នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះ សំណាល​ជាមួយ​ជនរួមជាតិ​ខ្មែរ​នៅ​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

​អាមេរិក​៖ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​លោក ហ៊ុន សែន បាន​ជួប​សំណេះ សំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ចំនួន ប្រមាណ​ជាង​២០០​នាក់ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ប្រទេស​កាណាដា បារាំង និង​សហព័ន្ធ​អាល្លឺម៉ង់​ខ​ណះ​រូបលោក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​រសៀល​ថ្ងៃទី​២៤​កញ្ញា នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្តី សោមនស្ស​រីករាយ​ខ្លាំងណាស់ ដោយបាន​ជួប​សំណេះសំណាល​ដោយ ផ្ទាល់​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​ពិធី​ដ៏​កម្រ​នៅថ្ងៃនេះ​។​កម្ពុជា​បាន​ឆ្លងកាត់​នូវ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ដ៏​ល្វីង​ជូរចត់​បំផុត បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​លើ​សកល លោក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់បាត់​បង់ជីវិត​ព្រាត់ប្រាស់​គ្នា ចាក ចោល​ស្រុកកំណើតរ​បស់​ខ្លួន មក​រស់នៅ​បរទេស​ដើម្បី​រួចផុត​ពី​សេចក្តី ស្លាប់ និង​សង្គ្រាម​។ ដោយសារតែ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នោះ​ហើយ គឺ​យើង​ពិតជា​មិន​ចង់បាន​នូវ​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​បែប​នោះ កើតឡើង​សារជាថ្មី​នៅលើ​ទឹកដី​ដ៏​កំសត់​របស់​យើង​ត​ទៅមុខទៀត​នោះទេ​។ ខ្ញុំ​បាន​សិក្សា​ពី​ប្រវត្តិ​នៃ​សង្គ្រាម​ដែល​បានកើត​នៅលើ​បណ្តា​ប្រទេស មួយចំនួន​លើ​ពិភពលោក ពោលគឺ​យើង​មិនអាច​ប្រើប្រាស់​សង្គ្រាម​ដើម្បី​បញ្ចប់ សង្គ្រាម​បាន​នោះទេ តាមរយៈ​នេះហើយ ខ្ញុំ​ផ្ទាល់​បាន​ចំណាយ​ពេលវេលា​ដ៏​ច្រើន​បំផុត ក្នុងការ​ស្វែងរក​ការចរចា​បញ្ចប់សង្គ្រាម​បង្ហូរឈាម​រវាង​ខ្មែរ និង​ខ្មែរ​គ្នាឯង បើទោះបីជា​ដល់ទី​កន្លែង​ណាក៏ដោយ ក្នុង​ពិភពលោក​យើង​នេះ​”​។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា “​សូម​បញ្ឈប់​ការ​លាប​ពណ៌​ដាក់គ្នា ពោលគឺ​យើង​កុំ​ខ្វល់​ពី​អតីតកាល​ថា​ជា​អ្វី​នោះទេ ផ្ទុយទៅវិញ គឺ​យើងទាំងអស់គ្នា​ជា​ជាតិ​សាសន៍​ខ្មែរ​តែមួយ ហើយ​កាលដែល​យើង​មក​រស់នៅ​បែក​ឃ្លាត​ពី​ប្រទេស​កំណើត គឺ​កើតឡើង​ដោយសារតែ​អ្នក នយោបាយ​មួយចំនួន ដែល​បង្ខំ​ឲ្យ​យើង​ទៅ​នៅទីនេះ​ទៅ​នៅ​ទីនោះ​បែប នេះ​។ បច្ចុប្បន្ននេះ ស្ថានភាព​របស់​ប្រទេស​កម្ពុជា មិន​ដូច​ពី​ពេលមុន​តទៅទៀត​ទេ គឺ​កម្ពុជា​កំពុងធ្វើការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​ទីកន្លែង​ទាំងអស់ ចាប់តាំងពី​ទីក្រុង​រហូតដល់​តំបន់​ចុងកាត់មាត់ញក​”​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្តថា “​ពេលនេះ គឺ​មិនមែន​និយាយ​ក្នុងនាម​ជា​មេដឹកនាំ​គណបក្សនយោបាយ​នោះទេ គឺ​និយាយ​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​កំពុង​ដឹកនាំ​ប្រទេសមួយ កំពុង​ដើរ​លើផ្លូវ​ត្រូវ និង​កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​លើ​គ្រប់​វិស័យ​។ អ្វីដែល​បងប្អូន​បានឮ និង​បានឃើញ​នៅតាម​បណ្តាញសារព័ត៌មាន​ពី​ប្រទេស​កំណើត​របស់ខ្លួន គឺ​វា​មិនទាន់​គ្រប់គ្រាន់​នោះទេ​។ ផ្ទុយទៅវិញ គឺ​មានតែ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​ដោយផ្ទាល់​ទេ ទើប​អាច​ដឹងថា តើ​កម្ពុជា​បច្ចុប្បន្ន កំពុងស្ថិត​នៅក្នុង​ស្ថានភាព​បែប ណា​នោះ​”​។​

​លោក​បន្តថា “​ប្រទេស​កម្ពុជា មិនមែនជា​ប្រទេស​របស់​អ្នក​កាន់​អំ​ណាយ​មួយក្រុម​ណាមួយ​នោះទេ ផ្ទុយទៅវិញ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​របស់​ប្រជាជន​កម្ពុជា​ទាំងអស់ រាប់ទាំង​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​រស់នៅ ក្រៅប្រទេស​ទាំងអស់​ផងដែរ​”​។​

លោក ហ៊ុន សែន ក៏បាន​បន្ថែមថា “​វប្បធម៌​សន្ទនា​ដែល​បង្កើតឡើង​ដោយ​រូបខ្ញុំ និង​ឯកឧត្តម សម រង្សី ហាក់​មិនមាន​ភាពល្អប្រសើរ​ទាល់ តែសោះ ដោយសារតែ​ភាគី​ម្ខាង​កេងចំណេញ​ខាង​នយោបាយ​បំរើ​ផលប្រយោជន៍​គណបក្ស​ជាជាង បំរើ​ឲ្យ​ផលប្រយោជន៍​ប្រទេស និង​ប្រជាជន​កម្ពុជា​។ វប្បធម៌​សន្ទនា មិនមែន​ទើបតែ​កើតឡើង​នៅពេលនេះ​នោះទេ គឺ​វា​បាន​កើតឡើង​ស្ទើរតែ​ពាក់កណ្តាល​ជីវិត​របស់ខ្ញុំ​ទៅទៀត​។

ឯកឧត្តម សម រង្សី ធ្វើជា​ដៃគូ​សន្ទនា ប៉ុន្តែ​នេះ​មិនមែនជា​លើកដំបូង​របស់ខ្ញុំ​នោះទេ ដៃគូ​សន្ទនា​របស់ខ្ញុំ គឺ​ព្រះករុណា​ព្រះ​បរម​រតន​កោដិ ដែល​ការចរចា​ចាប់ផ្តើម​នៅ ហ្វែ​រ​អង់​តែ​ឌឺ​ន័​រ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៨៧ ហើយ​មុនពេល​មកដល់​នៃ​ដំណាក់កាល​នៃ​ការ ចរចា​កំរិត​កំពូល​នោះ ខ្ញុំ​បាន​ប្រើប្រាស់​ពេលវេលា​ជាច្រើន​ណាស់ ក្នុងការ​សន្ទនា​គ្នា ដើម្បី​បញ្ចប់​បញ្ហា​”​។​

​លោក ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​ខ្ញុំ​មិន​ជឿថា ការប្រើប្រាស់​សង្គ្រាម ដើម្បី​បញ្ចប់សង្គ្រាម គឺ​មិនអាច​ទៅរួច​នោះទេ ផ្ទុយទៅវិញ​មានតែ​ការ សន្ទនា​គ្នា​ចរចា​គ្នា​នោះទេ ទើប​អាច​បញ្ចប់សង្គ្រាម និង​ជម្លោះ​ខាង​នយោបាយ​បាន​”​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​បង ប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បានរួម​វិភាគទាន​ដល់​ការអភិវឌ្ឍ​ប្រទេស ជាតិ​ឲ្យ​មានការ​រីកចំរើន​រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ​ផងដែរ​៕​ដោយ​៖​ជុំ ភិរ៉ាន

gvfcgg

dcfdddd

feree