ក្រសួង​ជំនាញ​ហាម​បរិភោគ និង​ចែក ចាយ​នំ​សូកូឡា​ដែលនាំចូល​ពី​អង់គ្លេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 September, 2015 ក+ ក-

​ភ្នំពេញ​:​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​បម្រាម​កុំ​ឲ្យ​បរិភោគ ​នំ​សូកូឡា​ដែល​នាំចូល​ពី​ប្រទេស​អង់គ្លេស ដោយ​សង្ស័យថា​មាន​បាក់តេរី​(Salmonella) ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ជាយថាហេតុ​។

កាលពី​ថ្ងៃទី​១៨ ខែកញ្ញា កន្លងមកនេះ អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា តាម​ទីភ្នាក់ងារ​ស្តង់ដារ​ផលិត ផល​ម្ហូបអាហារ​នៃ​ចក្រភព​អង់គ្លេស​ បានចេញផ្សាយ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ជា​ម្ចាស់​ផលិតផល​នំ​សូកូឡា​ឈ្មោះ Atkins International BV ដែល​បាន​ស្ម័គ្រចិត្ត​ប្រមូលយក​មកវិញ​នូវ​ផលិតផល​នំ​សូកូឡា Atkins Endulge Chocolate Break Wafers របស់ខ្លួនពី​ទីផ្សារ​បន្ទាប់ពី​មានការ​សង្ស័យ​អំពី​លទ្ធភាព​នៃ​ការចម្លង​ចូល​នៃ​បាក់តេរី Salmonella ដែល​អាច​បង្ក​គ្រោះ ថ្នាក់​ដល់​សុខភាព​។

​សេចក្តីជូនដំណឹង​បានបង្ហាញ​ច្បាស់​ថា ផលិតផល​នំ​របស់​ក្រុមហ៊ុន Atkins International BV ដែល​ត្រូវ​ប្រមូល​ទៅវិញ​នោះ​រួមមាន Atkins Endulge Chocolate Break Wafers មាន​ទម្ងន់​ក្នុង​១​កញ្ចប់ : 3 wafers x 21.5g ហើយ​មាន​លេខ​ឡូ​តិ៍ 5147 និង​ផុតកំណត់​ប្រើប្រាស់​ថ្ងៃ​២៧ ខែសីហា ឆ្នាំ​២០១៦​។​

​យោងតាម​ការជូនដំណឹង​នេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​អំពាវនាវ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច និង​អាជីវ​កម្មករ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រួមគ្នា​ទប់ស្កាត់​គ្រោះថ្នាក់​នេះ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​ជាយថា ហេតុ​។ ក្រសួង​ក៏​អំពាវនាវ​ចំពោះ​ពាណិជ្ជករ​នាំចូល អាជីវករ​លក់ដុំ និង​លក់រាយ​ឈប់​នាំចូល​ កុំ​ចែកចាយ​បោះ​ដុំ ឬ​លក់រាយ​បន្តទៀត និង​ផ្តល់ព័ត៌មាន​ទៅ​សមត្ថកិច្ច​កាំកុងត្រូល​ដែល​នៅ​ជិត​បំផុត ឬ​តាម​ទូរស័ព្ទ​ដែល​អាចធ្វើ​ទៅបាន ៕​ដោយ​:​រដ្ឋា​
fcvgdd

ប្រភេទ​នំ សូកូឡា ​ដែល​ប្រទេស​អង់គ្លេស​ប្រកាសថាអាច​មាន​បាក់តេរី​ចម្លងមេរោគ