អាមេរិក៖អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Volkswagen លោក Alan Brown ប្រចាំនៅទីក្រុង Frisco រដ្ឋតិចសាស់នៅតែបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុននឹងអាចជួយសម្រួលដល់អ្នកចែកចាយ និងអតិថិជនដែលរងផលប៉ះពាល់នេះ។
រថយន្តសម្រាប់គោលដៅពាណិជ្ជកម្ម និងកូនឡានរបស់ក្រុមហ៊ុន Volkswagen រាប់ចាប់ពីម៉ូដែលដែលផលិតនៅក្នុងប្រទេសអេស្ប៉ាញផងក៏ស្ថិតនៅក្នុងចំណោមរថយន្តចំនួន១១លានគ្រឿងដែលមានបញ្ហានេះដែរ។
ចំណែកឯក្រុមហ៊ុន Volkswagen វិញបានអះអាងថា ពួកគេនឹងបង្ហាញក្រុមអាជ្ញាធរនូវដំណោះស្រាយនិងវិធានការបច្ចេកទេសដើម្បីកែខៃបញ្ហានេះឱ្យបាននៅក្នុងខែតុលានេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើយោងតាមនាយកប្រតិបត្តិ Matthias Mueller បានឱ្យដឹងថា មិនមែនរថយន្តទាំង១១លានគ្រឿងនេះសុទ្ធតែបំពាក់កម្មវិធីនេះទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Volkswagen បានសារភាពហើយថា ពិតជាបានបំពាក់កម្មវិធីមួយដើម្បីលាក់បាំងការបញ្ចេញសារធាតុពុលពិតប្រាកដមែននៅក្នុងសហរដ្ឋអាមេរិក ហើយខាងអាជ្ញាធរអាមេរិកផ្ទាល់បាននិយាយថាមានរថយន្តប្រភេទនេះរហូតដល់ ៤៨២.០០០ គ្រឿងឯណោះ៕