គណបក្ស​ដែលមាន​អាស​នៈ​ក្នុង​សភា​នៅតែ​បង្ហាញ​ជំហរ​ផ្សេងគ្នា​លើ​ចំណុច​សេសសល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2015 ក+ ក-

​ភ្នំពេញ​៖​ក្រុមការងារ បច្ចេកទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបគ្នា​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ ប៉ុន្តែ​កិច្ចប្រជុំ​ដែលជា​សេនាធិការ​មុន​កិច្ចប្រជុំ​កំពូល​នោះ មិនអាច​ទំ​លុះ​ទំលាយ​បញ្ហា​ដែល​នៅ​សេសសល់​បានទេ​។ ហើយ​សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១ តុលា​ខាងមុខ​គឺ​នៅមាន​ការខ្វែងគំនិត​គ្នា​ជាច្រើន​។

​តាម RFI បាន​រាយការណ៍​កាលពី​ម្សិល​ម៉ិ​ញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅតែមាន​ជំហរ​ផ្ទុយគ្នា​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​ថ្ងៃទី​១ តុលា​។ ថ្ងៃទី​១ តុលា​ដែល​កិច្ចប្រជុំ​នឹង​លើកយក​របៀបវារៈ​ស្តីពី​ច្បាប់បោះឆ្នោត​ដែល​នៅ​សេសសល់​ចំនួន​៥​ចំណុច និង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​បស់​រដ្ឋសភា​។

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​លើកឡើងថា គណបក្ស​ប្រជាជន​កម្ពុជា​ចង់ឱ្យ​ច្បាប់បោះឆ្នោត​ថ្មី ត្រូវ​បន្ថយ​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​ពី​១៥ ថ្ងៃ​មក​ត្រឹម​១០​ថ្ងៃ ដោយឡែក​ការ​ដង្ហែ​ក្បួន​វិញ មិន​អនុញ្ញាតឱ្យ​ដង្ហែ​ឆ្លង​ពី​ឃុំ​១ ទៅ​ឃុំ​ផ្សេងទៀត​នោះទេ​។ ប៉ុន្តែ​ចំណុច​នេះ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​។ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​បាន​សង្កត់ធ្ងន់ថា ច្បាប់បោះឆ្នោត​ឃុំ​សង្កាត់​នេះ​គួរតែ​គោរព​តាមច្បាប់​ចាស់​ដែលមាន ស្រាប់ មិនគួរ​កែប្រែ​ហើយ​កាត់បន្ថយ​រយៈពេល និង​មិនឱ្យ​ហែ​ឆ្លងកាត់​ឃុំ​យ៉ាង​ដូចនេះ​ទេ​។ ប៉ុន្តែ​លោក សុខ ឥសាន បាន​ពន្យល់ថា ការ​ដង្ហែ​ឆ្លងកាត់​ឃុំ គឺអាច​បង្ក​ការលំបាក់​ដល់​ការគ្រប់គ្រង​សន្តិសុខ និង​សុវត្ថិភាព​។​

​ដោយឡែក​ការ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​វិញ ក៏​នៅ​មិនទាន់​ត្រូវ​គ្នា​មួយចំនួន​ដែរ នោះ​គឺ ការចែង​តួនាទី​និង​ភារៈកិច្ច​របស់​សមាជិក​សភា ការបើក​ទូលាយ​ឯកសារ​របស់​សភា និង​ការកោះហៅ​រដ្ឋមន្ត្រី ឬ​នាយករដ្ឋមន្ត្រី​មក​បំភ្លឺ​ជាដើម​។ ក្នុងនោះ​ក៏មាន ការចូល​ស្បថ​កាន់ដំណែង​របស់​ស​មា​ជិ​ក​សភា​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​នៃ​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃ អង្គារ​ទី​២៩ កញ្ញា​បាន​ជួបគ្នា​ប្រមាណ​ជាង​១​ម៉ោង​កន្លះ​ដែល​បាន​ពិភាក្សា​ស្តីពី បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា ប៉ុន្តែ​គណបក្ស​ទាំងពីរ​នៅ​មិនអាច​ទម្លុះទម្លាយ​ការងារ​ដែល​នៅ​សេសសល់​បាន​នោះទេ​។​

​យ៉ាងណាក៏ដោយ ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ នឹងដាក់​ចំណុច​ដែល​នៅ​សេសសល់​ទាំងអស់ ដូចជា​បញ្ហា​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​បទបញ្ជាផ្ទៃក្នុង​របស់រ​ដ្ឋ​សភា​ដាក់ជូន​ក្នុង​របៀបវារៈ​ថ្ងៃ​ប្រជុំ កំពូល​ថ្ងៃទី​១ តុលា បើទោះបីជា​ខ្វែងគំនិត​គ្នា​ក៏ដោយ​។ គណបក្សកាន់អំណាច បាន​បញ្ជាក់ថា បើ​មេដឹកនាំ​គណបក្ស​ទាំងពីរ​មិនអាច​ទម្លុះទម្លាយ​ក្នុង​ថ្ងៃ​ជំនួប​របៀបវារៈ​ដែល​នៅ​សេសសល់​នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង​ការប្រជុំ​របស់​ស​ភា ពេញអង្គ​ដើម្បី​សម្រេច​៕

cdxfcc

ជំនួប​រវាង​លោក កឹម សុខា និង​លោក ស ខេង កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១០ ខែសីហា ឆ្នាំ​២០១៥​(រូបថតៈRFI)