ខេត្តកំពត:ដីបឹងធម្មជាតិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានឣ្នកស្រី លឹម លុយ ជាមេឃុំកំពង់ត្រាចខាងកើត រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានអះអាងថា ឣ្នកស្រីលឹម លុយ ជាមេឃុំកំពង់ត្រាចខាងកើត ហ៊ានបំពានរំលោភយកដីបឹងធម្មជាតិយ៉ាងគឃ្លើនបែបនេះ មិនដឹងជាបានការអនុញ្ញាតពីអ្នកមានអំណាចថ្នាក់ណានោះទេ ព្រោះដីបឹងមួយកន្លែងនេះជាសម្បត្តិធម្មជាតិរបស់រដ្ឋ ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលរាប់សិបឆ្នាំកន្លងមកហើយ ។
បុរសម្នាក់ដែលអះអាងថាជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំ ខាងលើ បានរិះគន់ថា ការរំលោភយកបឹងធម្មជាតិបែបនេះ មិនមែនអ្នកស្រីមេឃុំអាចធ្វើតែម្នាក់ឯងបាននោះទេ តែអាចជាការរៀបចំឯកសារជាខ្សែចង្វាក់ពុករលួយរបស់អាជ្ញាធរតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត ទើបឲ្យអ្នកស្រីមេឃុំរូបនេះអាចរំលាយយកបឹងដែលជាសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានដោយស្រួលៗបែបនេះ ។
ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានខាងលើនេះ មេគង្គប៉ុស្តិ៍ បានភ្ជាប់ទូរស័ព្វទៅឣ្នកស្រីលឹម លុយ មេឃុំកំពង់ត្រាចខាងកើត ដើម្បីសុំការបំភ្លឺពាក់ព័ន្ធព័ត៌មាននៃការរំលោភយកដីបឹងនេះ ។ឣ្នកស្រី លឹម លុយ បានប្រាប់ថា« ដីនេះ ខ្ញុំមានប្លង់ត្រឹមត្រូវកុំឆ្ងល់ពេកឣ្នកកាសែតឣើយ » ។ចំណែកលោក ឣ៊ុម ស៊ីណាត ឣភិបាលស្រុកកំពង់ត្រាច បានថ្លែងប្រាប់ឣ្នកយកព័ត៌មានថា« ដីនេះយាយ លុយ បានទិញពីអតីតឣភិបាលស្រុកចាស់ជាយូរណាស់មកហើយ»។
ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា ពាក្យដែលគាត់និយាយនេះជាពាក្យដោះសារកុហក់ប្រជាពលរដ្ឋនៅក្នុងស្រុក និងកុហក់ថ្នាក់លើដែលជាអំពើមួយគួរឲ្យស្អប់ខ្ពើម មិនគួរណាមន្ត្រីឣាជ្ញាធរហ៊ានឃុបឃិតគ្នារំលោភចាក់ដីលុបបឹងធ្វើជាកម្មសិទ្ធិបែបនេះសោះ។
ប្រជាពលរដ្ឋបានអំពាវនាវដល់ ថ្នាក់ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលមេត្តាចាត់វិធានកាស៊ើបអង្កេតករណីរំលោភយកដីបឹងធម្មជាតិដោយអ្នកស្រីមេឃុំនេះឲ្យបានតឹងរ៉ឹងផង ព្រោះថាប្រសិនបើលោកអភិបាលស្រុកមុន ហ៊ានលក់បឹងនេះឲ្យអ្នកស្រី លឹម លុយ ដូចការអះអាងមែននោះ គឺជាអំពើពុករលួយយ៉ាងច្បាស់ក្រឡែត ដែលគួរតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៊ិនទៀង ត្រួតពិនិត្យករណីនេះផង៕ដោយ ៖ វរិន្ទ