ត្រង់​។​

​កញ្ញា ភិន សុ​ដា​លី​ស ធ្លាប់បាន​អះអាង​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា នាង និង​ប៉ែន ចំ​រ៉ុង ពិតជា​បានសម្រេច​ចិត្ត​រួមរស់​ជាមួយគ្នា បើទោះជា​ឪពុក​របស់​នាង​មិន​គាំទ្រ​ក៏ពិតមែន​។ នាង​ថា នាង​នឹង​វេច​បង្វេច​ទៅ​រស់នៅ​ជាមួយ​លោក ប៉ែន ចំ​រ៉ុង ក្រោយពី​ឯកសារ​អេ​តា​ស៊ីវិល​ធ្លាក់​មកពី​ឃុំ​សង្កាត់ ហើយ​ប្ដេជ្ញា​រកស៊ី​ចិញ្ចឹម​គ្នា​ដោយ​មិន​ខ្វល់​រឿង​ផ្ចង់​ផ្ដើម​ពី​ឪពុក និង​ក្រុមគ្រួសារ​នោះទេ​។

នាង​និយាយថា​៖ “​ទោះជា​ប៉ា​គាត់​យល់ឃើញ​យ៉ាងម៉េច ប៉ុន្តែ​ខ្ញុំ​នឹង​ពិសោធន៍​ឲ្យ​គាត់​ឃើញថា​បង ចំ​រ៉ុង អត់​ត្រូវការ​ទ្រព្យសម្បត្តិ​គាត់​ទេ ហើយ​គ្រួសារ​គាត់​(​ប៉ែន ចំ​រ៉ុង​)​ក៏​មិនដែល​ខ្វល់​រឿង​ខ្ញុំ​ជា​កូនអ្នកមាន ឬ​សល់​តែ​សំបកខ្លួន​អី​ទេ ត្រង់​ហ្នឹងហើយ​ដែល​ខ្ញុំ​សុខចិត្ត​ចុះ​អេ​តា​ស៊ីវិល​ជាមួយ​គាត់ ហើយ​ទៅ​រួមរស់​ជាមួយគ្នា​រកស៊ី​ចិញ្ចឹម​គ្នា​!”​។

​បងប្រុស​របស់លោក​ប៉ែន ចំ​រ៉ុង គឺ​លោក ប៉ែន រស់ ត្រូវបានបណ្តាញ ព័ត៌មានក្នុងស្រុក ដកស្រង់​សំដី​ថា ទោះជា​លោក អ៊ិន សុ​ភិន ប្រកាន់​ជំហរ​មិន​ទទួលស្គាល់ ភិន សុ​ដា​លី​ស ជា​កូនស្រី ដែលមាន​ន័យ​មិន​គិតគូរ​នាង​សូម្បី​តែមួយ​សេន​ខ្មែរ​ក៏ដោយ ក៏​គ្រួសារ​របស់លោក​និង​ប៉ែន ចំ​រ៉ុង ប្អូន​លោក​ផ្ទាល់​អត់​ខ្វល់​និង​នៅតែ​គាំទ្រ​ភិន សុ​ដា​លី​ស ជា​សាច់ថ្លៃ​ម្នាក់​។

លោក​និយាយថា​៖ “​ទោះជា​ឲ្យ​មួយ​លាន ដុល្លារ​ក៏​អត់​ដូរ​ដែរ គឺ​ខ្ញុំ​សុខចិត្ត​យក​ប្អូនថ្លៃ​ដែល​គ្មាន​គ្មាន​មួយ​សេន​អញ្ចឹង ហើយ​ខ្ញុំ​សូមបញ្ជាក់ ថា គ្រួសារ​ខ្ញុំ​ទាំងអស់​នឹង​ជ្រោមជ្រែង​ដា​លី​ស និង​ចំ​រ៉ុង ឲ្យ​ក្លាយជា​ប្ដី​ប្រពន្ធ​ដែលមាន​សុភមង្គល ទោះជា​មួយជីវិត​ហ្នឹង ដា​លី​ស​អត់​មាន​សាច់ញាតិ​ខាង​គាត់​ទទួលស្គាល់​យ៉ាងណាក៏ដោយ​!”​។ លោ​កថា​សម្រាប់​គ្រួសារ​ផ្សេង​នឹង​ទាញ​ខាង​ប្រុស​របស់ខ្លួន ទៅរក​នារី​ផ្សេង នៅពេល​ទទួល​សម្ពាធ​កាត់កាល​របស់​ក្រុមគ្រួសារ​ខាង​ស្រី ប៉ុន្តែ​សម្រាប់​ប្អូន​លោក​និង​ក្រុមគ្រួសារ​របស់លោក​ទាំង​មូល គឺ​ទទួលយក​ដា​លី​ស​ដៃ​ពីរ អត់​ខ្វល់​រឿង​ធ្លាក់ខ្លួន​គ្មាន​ឪពុកម្ដាយ​គិតគូរ ឬ​ធ្លាក់​ដល់​បាត​ដាល​ណា​នោះទេ​។

លោក​និយាយថា​៖ “​ពួក​ខ្ញុំ​អត់​ចង់ ឲ្យ​ដា​លី​សមាន​រឿង​អញ្ចឹងទេ ប៉ុន្តែ​បើ​គ្នា​ជ្រុល​ជា​ត្រូវ​ឪពុកម្ដាយ​កាត់កាល​អញ្ចឹង គឺ​កាន់តែ​ផ្ដល់​ភាពកក់ក្ដៅ​ឲ្យ​ម្មង ហើយ​បើទោះជា​យកលុយ​១​លាន​ដុល្លារ​មក​ជះ​ឲ្យ​ពួក​ខ្ញុំ​ស្អប់ខ្ពើម នាង​ក៏​អត់​ដែរ​!”​។​

​ឆ្លើយតប​នឹង​ការវិវត្ត​ចំពោះ​រឿងរ៉ាវ​ស្នេហា​នេះ លោក​អ៊ិន សុ​ភិន បាន​ថ្លែង​ប្រាប់ថា មិនមាន​ការចាប់អារម្មណ៍​ឡើយ​។ លោក​ថា​៖ “​ចង់​គេ​ថា ខ្ញុំ​ផ្ដាច់ការ​ជា​រឿង​របស់គេ ព្រោះ​វា​មិនដែល​សុខៗ​ពួក​ខ្ញុំ​ម៉ា​ពូជ​សម្រេច​អញ្ចឹងទេ​!​។ ខ្ញុំ​នៅតែ​សុំ​បញ្ជាក់ថា ចង់​គេ​(​ដា​លី​ស និង​ប៉ែន ចំ​រ៉ុង​)​និយាយ​យ៉ាងម៉េច ប្ដេជ្ញា​យ៉ាង​មិច​ស្រេច​តែ​គេ​ទៅ សម្រាប់​ខ្ញុំ​អត់​ខ្វល់​!”​។ លោក​បន្តថា ដា​លី​ស មាន​សិទ្ធិ​ជ្រើស​យក ប៉ែន ចំ​រ៉ុង មិន​ស្ដាប់បង្គាប់​ឪពុកម្ដាយ ដូច្នេះ​លោក និង​ក្រុមគ្រួសារ​ក៏មាន​សិទ្ធិ​អត់​ខ្វល់​ពី​ស្នេហា​របស់​ពួកគេ​ដូចគ្នា​។

លោក​បញ្ជាក់ថា លោក​នៅតែ​ប្រកាន់​ជំហរ​មិន​បន្ទន់ចិត្ត​នោះទេ បើទោះជា ប៉ែន ចំ​រ៉ុង និង​ក្រុមគ្រួសារ​ប្រកាស​ទទួលយក​ដា​លី​ស ទោះជា​នាង​នៅសល់តែ​សំបកខ្លួន​ក្តី ប៉ុន្តែ​លោក​បាន​សម្ដែង​ការអបអរ​បើ ប៉ែន ចំ​រ៉ុង និង​ក្រុមគ្រួសារ​រាប​ស់​គេ​ស្រឡាញ់​ពេញចិត្ត​កូនស្រី​របស់លោក​បានយូ​រ​អង្វែង​៕​ដោយ​៖ រដ្ឋា​

bhghbbb

​លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស (​រូបថត​ពី​ហ្វេ​ស​ប៊ុ​ក​)