ភ្នំពេញ: មនុស្សមួយក្រុម ដែលគេដឹងថាស្និទ្ធនឹងគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២ តុលា នេះ បានមកប្រមូលផ្តុំគ្នាតវ៉ានៅមុខស្ថាប័នតុលាការក្រុងភ្នំពេញ ខណៈដែលអង្គចៅក្រមនៃសាលាក្តីនេះកំពុងដំណើរការសវនាការជំនុំជម្រះលើស់ំណុំរឿងក្តីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិ។
តាមនីតិវិធី នៅព្រឹកថ្ងៃទី២ ខែតុលានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងក្តីលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ពីបទចោទប្រកាន់ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
គួររំឭកថា លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅក្រោយពេលដែលលោកបានបង្ហោះតាមហ្វេសប៊ុកនូវឯកសារក្លែងពីសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤។
ក្រុមអ្នកតវ៉ាមួយក្រុមនៅមុខស្ថាប័នតុលាការ ក៏បានលើកបដា និងរូបថតលោក ហុង សុខហួរ អមដោយសម្រែកបំពងឧគ្ឃោសនស័ព្ទទាមទារឲ្យដោះលែងលោក ហុង សុខហួរ ផងដែរ។
តុលាការបានចោទប្រកាន់លោក ហុង សុខហួរ ចំនួន ៣ បទល្មើស៖ ទី១ បទក្លែងឯកសារសាធារណៈ ទី២.បទប្រើប្រាស់ឯកសារក្លែងសាធារណៈ និងទី៣.បទញុះញង់បង្កឲ្យមានភាពវ៉ឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម ដែលចែងឲ្យផ្តន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ ៣បទល្មើសនេះ ដោយសារតែលោក ហុង សុខហួរ បានក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤។
សូមជម្រាបថា លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តុលាការបានសម្រេចឃុំខ្លួនលោក ហុង សុខហួរ ដាក់ពន្ធនាគារព្រៃស។
ទោះជាយ៉ាងនេះក្តី ក៏នៅព្រឹកថ្ងៃដដែលនេះ នៅមិនទាន់មានសេចក្តីរាយ ការណ៍ពិស្តាស្តីពីលទ្ធផលនៃអង្គជំនុំជម្រះនៅឡើយទេ៕ដោយ៖ខេមរា