ភ្នំពេញ៖ខណៈនៅភ្នំពេញមានបាតុកម្មប្រឆាំងនឹងលោក កឹម សុខា នៅឯព្រំដែនភាគខាងលិចប្រទេស ក៏មាននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងបំពេញភារកិច្ចជាឆ្មាំការពារព្រំដែនកម្ពុជាជាប់ប្រទេសថៃ បានធ្វើញ្ញត្តិស្នើសុំសម្តេច ហេង សំរិន ប្រធាន រដ្ឋសភា និងអ្នកតំណាងរាស្ត្រទាំងអស់ឲ្យដកលោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា។
ញ្ញត្តិ ដែលបានដាក់ទៅសម្តេចប្រធានរដ្ឋសភាបានសរសេរថា “យើងខ្ញុំទាំងអស់គ្នា បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុតអំពីសភាពការណ៍នយោបាយរបស់ ប្រទេសជាតិ និងបានមើលឃើញពីសកម្មភាពដ៏ពិសពុលរបស់លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងធ្វើការឃោសនាបើកប្រាស់ប្រជាពលរដ្ឋ ញុះញង់អុចអាលលាបពណ៌ បង្កកំហឹងរើសអើងពូជសាសន៍ និងឈានទៅបង្កសង្គ្រាមផ្ទៃក្នុង ដែលមិនសមជាទង្វើថ្នាក់ដឹកនាំ នៃស្ថាប័នកំពូលរបស់ជាតិ។ ដើម្បីសុខសន្តិភាពរបស់ប្រទេសជាតិ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមធ្វើការអំពាវនាវដល់សម្តេចប្រធានរដ្ឋសភា និងអ្នកតំណាងរាស្ត្រទាំងអស់ មេត្តាដកលោកកឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភា ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ យើងខ្ញុំសង្ឃឹមថា សម្តេចប្រធាន និងអ្នកតំណាងរាស្ត្រទាំងអស់ នឹងចាត់វិធានការតាមការស្នើសុំរបស់យើងខ្ញុំ និងប្រជាពលរដ្ឋទាំងអស់ជាក់ជាមិនខាន”។
កាលពីព្រឹកថ្ងៃទី២៦តុលានេះ ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភាជាតិចាប់តាំងពីព្រឹកព្រលឹមរហូតដល់វេលាថ្ងៃត្រង់ ដើម្បីទាមទារឲ្យដកលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចេញពីតំណែងអនុប្រធានរដ្ឋសភាជាតិ។
ការទាមទារនេះត្រូវក្រុមបាតុករអះអាងថា រយៈពេលកន្លងមកនេះ លោក កឹម សុខា អនុប្រធានរដ្ឋសភា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពឃោសនា បោកប្រាស់ ញុះញង់ បំបែកបំពាក់ បង្កអស្ថិរភាពជាតិ ព្រមទាំងធ្វើការអុកឡុកបង្កឲ្យមានកំហឹងពូជសាសន៍ និងអាចឈានបង្កឲ្យមានសង្គ្រាម កើតមានក្នុងផ្ទៃប្រទេសទៀតផង ដែលសកម្មភាពទាំងនេះ ពិតជាមិនស័ក្តិសមជាថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិនោះទេ។
តាមសេចក្តីរាយការណ៍ក្រោយពេលកើតហេតុភ្លាមៗបានឲ្យដឹងថា រហូតមកដល់វេលាម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី២៦តុលានេះ នៅពេលអ្នកតំណាងរាស្ត្រចេញពីកិច្ចប្រជុំរដ្ឋសភា ក្រុមបាតុករបានវាយតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ញ៉យ ចំរើន និងលោក គង់ សុភា បណ្តាលឲ្យរបួសយ៉ាងដំណំ។ លោក ញ៉យ ចំរើន បានសន្លប់ បែកភ្នែកម្ខាង បាក់កដៃ និងបាក់ខ្ទង់ច្រមុះ។ក្រុមបសតុករ ក៏បានបន្តដំណើរទៅស្រែកដិះដៀលដល់មុខផ្ទះលោក កឹម សុខា និងបានប្រើពាក្យអសុរោះឲ្យលោក កឹម សុខា ចេញមកខាងក្រៅផ្ទះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ បានចាត់ទុកហិង្សាដែលបណ្តាលឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបរងរបួសជា”រឿងនឹកស្មានមិនដល់” ហើយថាបាតុកម្មប្រឆាំងលោក កឹម សុខា មិនបានសុំការអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលនូវការលើកឡើងរបស់លោក សម រង្ស៊ី ដែលថា បាតុករទាំងនោះជាក្រុមបាតុករដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជា។
ក្រោយមានព្រឹត្តិការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ទាំងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងស្ថានទូតសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់ដោយឡែកពីគ្នា និងទាមទារឲ្យសមត្ថកិច្ចវែកមុខរកជនដៃដល់យកមកផ្តន្ទាទោសឲ្យខាងតែបាន។
ទោះជាយ៉ានេះក្តី ប្រធានរដ្ឋសភា សម្តេច ហេង សំរិន នៅមិនទាន់មានការឆ្លើយតបបែបណានៅឡើយទេ ចំពោះកាស្នើសុំដកតំណែងលោក កឹម សុខា ពីសំណាក់បាតុករ និងពីកងកម្លាំងប្រដាប់អាវុធការពារព្រំដែនកម្ពុជា៕ដោយ៖ខេមរា