ភ្នំពេញ៖តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបដែលរងការវាយប្រហារឲ្យរងរបួសកាលពីថ្ងៃចន្ទ ទី២៦តុលា ត្រូវបានគណបក្សរៀបចំបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយគេអះអាងថាបានរងរបួសធ្ងន់ធ្ងរ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃអង្គារ ទី២៧ នេះថា គណបក្សសង្គ្រោះជាតិសម្រេចបញ្ជូនតំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក គង់ សភា និងតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ញ៉យ ចំរើន ទៅព្យាបាលនៅក្រៅប្រទេស ដោយមានរបួសធ្ងន់ និងមានបាក់ឆ្អឹងជាច្រើនកន្លែង។ លោកបន្តថា៖ “នៅក្នុងវិមានរដ្ឋសភា លោក ញ៉យ ចំរើន រង់ចាំរថយន្តពេទ្យ សង្គ្រោះបន្ទាន់ ជិត២ម៉ោង តែនៅតែគ្មានរថយន្តមកដល់។ យើងបានសម្រេចនាំគាត់មកស្នាក់ការគណបក្ស ដើម្បីទទួលបានការសង្គ្រោះបន្ទាន់ រួចបានបញ្ជូនលោកទាំងពីរទៅថត”។ លោកបន្ថែមថា៖ “សេចក្ដីសម្រចចុងក្រោយ ត្រូវបញ្ជូនលោកទាំងពីរទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់ នៅព្រឹកថ្ងៃទី២៧ តុលា ២០១៥ នេះ”។
គួររំឭកថា កាលពីព្រឹកថ្ងៃចន្ទ ទី២៦ តុលា ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលប្រឆាំងនឹងលោក កឹម សុខា បានធ្វើបាតុកម្ម និងដាក់ញត្តិជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីឲ្យដកតំណែងអនុប្រធានរដ្ឋសភាពីលោក កឹម សុខា ដោយពួកគាត់ចាត់ទុកថាលោក កឹម សុខា ជា”មនុស្សបោកប្រាស់ ក្រឡេចក្រឡុក និងជាអ្នកដែលនាំទុក្ខដល់ប្រជាពលរដ្ឋ”។លុះដល់វេលាថ្ងៃត្រង់ក្នុងថ្ងៃដដែល មានមនុស្សមួយក្រុមបានប្រើហិង្សាលើតំណាង២រូបគឺលោក ញ៉យ ចំរើន និងលោកគង់ សុភា ខណះអ្នកតំណាងរាស្ត្រទាំង២នាក់នោះចេញពីប្រជុំសភាតាមទ្វារក្រោយ។
ក្រោយពីមានហិង្សាកើតឡើងលើតំណាងរាស្រ្ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសនិងចាត់ទុកអំពើហិង្សាដែលកើតមានមកលើតំណាងរាស្ត្រ របស់ខ្លួននេះថា ជាអំពើព្រៃឃោរឃៅ និងរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។
លោក គង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលរងនូវអំពើហិង្សាបណ្តាលឲ្យរងរបួសនោះ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ពេលលោកចេញពីរដ្ឋសភាមានបុរសម្នាក់រត់មកឈរពីខាងមុខរថយន្តរបស់ លោក ហើយបុរសនោះបានទាញទ្វាររថយន្តរបស់លោកនិងបានទាញរូបលោកចេញពីរថយន្ត រួចវាយដំរូបលោកជាមួយបក្សពួកផ្សេងទៀត។ លោកក៏បានសម្តែងការខកចិត្តចំពោះសមត្ថកិច្ចចរាចរណ៍ដែលមានវត្តមាននៅក្បែរនោះ និងមិនបានជួយអន្តរាគមន៍ទប់ស្កាត់អំពើហិង្សានេះ។
នៅប្រទេសបារាំង កាលពីល្ងាចថ្ងៃទី២៥ខែតុលា ក្នុពិធីជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅទីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បាតុកម្មប្រឆាំងលោកនៅបារាំងគឺជាសិទ្ធិប្រជាពលរដ្ឋ ហើយបាតុកម្មប្រឆាំងលោក កឹម សុខា នៅទីក្រុងភ្នំពេញក៏ជាសិទ្ធិរបស់ប្រជាពលរដ្ឋដូចគ្នាដែរ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា៖“បើលេងកុំខឹង បើខឹងកុំលេង បើគេលេងនៅភ្នំពេញវិញ កុំខឹងនឹងគេ ហើយលេងហ្នឹងប្រហែលជាអស់តំណែងអនុប្រធានសភាទៀត”។
ចំណែក លោក កឹម សុខា បានអះអាងថា សមត្ថកិច្ចមិនបានអើពើធានាសុវត្ថិភាពរូបលោកនិងក្រុមគ្រួសារនៅគេហឋាន ករណីបាតុកម្មទាមទារឲ្យលោកចុះចេញពីតំណែង ដោយលោកថា បើទោះជាមានការសុំអន្តរាគមន៍ក៏ដោយ៕ដោយ៖ខេមរា
(រូបថតពីហ្វេសប៊ុករបស់លោក យ៉ែម បុញ្ញឫទ្ធិ)