ភ្នំពេញ៖ក្រសួងវប្បធម៌នឹងផ្លាស់ប្តូរទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈទៅកាន់តំបន់ជ្រោយចង្វាត្រើយខាងកើតវិញ ដើម្បីបានទីតាំងធំទូលាយ និងយកទីតាំងចាស់របស់សាលកវិទ្យាល័យនេះសម្រាប់ពង្រីកសារមន្ទីជាតិ។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងបែបនេះនៅចំពោះមុខប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក ញ៉ែម បុញ្ញាឬទ្ធិ ដែលបានចុះត្រួតពិនិត្យទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា នេះ។
លោក ថៃ នរៈសត្យា បញ្ជាក់ថា ការផ្លាស់ប្តូរទីតាំងសាលា ”ជាការគិតដ៏ត្រឹមត្រូវ និងផ្លូវការមួយ” ប៉ុន្តែលោកមិនអាចបញ្ជាក់លម្អិតពីពេលវេលានៃការផ្លាស់ប្តូរទីតាំង និងគម្រោងលម្អិតនៃការអភិវឌ្ឍនោះទេ គឺរង់ចាំដល់មានការបញ្ចុះបឋមសិលា នោះនឹងក្លាយជាផ្លូវការហើយ។
លោកយ៉ែម បុញ្ញាឫទ្ធិ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ មានប្រសាសន៍ថា លោកនឹងសិក្សាបន្តទៀតទៅលើចំណាត់ការរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរទីតាំងរបស់សាកលវិទ្យាល័យខាងលើនេះ។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអះអាងថា ក្រសួងនឹងរក្សាដីរបស់សាលាទៅពង្រីកសារមន្ទីរនិងធានាមិនឲ្យបាត់បង់ដីនោះទេ “ទីនេះនឹងថែរក្សាមិនឲ្យបាត់បង់មួយចំរៀកណាទៅដៃឯកជនទេ គឺស្ថិតនៅតែជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ។ សូមឲ្យអ្នកទាំងអស់គ្នាទាំងអ្នកសារព័ត៌មាននិងសាធារណជនបានត្រជាក់នៅក្នុងចិត្តចុះ” ៕ ដោយ៖រដ្ឋា