ភ្នំពេញះសំណុំរឿងអតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក ហុង សុខហួរ នឹងត្រូវតុលាការបើកសវនាការនៅថ្ងៃទី២ ខែតុលា នេះ ខណៈលោកមេធាវីការពារក្តីបានលើកឡើងថានឹងស្នើឲ្យចៅក្រមទម្លាក់ចោលការចោទប្រកាន់ព្រោះការចាប់ឃុំខ្លួននោះខុសនឹងនីតិវិធី។
មេធាវីការពារក្តីឲ្យមន្ត្រីបក្សប្រឆាំងអះអាងថា នឹងស្នើឲ្យចៅក្រមពិចារណាទម្លាក់ចោលការចោទប្រកាន់លើកូនក្តីរបស់ខ្លួនក្នុងអង្គសវនាការដែលគ្រោងធ្វើនៅថ្ងៃសុក្រទី២ ខែតុលា ដោយចាត់ទុកថាការចាប់ខ្លួនកូនក្តីគឺមន្ត្រីអនុវត្តច្បាប់ធ្វើឡើងខុសនីតិវិធី។
គួររំឭកថា សមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្តាលខែសីហា ក្រោយពីសមត្ថកិច្ចរកឃើញថា មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងរូបនេះ បានសរសេរនៅក្នុងហ្វេសប៊ុកដោយកែបន្ថែមពាក្យពេចន៍ខ្លះខុសពីខ្លឹមសារដើមនៃសន្ធិសញ្ញាព្រំដែនជាមួយវៀតណាមឆ្នាំ១៩៧៩។
ពីរថ្ងៃក្រោយមក តុលាការបានសម្រេចឃុំបណ្តោះអាសន្នលើជនត្រូវចោទរូបនេះ៊ នៅពន្ធនាគារព្រៃស រង់ចាំសវនាដែលគេដឹងថារងការចោទប្រកាន់ចំនួន៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ នេះ៕ដោយ៖ខេមរា
សមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ( ពាក់អាវធំក្រវ៉ាត់ក ) ពេលសមត្ថកិច្ចនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥