ព្រះសីហនុ៖មនុស្ស២នាក់បានស្លាប់ និង៦នាក់ផ្សេងទៀតបានរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តកុងតឺន័រ១គ្រឿងចុះចំណោតហើយបុកជាមួយរថយន្តតូរីស ពេញទំហឹង កាលពីវេលាម៉ោង១៤:៣០នាទីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១១២-១១៣ ក្នុងភូមិបិតត្រាង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំងអ្នកស្លាប់ និងអ្នករង របួសមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជនរងគ្រោះមានទីលំនៅក្នុងរាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត តូរីសពាក់ស្លាកលេខកំពង់ស្ពឺ 2A-2356 មានអ្នកជិះនិងអ្នកបើកបរ សរុប៨នាក់ លុះបើកមកដល់ចំណុចកើត ហេតុ រថយន្ដកុងតឺន័រម៉ាក ហ្វ៊ុយហ្ស៊ូ ពាក់ស្លាកលេខព្រះសីហនុ3A-1878 បានចុះចំណោតពីចំណុច បិតត្រាំង ស្រុកព្រៃនប់ សំដៅមកភ្នំពេញក្នុងល្បឿនលឿនហើយបត់ចង្កូតមិន ទាន់ក៏ជ្រុលទៅបុកនឹងរថយន្តទួរីសចំពីមុខពេញទំហឹង បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ស្រាល៨នាក់តែម្តង។
កម្លាំងសមត្ថកិច្ចបានមកជួយអន្តរាគមន៍ និងគាស់យកជនរងគ្រោះ រួចបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ចំណែកសាកសព ទាំង២នាក់សមត្ថកិច្ចកំពុង ស្រាវជ្រាវនិងទាក់ ទងទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។ចំណេកអ្នកបើកបររថយន្ដកុងតឺន័រ បានរត់គេចខ្លួនបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ៕ដោយ៖រដ្ឋា