ខេត្តកំពត៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអំពាវនាវឲ្យប្រតិបត្តិករ រកស៊ីសេវាកម្មទេសចរណ៍ក្នុងខេត្តកំពតទាំងអស់ធ្វើយ៉ាងណាកុំឲ្យលក់ ផលិតផលទេសចរណ៍របស់ខ្លួនកាប់ថ្លៃខ្លាំងពេកសម្រាប់ភ្ញៀវទេសចរណ៍ដែល ចូលរមកលេងកំសាន្តក្នុងពិធីបុណ្យសមុទ្រនាខែធ្នូឆ្នាំ២០១៥ខាងមុខនេះ ។
លោករដ្ឋមន្ត្រីបានអំពាវនាវបែបនេះក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ខេត្តកំពតកាលពិថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាខេត្តកំពតដោយមានការចូលរួមពីប្រតិបត្តិការករជាច្រើននាក់ទៀត ។ នាឱកាសនោះលោករដ្ឋមន្ត្រីក៏បានប្តេជ្ញារៀបចំបុណ្យសមុទ្រឆ្នាំនេះ ឲ្យបានល្អ ពីព្រោះព្រឹត្តិការណ៍បុណ្យនេះជាឱកាសមួយស្រូបយកភ្ញៀវទេសចរបានច្រើន ។ ដើម្បីធ្វើបុណ្យឲ្យបានល្អ លុះត្រាតែអាជ្ញាធរខេត្ត ផ្នែកឯកជន បំរើសេវាកម្មទាំងអស់គ្រប់គ្រង់កាកសំណល់រឹង និងរាវឲ្យបានស្អាត ធ្វើយ៉ាងណាឲ្យសមស្របតាមយុគ្គសម័យបៃតង។
លោករដ្ឋមន្ត្រីក៏បង្ហាញនូវក្តីសង្ឃឹមថា ក្រោយបុណ្យសមុទ្រខេត្តកំពតនឹងក្លាយជារមណីយដ្ឋាន អាហារដ្ឋានជាគំរូល្អស្អាត មានអនាម័យប្រសើរជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤។ លោកបញ្ជាក់ថា វិស័យទេសចរណ៍នេះ ផុយស្រួលណាង់ ប្រសិនបើការគ្រប់គ្រង់មិនបានល្អ តែបើគ្រប់គ្រង់បានល្អទើបវិស័យទេសចរណ៍មាននិរន្តភាព។ ដូច្នេះ យើងត្រូវរួមគ្នាគិតរួមគ្នា ធ្វើនិងរួមគ្នាទទួលខុសត្រូវ។
យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើថា ខេត្តកំពតមានការប្លែកច្រើនណាស់អាចចាត់ទុកថា ខេត្តធ្វើបុណ្យសមុទ្រលើកនេះ កាន់តែល្អជាងឆ្នាំមុនៗ ។ លោកក៏បានអំពាវនាវដល់អាជ្ញាធរខេត្តខិតខំអភិវឌ្ឍន៍ផលិតផលទេសចរណ៍ បង្កើតទីក្រុងថ្មី និងរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀត។ល។
សូមជម្រាបថា បុណ្យសមុទ្រនៅខេត្តកំពតឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ១២ ១៣ ខែធ្នូរ ឆ្នាំ២០១៥ ក្រោមប្រធានបទ ឆ្នេរស្អាត សេដ្ឋកិច្ចរុងរៀង ដែលគេរំពឹងថា និងមានស្តង់លក់ខាងភាគីវៀតណាម ស្តង់លក់ខាងភាគីថៃ និងស្តង់កម្ពុជា ចូលរួមយ៉ាងច្រើនផងដែរ។
តាមរបាយការណ៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ០៩ខែ ដើមឆ្នាំ២០១៥នេះ ភ្ញៀវទេសចរបានមកទស្សនាកម្សាន្តក្នុងទឹកដីខេត្តកំពតចំនួន ១.១៧១.៨៧០នាក់ កើនឡើង ២៥.៨៥ភាគរយ បើប្រៀងធៀបទៅនឹង ០៩ខែ ដើមឆ្នាំ២០១៤ មានចំនួន ៩៣១.១៦១នាក់ក្នុងនោះ ទេសចរអន្តរជាតិមានចំនួន ១៣៥.៩៥១នាក់ មានការកើនឡើង ៣៩.០៤ភាគរយ ទេសចរក្នុងស្រុកមានចំនួន ១.០៣៥.៩១៩នាក់ មានការកើនឡើង ២៤.៣០ភាគរយ។ក្នុងចំណោមទេសចរអន្តរជាតិមកទស្សនាសខេត្តកំពតទាំង ៥៩ជនជាតិ ទេសចរវៀតណាមមានសន្ទុះកើនឡើងខ្ពស់ជាងគេលំដាប់ថ្នាក់លេខ១ គឺមានចំនួន ៨៨.៨៣២នាក់។
ចំណែកទេសចរមកពីអឺរ៉ុប និងអាមេរិក អូស្ត្រាលី បារាំងឈរលំដាប់លេខ១ មានចំនួន ៤.០៩០នាក់ អង់គ្លេសឈរលំដាប់លេខ២មានចំនួន ៣.៥០៧នាក់ អាមេរិកឈលំដាប់លេខ៣ មានចំនួន ៣.០៦៩នាក់ និងអាឡឺម៉ង់ឈរលំដាប់លេខ៤ មានចំនួន ២.៧៦៣នាក់។
ខេត្តកំពត មានរមណីយដ្ឋានទេសចរណ៍ចំនួន ១៣កន្លែង ក្នុងនោះមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ៣កន្លែង រមណីយដ្ឋានវប្បធម៌២កន្លែង រមណីយដ្ឋានធម្មជាតិ៧កន្លែង និងរមណីយដ្ឋានកែច្នៃ១កន្លែង ។ ទន្ទឹមនោះអាជ្ញាធរខេត្តកំពតបាននឹងកំពុងអនុវត្តស្តង់ដារអប្បបរមារមណីយដ្ឋានស្អាត និងជំរុញការគ្រប់គ្រង់រមណីយដ្ឋានឱ្យមានសណ្តាប់ធ្នាប់ អនាម័យ សេវាល្អ បដិសណ្ឋារកិច្ចល្អ។ ក្នុងចំណោមរមណីយដ្ឋានទាំង១៣ មានរមណីយដ្ឋានចំនួន ៤ ដែលពុំទាន់បានរៀបចំអភិវឌ្ឍន៍ ដើម្បីទទួលទេសចរចូលទស្សនាកម្សាន្តគឺ កោះសេះ ភ្នំដូង កែបថ្មី និងប្រាសាទភ្នំខ្យង៕