ហូលីវូដ នឹង​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​ពី​របប​ខ្មែរក្រហម​នៅ​ខេត្តសៀមរាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

​សៀម​រា​ប៖ ហូលីវូដ (Holly Wood) ដែលជា​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​ល្បី​បំផុត​របស់​សហរដ្ឋអាមេរិក នឹង​មក​ថត​ខ្សែភាពយន្ត​ស្តីពី​របប​ខ្មែរក្រហម​នៅតាម​តំបន់​មួយចំនួន​ក្នុង​ទឹកដី​ខេត្តសៀមរាប ដោយ​ចំណាយពេល​ប្រមាណ ៣​ខែ ចាប់ពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ រហូតដល់​អំឡុង​ខែមករា ឆ្នាំ​២០១៦​។​

​អែ​អេ​ហ្វ​អា បាន​សរសេរ​នៅថ្ងៃនេះ​ថា គោលបំណង​ដែល​យក​ទីតាំង​ជាច្រើន​នៅក្នុង​ខេត្តសៀមរាប នេះ គឺ​ដើម្បី​ផលិត​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ដែល​និយាយ​អំពី​សោកនាដកម្ម​ក្នុង​របប​ខ្មែរក្រហម ចាប់ពី​អំឡុង​ឆ្នាំ​១៩៧៥ រហូតដល់​ឆ្នាំ​១៩៧៩​។​

ផលិតករ​ភាពយន្ត​របស់​ក្រុមហ៊ុន​ហូលីវូដ សហរដ្ឋអាមេរិក បាន​ចូលជួប​ពិភាក្សា​ជាមួយ​
អភិបាលខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែតុលា ក្នុង​បំណង​សម្ដែង​ការគួរសម ព្រមទាំង​ស្នើសុំ​ការអនុញ្ញាត​រើសយក​ទីតាំង​នៅតាម​តំបន់​ខ្លះ​នៃ​ខេត្ត នេះ ដើម្បី​ថត​ផលិត​ជា​ភាពយន្ត​ខ្នាត​ធំ​មួយ ដែល​នឹង​ចាប់ផ្ដើម​ឡើង​នៅ​ខែក្រោយ​នេះ​។​
​ខ្សែភាពយន្ត​ខ្នាត​ធំ ដែលមាន​ចំណងជើង​ថា «​ជាដំបូង​ពួកគេ​សម្លាប់​ឪពុក​របស់ខ្ញុំ​» (The first they kill my father) គឺជា​រឿង​ដែល​និយាយ​អំពី​ជីវិត​របស់​ក្មេងស្រី​ខ្មែរ​ម្នាក់ និង​សោកនាដកម្ម​ជាច្រើន​ក្នុង​របប​ខ្មែរក្រហម នឹង​ចាប់ផ្ដើម​ដឹកនាំ​ការផលិត​ដោយ​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ម្នាក់​របស់ ហូលីវូដ គឺ​អ្នកស្រី អែន​ជេ​លី​ណា ចូ​លី ភី​ត (Angelina Jolie-Pitt) នៅលើ​ទឹកដី​ខេត្តសៀមរាប ចាប់ពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

ផលិតករ​ខ្សែភាពយន្ត​របស់​ហូលីវូដ គឺ​លោក ប៊ី​ល វី​ល​សុន (Bill Wilson)​។ លោក​មានប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែតុលា ក្នុងពេល​ជួប​ជាមួយ​អភិបាលខេត្ត​សៀមរាប ថា ក្រុមហ៊ុន​ហូលីវូដ នឹង​ចំណាយពេល​ជិត ៣​ខែ ដើម្បី​ថត​ខ្សែភាពយន្ត​រឿង «​ជាដំបូង​ពួកគេ​សម្លាប់​ឪពុក​ខ្ញុំ​» នៅក្នុង​ទឹកដី​ខេត្តសៀមរាប​។ លោក ប៊ី​ល វី​ល​សុន បញ្ជាក់ទៀតថា ការ​ថតកុន​នៅក្នុង​ទឹកដី​ខេត្តសៀមរាប នេះ គឺ​ក្រុមហ៊ុន​បាន​រើសយក​ទីតាំង​ជាច្រើន ដើម្បី​ថត​ឈុត​ដែល​ពួក​ខ្មែរក្រហម​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ទីក្រុង ឈុត​អំពើ​ព្រៃផ្សៃ​ដែល​ខ្មែរក្រហម​ប្រើ​អាវុធ​បាញ់​ប្រជាពលរដ្ឋ ព្រមទាំង​កន្លែង​ខ្លះ​មានប្រើ​ឧបករណ៍​បំផ្ទុះ ធ្វើជា​សមរភូមិ​ប្រយុទ្ធ​ទៀតផង​។ ការថត​ឈុត​ទាំងនេះ គឺ​ក្រុមហ៊ុន​ត្រូវការ​ចំណាយ​ប្រាក់​ជាច្រើន ដើម្បី​ជួល​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​សម្ដែង​៖ «​យើង​នឹង​ជួល​កម្លាំង​ពលកម្ម ពី​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ខ្ញុំ​មិនទាន់​ប្រាកដថា​ចំនួន​ប៉ុន្មាន​នាក់​ពិតប្រាកដ​ទេ​។ បើតាម​ខ្ញុំ​ប៉ាន​ប្រមាណ គឺ​យើង​នឹងត្រូវ​ប្រើប្រាស់​កម្លាំង​ប្រជាពលរដ្ឋ​កម្ពុជា ប្រហែល ២.៥០០​នាក់​ទៅ ៣.០០០​នាក់ ឲ្យ​ធ្វើ​ឆាក ធ្វើជា​អ្នក​សម្ដែង និង​ក្រុម​អ្នកបច្ចេកទេស ជាដើម​»​។​

​អាជ្ញាធរ​ខេត្តសៀមរាប សម្ដែង​ការ​ត្រេកអរ​ចំពោះ​ក្រុមហ៊ុន​ហូលីវូដ ដែល​ចាប់អារម្មណ៍​ទៅលើ​ទេសភាព​ខេត្តសៀមរាប ដើម្បី​ថតកុន​នេះ​។​

​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង មានប្រសាសន៍ថា ខេត្តសៀមរាប គឺជា​តំបន់​ដែល​ទាក់ទាញ​ទេសចរ​បំផុត​របស់​កម្ពុជា​។ លោក​សំណូមពរ​ឲ្យ​ក្រុមហ៊ុន នៅពេលដែល​ត្រូវ​ការថត​ឈុត​គ្រឿងផ្ទុះ គួរតែ​ទៅរក​តំបន់​ឲ្យ​ឆ្ងាយ​ពី​ទីក្រុង ដើម្បី​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវទេសចរ​។ ក្នុង​ដំណើរការ​ថតកុន​នេះ អាជ្ញាធរ​ខេត្តសៀមរាប នឹង​បញ្ជូន​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន ឲ្យ​ចូលរួម​សហការ​ពិនិត្យ​មើល​ភូមិសាស្ត្រ និង​ទីកន្លែង​៖ «​មន្ទីរជំនាញ គឺ​ទំនាក់ទំនង​គ្នា​ជាប់​ជាមួយនឹង​ភាគី​ថត​ខ្សែភាពយន្ត​នេះ ដើម្បី​បានទទួល​ដឹង និង​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​»​។​

​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ជៀប សុវិជ្ជា មានប្រសាសន៍ថា ការថត​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «​ជាដំបូង​ពួកគេ​សម្លាប់​ឪពុក​របស់ខ្ញុំ​» នេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ងារ​ធ្វើ ហើយ​មួយផ្នែក​ទៀត គឺ​វា​អាចជួយ​ផ្សព្វផ្សាយ​ផ្នែក​ទេសចរណ៍​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា កាន់តែ​ច្រើនឡើង​នៅពេល​អនាគត​។​

​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង «​ជាដំបូង​ពួកគេ​សម្លាប់​ឪពុក​របស់ខ្ញុំ​» ដែល​និយាយ​អំពី​ជីវិត​ក្មេងស្រី​ម្នាក់​ឈ្មោះ លឿង អ៊ុង (Loung Ung) នៅក្នុង​របប​ខ្មែរក្រហម​នេះ ក្រៅតែពី​ចំណាយពេល​ជិត ៣​ខែ​សម្រាប់​ថត​នៅ​ខេត្តសៀមរាប ក៏មាន​គម្រោង​ទៅ​ថត​ឈុត​ខ្លះទៀត​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ខាងមុខ​៕​ប្រ​ភ​ព៖​អែ​អេ​ហ្វ​អា​

cvghbb

ផលិតករ​ខ្សែភាពយន្ត​ក្រុមហ៊ុន​ហូលីវូដ (Holly Wood) របស់​សហរដ្ឋអាមេរិក គឺ​លោក ប៊ី​ល វី​ល​សុន (Bill Wilson) [​កណ្ដាល​] ជួបពិភាក្សា​ជាមួយ លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​។