ពលរដ្ឋនៅកំពង់ត្រាចចោទថាក្រុមហ៊ុនបូមទឹកកខ្វក់ឲ្យពួកគាត់ប្រើប្រាស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2024 ក+ ក-

(ខេត្តកំពត)៖ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនឯកជនមួយនៅស្រុកកំពង់ត្រាចកំពុងផ្ទុះការរិះគន់និងបង្ហោះតាមបណ្ដាញសង្គមយ៉ាងផុលផុសជាបន្តបន្ទាប់។ដោយសារតែក្រុមហ៊ុនផលឹតទឹកស្អាតមួយនេះបូមទឹកលក់ឲ្យពលរដ្ឋនៅផ្សារស្រុកកំពង់ត្រាចខេត្តកំពតមិនបានគ្រប់គ្រាន់តាមតម្រូវការ។ ប្រជាពលរដ្ឋថាជាពិសេសគឺក្រុមហ៊ុនបានបូមទឹកបាតព្រែកដែលគ្មានអនាម័យយកមកឲ្យពលរដ្ឋប្រើមិនកើត។

លោក កុង គៀត ជាអ្នកលក់កាហ្វេនៅផ្សារកំពង់ត្រាចបាននិយាយកាលពីព្រឹកថ្ងៃទី១៧ មេសា ឆ្នាំ២០២៤នេះថាទឹកស្អាតមានតែឈ្មោះស្អាតទេ។តែប្រើមិនកើតដោយសារតែទឹកនោះហូរតិចៗហើយកខ្វក់ និងមានក្លិនស្អុយទៀតផង។រីឯចែសុភ័ក្ត្រនៅភូមិកំពង់ត្រាចទី១និងជាអ្នកលក់គ្រឿងទេសនិយាយកាលពីព្រឹកថ្ងៃទី១៧មេសានេះដែរថាគាត់បានបង្ហោះតាមបណ្ដាញសង្គមនេះជាច្រើនដងហើយពីរឿងទឹកកខ្វក់របស់ក្រុមហ៊ុនទឹកស្អាតបានបូមទឹកបាតព្រែកឲ្យពលរដ្ឋប្រើ។ចែសុភ័ក្ត្រនិយាយប្រាប់បន្តថាការបង្ហោះតាមបណ្ដាញសង្គមរឿងបូមទឹកកខ្វក់ឲ្យប្រជាពលរដ្ឋប្រើមិនឃើញអាជ្ញាធរមកហៅប្រជាពល រដ្ឋនិងក្រុមហ៊ុនទៅធ្វើការដោះស្រាយទេឥឡូវនេះនាងឈប់និយាយហើយ។

កាលពីព្រឹកថ្ងៃទី១៧ មេសានេះលោក ក្លឹង សី ជាបុគ្គលិកក្រុមហ៊ុនទឹកស្អាតនិយាយថាក្នុងខែប្រាំងនេះពិតជាមានការខ្វះទឹកប្រើប្រាស់បន្តិចមែន។តែចាំមើលបន្តិចទៀតសិនបើខ្វះខាតទឹកមែនខាងក្រុមហ៊ុននិងមានការពិភាក្សារកដំណោះស្រាយជួនបងប្អូនប្រជាពលរដ្ឋ។លោកក្លឹងសីនិយាយប្រាប់បន្តថាចំណែកការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកមួយដែលជាអ្នកប្រើប្រាស់ទឹកស្អាតនៅភូមិទី១នៅផ្សារកំពង់ត្រាចស្រែកថាទឹកកខ្វក់នោះ។ខាងតំណាងក្រុមហ៊ុនបានចុះទៅពិនិត្យផ្ទាល់ហើយគឺទុយយោទឹកនោះគ្រាន់តែតភ្ជាប់ទុយយោទឹកស្អាតតែគាត់ជាម្ចាស់ផ្ទះមិនបានប្រើប្រាស់ទេ។លុះពេលដែលគាត់បើកប្រើស្រាប់តែបាតទុយយោចេញកំអែលចាស់តែបើគាត់បើកចោលមួយធុងពីរធុងទៅគឺថ្លាធម្មតាវិញហើយ។
ទោះជាបែបណាក៏ប្រជាពលរដ្ឋនិយាយថាបើខ្វះខាតទឹកមែនគួរតែប្រាប់ដល់ពលរដ្ឋដែលជាប្រើទឹក។ព្រោះក្រុមហ៊ុននេះទាំងទឹកទាំងភ្លើងបើអ្នកប្រើប្រាស់យឺតយ៉ាវមិនបានទៅបង់ប្រាក់សេវាលើសតែមួយថ្ងៃគឺពិន័យមួយម៉ឺនរៀល។ហើយពលរដ្ឋជាច្រើនបានឲ្យដឹងថា ពួកគាត់ក៏មានគម្រោងធ្វើការតវ៉ារឿងការពិន័យរបស់ក្រុមហ៊ុននេះផងដែរ៕
(សូមចុចបើក Link ដើម្បីទស្សនាព័ត៌មានពិស្ដារ)៖https://youtu.be/JBmWc2fQi9A