ភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋដែលមានរថយន្តធុនធំ ឬធុនបែនគ្មានបង់ពន្ធនាំចូលហើយរកស៊ីដឹកទំនិញ ឬដឹកអាចម៍ដីនៅជុំវិញរាជរាធនីភ្នំពេញ និងខេត្តនានាបានប្រមូលផ្តុំគ្នានៅមុខទីស្តីការក្រសួងសារធារណការ និងដឹកជញ្ជូន កាលវេលាម៉ោង ១០:០០ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ប្រយោជន៍ស្នើឲ្យស្ថាប័នគយ មេត្តាបន្ធូរបន្ថយ និងពន្យារពេលបង់ពន្ធទៅលើរថយន្តរបស់ពួកគាត់។
នៅមុខទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ជិតរមណីយដ្ឋានវត្តភ្នំ កាលពីព្រឹកមិញនេះ មានប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តបែនធុនធ្ងន់បានមកជួបជុំគ្នាដាក់លិខិតស្នើសុំទៅរដ្ឋមន្ត្រីដើម្បីឲ្យមានការបន្ធូរបន្ថយ ឬពន្យារពេលបង់ប្រាក់ពន្ធនាំចូលលើរថយន្តរបស់ពួកគាត់។
ការប្រមូលផ្តុំគ្នានេះ ធ្វើឡើងនៅក្រោយពេលដែលស្ថាប័នគយ និងរដ្ឋាករ បានចុះបង្ក្រាបរឹបអូសយករថយន្តដែលមិនបានបង់ពន្ធត្រឹមត្រូវ រថយន្តចង្កូតស្តាំ ពិសេសគឺការបង់ពន្ធនាំចូល។
បងប្រុសម្នាក់ដែលមកចូលក្នុងការតវ៉ានេះបានបញ្ជាក់ថា ពួកគាត់មានលទ្ធភាពតិចតួច បានយកប្លង់ដី-ផ្ទះទៅបញ្ចាំនៅធនាគារ យកប្រាក់ទៅទិញរថយន្តនេះ ដើម្បីធ្វើអាជីវកម្មដឹកដី ឬទំនិញ ដោយបង់រំលោះអោយទៅធនាគារជារៀងរាល់ខែ រហូតមកដល់ពេលនេះមិនរួចបំណុលនៅឡើយទេ ប៉ុន្តែរថយន្តមានភាពទ្រុឌទ្រោមស្ទើរអស់ទៅហើយ គឺរកមួយថ្ងៃបានត្រឹមមួយថ្ងៃទប់ទល់នឹងជីវភាពប្រចាំថ្ងៃ និបំណុលធនាគារតែប៉ុណ្ណោះ។
នៅក្នុងលិខិតដែលពួកគាត់បានបង្ហាញ មេគង្គប៉ុស្តិ៍ បានសរសេរថា «ពួកយើងទាំងអស់គ្នាបានសំណូមពរ ៣ចំណុច ៖
១, សូមមេត្តា កុំអោយកែចង្កូតពីស្តាំ ទៅឆ្វេង
២, សូមមេត្តា បន្ធូរបន្ថយតំលៃពន្ធត្រឹម ៥០% និងកុំគិតការផាកពិន័យ ទាំងរថយន្តដែលបានឃាត់ទុក និងរថយន្តដែលមិនទាន់បានឃាត់ទុក។
៣, មេត្តាផ្អាកប្រត្តិបត្តិការចុះចាប់រថយន្ត តាមផ្លូវ តាមផ្ទះជាបណ្តោះអាសន្ត ដើម្បីអោយពួកខ្ញុំមានឪកាសបានរកប្រាក់ចំណូលដើម្បីបង់ពន្ធជូនរដ្ឋ និងធនាគារ។
នៅវេលាជិតថ្ងៃត្រង់នាថ្ងៃដដែល បងប្អូនប្រជាពលរដ្ឋទាំងនោះ បាននាំគ្នារំសាយខណៈ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងស្ថាប័នគយ នៅមិនទាន់បញ្ជាក់ពីដំណោះស្រាយលើសំណូមពរនោះនៅឡើយ។
គួរបញ្ជាក់ថា កន្លងមកមានរថយន្តដឹកទំនិញធុនធ្ងន់ ឬធុនបែនខុសច្បាប់ជាច្រើនគ្រឿងបានចរាចរណ៍ធ្វើអាជីវកម្មនៅទូទាំងប្រទេស ក្នុងនោះមានរថយន្តខ្លះមិនបានបង់ពន្ធនាំចូលត្រឹមត្រូវនោះទេ ហើយក្នុងចំណោមរថយន្តដែលមិនបានបង់ពន្ធនាំចូលខ្លះនោះគឺដោយសារម្ចាស់រថយន្ត បានទិញរថយន្តកាប់សាច់ដែលក្រុមហ៊ុនមួយចំនួនបានឃុប ឃិតជាមួយស្ថាប័នគយ នាំចូលរថយន្តចង្កូតស្តាំកាប់សាច់(កាត់ ត) ដោយចុះបញ្ជីបង់ពន្ធនាំចូលដាក់ថាជាគ្រឿងបន្លាស់ចាស់ៗ ឬដែកអេតចាយ ។ពួកគាត់បានទិញឡានកាប់សាច់យកទៅតភ្ជាប់ និងបណ្តុះបែន(ស្ទូច)ដោយខ្លួនឯង រួចធ្វើចរាចរណ៍ដឹកជញ្ជូនតែម្តង ដោយមិនចាំបាច់បង់ពន្ធនាំចូល ហើយក៏គ្មានឯកសារត្រឹមត្រូវណាសម្រាប់បំពេញបែប បទបង់ពន្ធផ្លូវនោះដែរ ៕ ដោយ៖គ.បញ្ញា