ភ្នំពេញ:តាមការគ្រោងទុក នាព្រឹកម៉ិញនេះ នៅវិមានរដ្ឋសភាជាតិ លោកឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង និងលោក សម រង្ស៊ី អមដោយមន្ត្រីជាន់ខ្ពស់មួយចំនួនផងនោះ បានជួបពិភាក្សាទៅលើអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ប៉ុន្តែជំនួបនេះបានបិទទ្វារមិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានចូលឡើយ។
ប្រភពព័ត៌មានបានរាយការណ៍ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើន នៃរដ្ឋសភា បានជួបជាមួយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុម តំណាងរាស្ត្រសំឡេងភាគតិចនៃរដ្ឋសភា នាម៉ោង ១០ ព្រឹកថ្ងៃទី២១កញ្ញានេះ។
កិច្ចប្រជុំដោយបិទទ្វារនៅរដ្ឋសភានាព្រឹកម៉ិញនេះ ដើម្បីពិភាក្សាទៅលើបញ្ហាមួយចំនួន ដែលនៅសេសសល់ក្នុងការកែប្រែច្បាប់បោះឆ្នោតឃុំសង្កាត់ និងបញ្ហានយោបាយថ្មីៗមួយចំនួនទៀត ដូចជា ករណីចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី និង រួមទាំងមន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិផងដែរ។
គួរជម្រាបថា ក្រុមអ្នកកាសែតជាច្រើនអង្គភាពមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរដ្ឋសភា ដើម្បីយកព័ត៌មានក្នុងកិច្ចប្រជុំរវាងសម្តេច ស ខេង និងលោក សម រង្ស៊ី នោះ ឡើយ៕ដោយ៖រដ្ឋា