មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​ការលើក ឡើង​របស់​បក្ស​ប្រឆាំង​ជុំវិញ​ទំនាក់ ទំនង​កម្ពុជា​-​ចិន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ប្រតិកម្ម​តប​ទៅលើ​ការលើកឡើង​របស់​គណ​បក្សប្រឆាំង​ជុំវិញ​ទំនាក់ទំនង កម្ពុជា​-​ចិន​។ មន្ត្រី​ទាំងនេះ​យល់ថា ចិន​មិនមែនជា​ដៃគូ​បិសាច​របស់​កម្ពុជា នោះទេ ផ្ទុយទៅវិញ ចិន​កំពុង​ចូលរួម​ជួយ​កម្ពុជា ឲ្យ​មានការ​អភិវឌ្ឍ​ទៅមុខ​។​

​ប្រតិកម្ម​តប​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​គណបក្សប្រឆាំង​លើកឡើងថា ប្រទេស​កម្ពុជា អាច​ក្លាយ​ជង្រុក​នៃ​ការ​កេងចំណេញ​របស់​ប្រទេស​ចិន ប្រសិនបើ​កម្ពុជា មិន​ធ្វើ​នយោបាយ​ការទូត​ជាមួយ​ចិន ដោយ​ប្រុងប្រយ័ត្ន​ទេនោះ​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១៥ ខែតុលា ថា លោក​ព្រួយបារម្ភ​ពី​ការបាត់បង់​តុល្យភាព​ជាមួយ​ប្រទេស​មហាអំណាច និង​អព្យាក្រឹតភាព​របស់​ប្រទេស​កម្ពុជា នៅលើ​នយោបាយ​ការបរទេស ស្រប​ពេលដែល​កម្ពុជា បង្ហាញ​ពី​ការ​ទោរទន់​ទៅរក​ប្រទេស​ចិន​។ លោក​ថា កម្ពុជា​គួរប្រកាន់​នយោបាយ​អព្យាក្រឹត​ក្នុង​នយោបាយ​ការបរទេស​របស់ខ្លួន​។​

ទោះបីជា​បែបនេះ​ក្ដី អ្នកនាំពាក្យ​ក្រសួងការបរទេស លោក ជុំ សុន្ទរី ឆ្លើយតប​ថា ប្រទេស​កម្ពុជា កំពុង​ប្រកាន់​នយោបាយ​អព្យាក្រឹត ដោយ​ផ្អែក​ទៅតាម​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។ លោក​បន្តថា ប្រទេស​កម្ពុជា បើកចំហ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក ហើយ​ថា ប្រទេស​ចិន ក៏បាន​គោរព​អធិបតេយ្យភាព ហើយ​មិនដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៖ «​នយោបាយ ការបរទេស​របស់​យើង​ទាំងអស់ គឺ​យើង​ស្វាគមន៍​ទាំងអស់ ទាំង​ជំនួយ ទាំង​វិនិយោគ ទុន​មកពី​គ្រប់​ទិស​ទាំងអស់ ពិសេស​ការ​លើកឡើងថា ការទទួល​ជំនួយ​របស់​ចិន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការគោរព​សិទ្ធិមនុស្ស ជាការ​លើកឡើង​ដែល​មិន​ត្រឹមត្រូវ​»​។​

​លោក សុន ឆ័យ ក៏បាន​ថ្លែង​ផងដែរ​ថា នៅពេលដែល​ប្រទេស​កម្ពុជា មាន​ប្រាក់​បំណុល​របស់​ចិន ច្រើន អាចធ្វើ​ឲ្យ​បាត់បង់​ឯករាជ្យភាព​ន​យោ​បាយ ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​ជាតិ​។​

យ៉ាងណាមិញ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផល​វរុណ អះអាងថា កម្ពុ​ជាមាន​សមត្ថភាព​ការពារ​សន្តិភាព ហើយ​លោក​ព្រមាន​ដល់​គណបក្សប្រឆាំង ថា​នឹងត្រូវ​ទទួលខុសត្រូវ ប្រសិនបើ​គណបក្សប្រឆាំង​ធ្វើ​នយោបាយ​យក​បរទេស​ជា​ខ្នងបង្អែក ដើម្បី​ក្រឡុក​ប្រជាជន​ខ្លួនឯង​៖ «​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា ឈរលើ​រដ្ឋធម្មនុញ្ញ អព្យាក្រឹត អចិន្ត្រៃយ៍ ដូច្នេះ​វា​គ្មាន​បញ្ហា​អ្វី​ដូច​បក្សប្រឆាំង​ទេ​។ ផ្ទុយទៅវិញ គណបក្សប្រឆាំង​ខ្លួនឯង​នឹងត្រូវ​រដ្ឋអំណាច​បង្ក្រាប​ជាបន្ទាន់ បើសិនជា​បក្សប្រឆាំង​ធ្វើ​នយោបាយ​ឧទ្ទាម​និយម បំផ្លាញ​សន្តិភាព ដោយ​យក​មហាអំណាច​ណាមួយ​នៅ​ពីក្រោយ​ខ្នង ដូច​ឆ្នាំ​២០១៣​។ អីចឹង​កម្ពុជា មាន​សមត្ថភាព​ការពារ​សន្តិភាព មិន​ដូច ប៉ុល ពត មិន​ដូច​លន់ នល់ ហើយ​មិន​ដូច​លោក សម រង្សី លោក កឹម សុខា​»​។​

​លោក សុន ឆ័យ ក៏បាន​បញ្ជាក់ដែរថា បើទោះបីជា​ប្រទេស​ចិន ផ្ដល់ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់កម្ចី​ច្រើនសន្ធឹក​សន្ធាប់​ដល់​ប្រទេស​កម្ពុជា ក៏ដោយ ក៏ប៉ុន្តែ​ប្រទេស​ចិន ភាគច្រើន “​កោរ​ខ្មែរ​មិន​ដាក់​ទឹក​” តាមរយៈ​នយោបាយ​កេងប្រវ័ញ្ច​៖ «​គេ​អាច​យក​រ៉ែ​ដែក​ពី ប្រទេស​យើង​ទៅ ដោយ​មិនបាច់​បង្កើតជា​ក្រុមហ៊ុន ចែក​ភាគហ៊ុន​ទេ​។ ជា​របៀប​ដោះដូរ​គ្នា​រវាង​សម្ភារៈ​យោធា និង​ធនធាន​របស់​យើង​»​។​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ច្រានចោល​ការអះអាង​នេះ​។ លោក ផៃ ស៊ី​ផាន ហៅ​តំណាងរាស្ត្រ​បក្សប្រឆាំង​រូបនេះ​ថា ជា “​មេ​ភរ​”​។ លោក​ពន្យល់ថា ប្រទេស​ចិន តាមរយៈ​ជំនួយ​អភិវឌ្ឍន៍ និង​ប្រាក់កម្ចី បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មានការ​អភិវឌ្ឍ​។​

លោក​បន្ថែមទៀតថា ប្រទេស​ចិន ក៏បាន​ចូលរួមចំណែក​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា អាច​ដើរ​ទាន់​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន ដើម្បី​អាច​ប្រកួតប្រជែង​ពេល​សមាហរណកម្ម​អាស៊ាន​មកដល់​៖ «​ឯកឧត្ដម សុន ឆ័យ និយាយ​ទៅ​ឲ្យ​តែ​ពីរោះ​ស្ដាប់ទៅ​ទេ ខ្ញុំ​អត់​ទទួលយក​ទេ ដូចជា​និយាយថា ដឹក​រ៉ែ​ពី​ព្រះវិហារ ទៅ​ស្រុក​ចិន​។ បង្ហាញ​ដឹក​ទៅ​ពេលណា​? ដឹក​ទៅក្នុង​លក្ខណៈ​ជា​ពាណិជ្ជកម្ម ឧស្សាហកម្ម នៅពេលណា​? មេ​ភរ បក្ស​ហ្នឹង​បក្ស​ភរ​ទេ​»​។​

​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) នៅ​ថ្ងៃទី​១៥ ខែតុលា កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​ពហុកីឡាដ្ឋាន “​មរតក​តេ​ជោ​” កិច្ចព្រមព្រៀង​ផ្ដល់​ថវិកា កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កៅស៊ូ កិច្ចព្រមព្រៀង​បណ្ដុះបណ្ដាល​វិនិយោគ និង​កសិឧស្សាហកម្ម និង​កិច្ចព្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា ក្នុង​មួយឆ្នាំៗ ១០​ម៉ឺន​តោន ដោយ​ចាប់ផ្ដើម​ពី​ឆ្នាំ​២០១៦ ទៅ​។ ប្រទេស​ចិន នឹង​ផ្ដល់​ជំនួយឥតសំណង់​ដល់​ប្រទេស​កម្ពុជា ប្រមាណ ១​ពាន់​លាន​យ័ន ឬ​ស្មើ​ជាង ១៥៧​លាន​ដុល្លារ​៕

ប្រ​ភ​ព៖ អែ​អេ​ហ្វ​អា

dxszwww

លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​ (Xi Jinping) កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី១៥ តុលា ​បាន​បើក​ជំនួប​ក្រៅ​ផ្លូវ​ការ​ដាច់​ ដោយ​ឡែក​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​វិមាន​ប្រជាជន​ចិន។​ ក្រោយ​ជំនួប​ ចិន​បាន​សម្រេច​ចុះ​ហត្ថលេខា​ចំនួន​៥​ជាមួយ​នឹង​កម្ពុជា​ និង​ផ្តល់​ជំនួយ​ឥត​សំណង​១​ពាន់​លាន​យ័ន​ដែល​ស្មើ​នឹង​ប្រមាណ​១៥៧​លាន​ ដុល្លារ​អាមេរិក។​

hgbyghh

២១-​ធ្នូ​-០៩: លោក​អនុ​ប្រធានាធិបតី​ចិន ស៊ី យិន​ពីង (Xi Jinping) [​ឆ្វេង​] និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុង​រាជធានី​ភ្នំពេញ