ម្ដាយនិង​ទារ​កបាន​ស្លាប់​ពេល​សម្រាល កូន​នៅ​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2015 ក+ ក-

ភ្នំពេញ​៖​ស្ត្រី​មានគភ៌​គ្រប់​ខែ​ម្នាក់​បាន​ស្លាប់​រួមទាំង​ទារក​ក្នុង​ផ្ទៃ ខណៈ សម្រាលកូន​នៅ​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត (​ពេទ្យរុស្ស៊ី​) ដែលជា​មន្ទីរពេទ្យ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២២ ខែកញ្ញា ម្សិល​ម៉ិ​ញ​នេះ​។​

សាច់ញាតិ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បាន​ស្លាប់​ទាំង​ម្ដាយ​ទាំង​កូន បន្ទាប់ពី​ក្រុមគ្រួសារ​បាន​បញ្ជូនទៅ​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យ​រុស្សី​អស់​រយៈពេល​ជាង ១២​ម៉ោង រួចមក​។​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៩:០០​នាទី​យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥​។​

​ប្រភព​បន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ម៉េ​ន សុខា​វី អាយុ​៣៤​ឆ្នាំ រីឯ​ប្តី​ឈ្មោះ អ៊ុត សុភ័ក្ត្រ អាយុ​៤៥​។ ប្ដី​ប្រពន្ធ​នេះ​មាន​ទីលំនៅ​ផ្ទះ​លេខ ១២២ ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​លោក អ៊ុត សុភ័ក្ត្រ ជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ប្រពន្ធ​របស់លោក​បាន​ឈឺពោះ​សម្រាលកូន ហើយ​ត្រូវបញ្ជូន​មកកាន់​មន្ទីរពេទ្យ ខ្មែរ​-​សូ​វៀត កាល​វេលា​ម៉ោង​០៩:០០​នាទី​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ លុះ​មកដល់​០៩:០០​នាទី​យប់ ថ្ងៃ​ដដែល ក្រុមគ្រូពេទ្យ នៅក្នុង​មន្ទីរពេទ្យ​នេះ បាន​ប្រាប់​លោក​ថា ប្រពន្ធ​របស់លោក​បាន​ស្លាប់​ហើយ គឺ​ស្លាប់​ទាំង​ម្តាយ និង​កូន ធ្វើ​ឲ្យ​លោក​រន្ធត់ចិត្ត​យ៉ាងខ្លាំង​។​

លោក អ៊ុត សុភ័ក្ត្រ បញ្ជាក់ថា ករណីនេះ​សង្ស័យថា ក្រុមគ្រូពេទ្យ​ធ្វេស ប្រហែស​ក្នុងពេល​បង្កើត​ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រពន្ធ និង​កូនប្រុស របស់លោក​យ៉ាង​អាណោចអាធម៌​បែបនេះ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ទម្លាយ​ព័ត៌មាន​នៃ​ការ ស្លាប់​ទាំង​ម្តាយ និង​កូន ដោយសារ​ការ​សម្រាលកូន​បានកើត​ឡើង​នៅ​មន្ទីរពេទ្យ​ខាងលើនេះ ភ្លាមៗ​នោះ កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​សាលា​រាជធានី​ភ្នំពេញបានចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ស្រាវជ្រាវ​ពី​មូលហេតុ​ពិត​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ប៉ុន្តែ​រហូតមក​ទល់នឹង​រសៀល​ថ្ងៃ​ដដែល​នេះ មិនទាន់មាន​របាយការណ៍​ពិស្តា​ស្តីពី​ការស្លាប់​នោះ​នៅ ឡើយ​ទេ​៕​ដោយ​៖​រដ្ឋា​

fcdxff