កណ្តាល៖អ្នកបើកម៉ូតូសណ្តោងរ៉ីម៉កម្នាក់បានរងរបួសបាក់ភ្លៅម្ខាង កាលពីវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ដោយសាររថយន្តម៉ាក LAND CRUISER ពណ៍ស្ករ ពាក់ផ្លាកលេខ ព្រឹទ្ធសភា3 2-058 បានបុកពេញទំហឹងក្នុងទិសឥដៅច្រាសគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចស្តុបផ្លូវ២១ កែង១១០ មុខស្ថានីយិ៍ប្រេងឥន្ធនៈតេលា ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នៅវេលាម៉ោងដូចខាងលើ ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចាក់អង្រែលើដើម្បីសង្គ្រោះបន្ទាន់។
មន្ត្រីនគរបាលមួយរូបបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ម៉ី វណ្ណា ភេទប្រុស អាយុ៤៨ឆ្នាំ (បាក់ភ្លៅខាងឆ្វេង)មានទីលំនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។រីឯអ្នកបើករថយន្តបង្កបានចុះពីលើរថយន្តរត់គេចបាត់ពីកន្លែងកើតហេតុ។
មន្ត្រីដដែលបានដកស្រង់សំដីសាក្សីថា មុនពេលកើតមានគ្រោះថ្នាក់នេះឡើង គេបានឃើញ រថយន្ត១គ្រឿង ម៉ាក LAND CRUISER ពណ៌ស្ករ ពាក់ស្លាកលេខព្រឹទ្ធសភា3 2-058 ក្នុងល្បឿនលឿន ធ្វើដំណើរក្នុងទិសដៅចុះពីរង្វង់មូលពីជើងមកត្បូង (បត់ឆ្វេង) លុះមកដល់ចំណុចខាងលើក៏បុកម៉ូតូសណ្តោងរ៉ឺម៉កម៉ាក Citi100 កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ករងរបួសធ្ងន់ដោយបាក់ភ្លៅខាងឆ្វេង។
ក្រោយពេលកើតហេតុភ្លាមៗ គេឃើញសមត្ថកិច្ចបាននាំរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងស្វែងរកអ្នកបើកបររថយន្តដែលពាក់ស្លាកលេខព្រឹទ្ធសភាឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕ដោយះ គ.បញ្ញា