ធ្លាយ​រឿង​នារី​ម្នា​ក់នៅ​អាមេរិក​ទារលុយ​ពីតារាសម្បូរស្នេហ៍ ប៉ែន ចំ​រ៉ុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2015 ក+ ក-

​ភ្នំពេញ​៖ថ្មីៗនេះ មានការ​ទម្លាយ​ថា​អតីត​សង្សារ​ចាស់​របស់លោក​ប៉ែន ចំ​រ៉ុង បាន​ទាក់ទង​ទៅដោយ​ផ្ទាល់​សុំ​ឲ្យ​លោក អ៊ិន សុ​ភិន ទប់ស្កាត់​ភិន សុ​ដា​លី​ស កុំ​ឲ្យ​បន្ត​ស្នេហា​ជាមួយ​ប៉ែន ចំ​រ៉ុង​។ នេះ​ជា​ព័ត៌មាន​រសើប​មួយ​ថ្មី​បន្ថែម​ពីលើ​ការប្រកាស​ទារលុយ​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ដែល​តម្រូវ​ឲ្យ ប៉ែន ចំ​រ៉ុង សងលុយ​នារី​ម្នាក់ ដើម្បី​ចង់​បញ្ចប់រឿង​។ អញ្ចឹង​ហើយ​ទើប​លោក​អ៊ិន សុ​ភិន សុំ​ឲ្យ​ប៉ែន ចំ​រ៉ុង ជួយ​ការពារ​សុវត្ថិ​កូន​ខ្លួន ក្នុងពេល​ដំណឹង​រៀបការ​របស់​ពួកគេ​កាន់តែ​ប្រាកដ​ឡើង​ក្នុងពេល​ដ៏​ខ្លី​។​

តាម វី​អូ​ដេ បាន​រាយការណ៍​ថា ឪពុក​របស់ ភិន សុ​ដា​លី​ស បាន​អះអាងថា មាន​នារី​ម្នាក់​ឈ្មោះ ផល្លា ថាច់ រស់នៅ​អាមេរិក​បាន​ទាក់ទង​មក​លោក​ក្រោយ​ការផ្ទុះ​រឿង​ដោយ​សុំ​ឲ្យ​លោក​បញ្ជាក់​ឲ្យ​ច្បាស់​ថា ដំណឹង​ស្នេហា​រវាង​កូនស្រី​និង​លោក ប៉ែន ចំ​រ៉ុង ជាការ​ពិត​ឬ​ក្លែងក្លាយ​។ លោក​បន្តថា នាង​បាន​រៀបរាប់​រឿង​ច្រើន​ពាក់ព័ន្ធ​ប៉ែន ចំ​រ៉ុង ដែល​កាន់តែ​ធ្វើ​ឲ្យ​លោក​និង​ក្រុមគ្រួសារ​មិនសូវ​សប្បាយចិត្ត​។ លោក​បន្ថែមថា ក្រៅពី​នារី​រស់នៅ​អាមេរិក ក៏មាន​នារី​វ័យក្មេង​ម្នាក់ទៀត​រស់នៅ​ភ្នំពេញ ដែល​អះអាងថា​នៅ​សិក្សា​ទូរស័ព្ទ​មក​លោក​ដូចគ្នា​និង​សុំ​ឲ្យ​លោក​កុំ​យល់ព្រម​ចំពោះ​ស្នេហា​របស់ ដា​លី​ស និង​ប៉ែន ចំ​រ៉ុង ផងដែរ​។​

​លោក​មានប្រសាសន៍ថា​៖ “​ពីរ​នាក់​គាត់​និយាយ​ច្រើន​ពី​ចំ​រ៉ុង​! ស្ដាប់​ហើយ​ញាក់សាច់​! អញ្ចឹង​ហើយ ទើប​ខ្ញុំ​ចេះតែ​បារម្ភ​ពី​សុវត្ថិ​ភា​កូន​ខ្ញុំ ព្រោះ​បើ​ពីរ​នាក់​ហ្នឹង​គាត់​អត់​អី ខ្ញុំ​មិច​ដឹងថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត ដែល​អត់​សប្បាយ​ចិត្តនឹង​ចំ​រ៉ុង​មក​ស្រឡាញ់​ដា​លី​ស គិត​អី​?”​។ លោក​ថា ធ្លាប់បាន​យក​សំឡេង​រាយ​រ៉ាប់​របស់​នារី​នៅ​អាមេរិក​ឈ្មោះ​ផល្លា ថាច់ នោះ ឲ្យ ភិន សុ​ដា​លី​ស ស្ដាប់​រួចហើយ ប៉ុន្តែ​នាង​មិនមាន​ប្រតិកម្ម ហើយ​បែរជាយក​ដំណឹង​ទៅប្រាប់​លោក ប៉ែន ចំ​រ៉ុង​។ លោក​និយាយថា​៖ “​ដល់ពេល​មាន​គេ​ខ​ល​មក​ប្រាប់​ខ្ញុំ ពី​រឿង ចំ​រ៉ុង ច្រើន​អញ្ចឹង ធ្វើ​ឲ្យ​ខ្ញុំ​កាន់​ភ័យ​នឹង​សុវត្ថិភាព ដា​លី​ស ព្រោះ​ខ្ញុំ​អត់​ដឹងថា​តើ​មុននឹង ចំ​រ៉ុង គាត់​ពាក់ព័ន្ធ​អ្នកណាខ្លះ​ទេ​!”​។​

​លោក​សម្ដែង​ការបារម្ភ​ខ្លាច​ភិន សុ​ដា​លី​ស ត្រូវ​ជន​ទី​៣​ធ្វើបាប ក្នុងពេល​ស្នេហា​របស់​ពួកគេ​កាន់តែ​បើកចំហ និង​បានបង្ហាញ​ភាព​ល្អូកល្អិន ដោយ​បើកចំហរ ព្រមជាមួយ​ការប្រកាស​រៀបការ​នៅ​អំឡុង​ឆ្នាំក្រោយ​នោះ​។ លោក​និយាយថា​៖ “​ពីរ​បី​ថ្ងៃ​ទៀត ខ្ញុំ​ឡើង​តុ​បំភ្លឺ​(​កម្មវិធី​របស់​My TV) ខ្ញុំ​នឹង​និយាយ​ពីរ​ហ្នឹង គឺ​សុំ​ឲ្យ​លោក ប៉ែន ចំ​រ៉ុង ការពារ​កូន​ខ្ញុំ និង​ទាមទារ​ឲ្យ​គាត់​ទទួលខុសត្រូវ​ចំពោះ​កូន​ខ្ញុំ​!”​។​

​នេះ​ជា​ព័​ត៌​មន​បន្ថែម​ពីលើ​អ្វីដែល​បាន​បែកធ្លាយ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​មាន​គណនី​មួយ​ឈ្មោះ​Dara Poor Man​ដែល​ត្រូវគេ​ស្គាល់​ថា ជា​មិត្ត​ជិត​ស្និ​ទ្ធិ​របស់​នារី​ឈ្មោះ ផល្លា ថាច់ បាន​យក​រូប ចំ​រ៉ុង និង​នាង​មក​បង្ហោះ​សរសេរថា​៖ “​ចុះ​នារី​ម្នាក់នេះ សើច​ឬ​យំ​?……​សំណាង​ហើយ​នាង​នៅ​ឆ្ងាយ កុំ​អី​ជួបគ្នា​ថ្ងៃ​ឡើង​ទូរទស្សន៍​បាត់ទៅហើយ​លោក ចំ​រ៉ុង​! កុំ​ភ្លេច​សងលុយ​នាង​ផង​!”​។ មានការ​ទម្លាយ​ថា នារី​នៅ​អាមេរិក​ឈ្មោះ ផល្លា ថាច់ នោះ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​លោក ប៉ែន ចំ​រ៉ុង យូរ​ក្រែល​មកហើយ ដោយ​នាង​ឧស្សាហ៍​ឡើង​ចុះ​ស្រុក​ខ្មែរ និង​មាន​អ្នកសិល្បៈ​មួយចំនួន​ដឹងឮ​ទៀតផង​។​
​ថ្ងៃនេះ មិនអាច​សុំ​ការបកស្រាយ​បានទេ​ពី​លោក ប៉ែន ចំ​រ៉ុង និង​ភិន សុ​ដា​លី​ស ប៉ុន្តែ​លោក ប៉ែន រស់ បងប្រុស​របស់លោក ប៉ែន ចំ​រ៉ុង បានទទួល​ស្គា​ល់ពី​ទំនាក់ទំនង​របស់​ប្អូនប្រុស​និង​នារី​ឈ្មោះ​ផល្លា ថាច់ រស់នៅ​អាមេរិក​។ លោក​និយាយថា​៖ “​អើ​…​រឿង​ហ្នឹង​បើ​ចង់​ច្បាស់​គឺ​ទាល់តែ​សួរ​គាត់​(​ប៉ែន ចំ​រ៉ុង​) ព្រោះ​ខ្ញុំ​ឥឡូវ​មិនសូវ​បាន​ជួប​ចំ​រ៉ុង​ទេ រវល់​មក​ធ្វើ​ចម្ការ​នៅ​សំឡូត​!”​។​

​យ៉ាងណាក៏ដោយ លោ​កថា​ម្ចាស់​គណនី​ដែល​សរសេរ​ទារលុយ​ប្អូនប្រុស​របស់លោក​នោះ អាច​ជាការ​បង្ខូចឈ្មោះ​ច្រើនជាង ដោយសារតែ​ពេលកន្លងមក លោក​មិនដែល​ដឹងថា​លោក ប៉ែន ចំ​រ៉ុង បានទទួល​ចំណែក​ណាមួយ​ពី​នារី​ឈ្មោះ ផល្លា ថាច់ ក្រៅពី​ការ​រាប់អាន​នោះទេ​។ លោក​មានប្រសាសន៍ថា​៖ “​បើ​ប្អូន​ខ្ញុំ​ជំពាក់​លុយ​អី​គាត់​មែន គាត់​ខ​ល​មក​ខ្ញុំ​ក៏បាន គ្រួសារ​ខ្ញុំ​ក៏បាន​គឺ​ពួក​ខ្ញុំ​ដោះស្រាយ​ឲ្យ​តើ ប៉ុន្តែ​ខ្ញុំ​ថា​អត់​ពិត​ទេ ព្រោះ​ត្រឹម​ប្រាក់​៥​ពាន់​មួយ​ម៉ឺន​(​ដុល្លារ​) គ្រួសារ​ខ្ញុំ​មាន​ហើយ មិន​ទៅ​ប្រឡូក​ប្រ​ឡាស់​អី​ជាមួយ​គាត់​ទេ​!”​។ លោក​ថា​ដា​លី​សនឹង​គ្មាន​បញ្ហា​ពាក់ព័ន្ធ​សុវត្ថិភាព​ដូចគ្នា ដោយសារតែ​ពេលកន្លងមក បើទោះជា​ប៉ែន ចំ​រ៉ុង មាន​អ្នក​ស្រឡាញ់​ច្រើន ក៏​លោក​ប៉ែន ចំ​រ៉ុង មិនដែល​រវីរវល់​នាំ​ឲ្យ​កើតរឿង​ស្មុគស្មាញ​៕

rtfggg