ខេត្តកោះកុង៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ តុលា ឆ្នាំ២០១៥ នេះ កងអាវុធហត្ថខេត្ត និងសមត្ថកិច្ចគយ បានស្ទាក់ឃាត់រថយន្តដឹកទំនិញធំៗ ជាង៩០គ្រឿង នៅចំណុចរង្វង់មូល អេស៊ីលីដា ក្បែរមន្ទីរពទ្យបង្អែកខេត្តកោះកុង ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលដឹកទំនិញចេញពីប្រទេសថៃ ចូលមកកម្ពុជាឆ្ពោះទៅរាជធានីភ្នំពេញ។
បើតាមសម្ដីរបស់មេការដឹកទំនិញខាងលើ បាននិយាយថា ការដឹកទំនិញទាំងនេះ មានការឯកភាពគ្នាត្រឹមត្រូវ ហើយសុទ្ធតែជាទំនិញស្របច្បាប់ទាំងអស់។
ចំណែកមន្ត្រីគយ បានឲ្យដឹងថា ក្នុងប្រតិបត្តិការស្ទាក់ឃាត់ទំនិញនេះ
លោកធ្វើឡើងដើម្បីត្រួតពិនិត្យឯកសារម្តងទៀត ឲ្យបានច្បាស់លាស់ចៀសវាងការបន្លំផ្សេងៗ ហើយបើខាងលោកពិនិត្យឃើញថា មានលិខិតស្នាមមិនត្រឹមត្រូវ ក៏លោកមិនអនុញ្ញាតឲ្យចេញដំណើរនោះដែរ៕ដោយ៖អ៊ួង វឹង