រតនគិរី៖ទីតាំងមួយចំនួនក្នុងស្រុក អូយ៉ាដាវ ត្រូវបានមនុស្សមួយក្រុម ក្នុងនោះក៏មានជនជាតិវៀតណាមផងដែរ បាន និងកំពុងជីករូងក្នុងរណ្តៅដីរុករកមាសយ៉ាងអនាធិបតេយ្យ ប៉ុន្តែជាយូរមកហើយមិនឃើញមានសមត្ថកិច្ចណាចុះទៅហាមឃាត់ឡើយ។
ក្នុងហ្វេសប៊ុករបស់លោក ឆាយ ធី ប្រធានអង្គការ ADHOC ប្រចាំខេត្តរតនគិរី លោកបានសរសេរថា មានជនល្មើសមួយចំនួនក្នុងនោះ ក៏មានជនជាតិវៀតណាមផងដែរ បាន និងកំពុងលួចជីករ៉ែមាសយ៉ាងអនាធិបតេយ្យ ក្នុងស្រុកអូរយ៉ាដាវ ដោយប្រើម៉ាស៊ីនកិនដីរ៉ែមាសយ៉ាងគគ្រឹកគគ្រេងពេញព្រៃដោយមិនមានអាជ្ញាធរខេត្ត ឬសមត្ថកិច្ចជំនាញចុះបង្ក្រាបឡើយ។
សំណេរក្នុងហ្វេសប៊ុកដដែលបន្តថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ អង្គការ ADHOC ខេត្តរតនគិរី បានចុះស៊ើបអង្កេតឃើញថា មានការដាក់ម៉ាស៊ីនកិនបំបែកដីរ៉ែមាសយ៉ាងអនាធិបតេយ្យ រាប់សិបគ្រឿង ពេញតំបន់ព្រៃមាសតែម្តង ស្ថិតនៅភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងនោះក៏មានជនជាតិវៀតណាមមួយចំនួនផងដែរ។
ប្រភពដដែលបញ្ជាក់ថា នៅពេលដែលមន្ត្រីអង្គការ ADHOC ចុះទៅដល់កន្លែងជីករ៉ែមាសនោះ ពួកគេ បានរត់គេចចោលម៉ាស៊ីនដែលកំពុងតែកិនរ៉ែមាសទាំងនោះ ដោយបន្សល់ទុកឧបករណ៍ និងសម្ភារៈមួយចំនួនប៉ុណ្ណោះ។
មន្ត្រីអង្គការ អាដហុក លោក ឆាយ ធី បានអំពាវនាវសុំឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ចំពោះករណីជីករ៉ែមាសយ៉ាងអនាធិបតេយ្យទាំងនោះ បើមិនដូច្នោះទេ ភាពអនាធិបតេយ្យនឹងរីករាលដាលបង្កជាវិនាសកម្មដល់សម្បត្តិធម្មជាតិយ៉ាងធ្ងន់ធ្ងរជាមិនខានឡើយ៕ ដោយ៖ភិរ៉ានន្ទ