ភ្នំពេញ៖លោក ហោ ណាំហុង នឹងធ្វើជាតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំមួយដែលរៀបចំឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងការបរទេសកម្ពុជា។
ក្រសួងការបរទេសកម្ពុជានៅថ្ងៃអង្គារទី២២ ខែកញ្ញា នេះបានជូនដំណឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង នឹងអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមប្រជុំកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិសម្រាប់អនុម័តរបៀបវារៈអភិវឌ្ឍន៍ក្រោយឆ្នាំ២០១៥ និងកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពី សមភាពយេនឌ័រ និងការលើក កម្ពស់ស្ត្រី។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅទីក្រុងញូយ៉កចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៥។
លោករដ្ឋមន្ត្រី ហោ ណាំហុង ដែលតំណាងឲ្យនាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧០ របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលប្រមុខដឹកនាំស្តីពីការរក្សាសន្តិភាព ដែលរៀបចំដោយលោក បារ៉ាក់ អូបាម៉ា និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន។
សេចក្តីជូនដំណឹងក៏បានបញ្ជាក់ផងដែរថា លោក ហោ ណាំហុង នឹងចូលរួមកិច្ចប្រជុំក្រៅកិច្ចប្រជុំអង្គការសហប្រជាជាតិ ដូចជាថ្នាក់ដឹកនាំរដ្ឋមន្ត្រីអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេសអាស៊ានជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំលើកទី២ថ្នាក់រដ្ឋមន្ត្រីអាស៊ាន សម្ព័ន្ធមិត្តប៉ាស៊ីហ្វិក ជាដើម។
លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីមិនអាចចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ និងស្នាក់នៅសហរដ្ឋអាមេរិកបានយូរដោយសារលោកមានកិច្ចការច្រើននៅកម្ពុជា។
គួររម្លឹកផងដែរថា ស្របពេលដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ ក៏មានព័ត៌មានថា ប្រជាពលរដ្ឋខ្មែរនៅអាមេរិក គ្រោងធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិ បាលកម្ពុជាគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស គោរពសិទ្ធិមនុស្ស ធានាការបោះឆ្នោតឆ្នាំ២០១៨ឲ្យភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ និងធានាថា មិនមានសង្គ្រាម បើទោះបីមានការផ្លាស់ប្តូរអំណាចក៏ដោយ។
លោកនាយករដ្ខមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៩ខែកញ្ញា លោក ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធអគាររបស់សាលាអន្តរជាតិភ្នំពេញ ថា លោកនឹងទៅសហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ តែលោកនឹងមិនចូលរួមក្នុងមហាសន្និបាតអង្គ ការសហប្រជាជាតិនោះទេ។
លោកមានប្រសាសន៍ថា៖ “ព្រោះខ្ញុំទៅអង្គការសហប្រជាជាតិលើកនេះ អាទិត្យក្រោយ នេះ ខ្ញុំនឹងថ្លែង តែខ្ញុំមិនអាចនៅមហាសន្និបាតអង្គការសហប្រជាជាតិបាន តែខ្ញុំនឹងថ្លែងសុន្ទរកថាពីរ ទាក់ទងនឹងការអភិវឌ្ឍសហវត្សររ៍មួយ និងការអភិវឌ្ឍស្រី្តមួយទៀត ហើយខ្ញុំត្រឡប់មកប្រទេស ទុកឲ្យរដ្ឋមន្ត្រីការបរទេស(លោក ហោ ណាំហុង)ថ្លែងនៅក្នុងមហា សន្និបាតអង្គការសហប្រជាជាតិបន្តទៅទៀត”។
តាមរបៀបវារ:នៃការប្រជុំរបស់អង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា នឹងមានកិច្ចប្រជុំកំពូលសម្រាប់ការអនុម័តរបៀបវារៈនៃការអភិវឌ្ឍក្រោយ ឆ្នាំ២០១៥ ហើយកិច្ចប្រជុំពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧០ របស់មហាសន្និបាតអង្គការសហប្រជាប្រជាជាតិ នឹងចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលពេលនោះ លោកបានថ្លែងថា បញ្ហាសិទ្ធិ មនុស្សនៅកម្ពុជា ត្រូវបានការពារយ៉ាងពេញទំហឹង។
លោក ជេ រ៉ាមែន(Jay Raman) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានបដិសេធការអត្ថាធិប្បាយ និងឲ្យបង្វែរសំណួរនេះទៅមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាវិញ ចំពោះថាតើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋ អាមេរិកដែរឬយ៉ាងណា ? ៕ដោយ៖ខេមរា