ភ្នំពេញ៖ ស្នងការនគរបាលជាតិបានប្រកាសថានឹងចាត់វិធានការយ៉ាងតឹងរ៉ឹងដើម្បីប្រឆាំងនឹងឧក្រិដ្ឋជនដែលបានប្រើលេខទូរស័ព្ទ(ស៊ីមកាត)គ្មានបញ្ជាក់ពីអត្តសញ្ញាណ ឬមិនបានចុះបញ្ជីការត្រឹមត្រូវ ហើយយកទៅប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗ។
លោកឧត្តមសេនីយ៍ ឯក ស៊ីណារិទ្ធ បានបញ្ជាក់ថា ផ្អែកលើការស៊ើប អង្កេតបទឧក្រិដ្ឋធំមួយចំនួនដូចជាអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស ,ចាប់ជំរិត ឬជនដៃដល់បានប្រើបណ្តាញទូរស័ព្ទដើម្បីប្រព្រឹត្តសកម្មភាពឧក្រិដ្ឋផ្សេងទៀត គេច្រើនប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់អ្នកដទៃ ឬគ្មានអត្តសញ្ញាណប័ណ្ណ ។
លោក ឯក ស៊ីណារិទ្ធ បានបន្តថា ៧០ ភាគរយនៃឧក្រិដ្ឋជនដែលត្រូវបានកត់សម្គាល់គឺគេប្រើលេខទូរស័ព្ទដែលមិនបានចុះបញ្ជី។លោកថា សមត្ថ កិច្ចនឹងចាប់ផ្តើមធ្វើការបង្ក្រាបចាប់ពីថ្ងៃស្អែកនេះតទៅ ចំពោះហាងណាដែលលក់ស៊ីមកាតដោយមិនថតចំលងអត្តសញ្ញាប័ណ្ណរបស់អ្នកទិញ សម្រាប់ទុកជាឯកសារ។
លោកឧត្តមសេនីយ៍ ឯក ស៊ីណារិទ្ធ បានឱ្យដឹងថា ការបង្ក្រាបខាងមុខនេះគឺ គ្រាន់តែជាការប្រឹងប្រែងមួយដើម្បីពង្រឹងសន្តិសុខសង្គម និងអនុវត្ត តាមសារាចរណែនាំឆ្នាំ២០១២ ដែលតម្រូវឲ្យក្រុមហ៊ុន ចែកចាយ និងអ្នកជាវស៊ីមកាតទូរស័ព្ទត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាស់លាស់មុនពេលលក់ និងទិញ៕ដោយ៖រដ្ឋា