ខេត្តបន្ទាយមានជ័យ៖ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ជង់ ឡឹម បានថ្លែងនៅក្នុងការផ្សព្វផ្សាយទិវាទេសចរណ៍ពិភពលោកកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៥នេះ ភ្ញៀវបរទេសចូលមកទស្សនាប្រទេសកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែត មានចំនួន ២៩៦.៧១៥ នាក់។ ក្នុងនោះភ្ញៀវជនជាតិថៃច្រើនជាងគេ មានជាង ៦ ម៉ឺននាក់ ជនជាតិរុស្ស៊ីជាង ៥ម៉ឺននាក់ ក្រៅពីនោះគឺ ភ្ញៀវជនជាតិចិន អង់គ្លេស អាម៉េរិក ឥណ្ឌូណេស៊ី អាល្លឺម៉ង់ បារាំង កូរ៉េខាងត្បូង ជប៉ុន។ ល។ គឺបានថយចុះ ១២,១៧% បើធៀបនឹងឆ្នាំមុន។
ប្រធានមន្ទីររូបនេះបានបន្តថា ភ្ញៀវទេសចរក្នុងស្រុក ដែលបានធ្វើដំណើរកម្សាន្តក្នុង ពិធីបុណ្យទាននិងថ្ងៃសម្រាកពីការងារមានចំនួនជាង ៣,៣ សែននាក់ គឺកើនជាង១២ភាគរយ។ លោក ជង់ ឡឹម ក៏បានលើកឡើងពីការខិតខំកែលម្អកាន់តែមានភាពប្រសើរឡើងការយកចិត្ត ទុកដាក់នៃសេវាបម្រើភ្ញៀវ តាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ខារ៉ាអូខេ ក្លឹបកម្សាន្ត ម៉ាស្សា និង ស្ប៉ា និងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ ធម្មជាតិ និងកែច្នៃ និងសហគមន៍ទេសចរណ៍ និងការពង្រឹងអនុវត្តន៍គោលនយោបាយវិស័យទេសចរណ៍៕