(ខេត្តកំពង់ឆ្នាំង)៖សាលាបឋមមសិក្សាដំណាក់រាជ្យ ស្ថិតក្នុងភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ជាសាលាមានភូមិសាស្ត្រ ដាច់ស្រយាល ឆ្លងទន្លេ សិស្សជួបការ និងខ្វះខាតសម្ភារៈ ទើបនៅថ្ងៃចុងសប្តាហ៍នេះ សមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំងសហការ ជាមួយក្រុម មូលនិធិជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ )និងក្រុមហ៊ុន ម៉ាដាមដា កូស្មិចទិច បាននាំយកអំណោយ សម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគ ទៅផ្ដល់ជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១៨គ្រួសារផងដែរ។
លោក គូ ដារា ប្រធានសមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ដោយទទួលសំណូមពរ ពីនាយកសាលា លោកគ្រូអ្នកគ្រូ និងអាជ្ញាធរ ឃុំកំពង់ព្រះគគី លោកក៏បានកៀងគរ សប្បុរសជនហើយក៏បានក្រុម មូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ(ក្រុមម៉ូតូធំ) និងក្រុមហ៊ុនលក់ផលិតផល ម៉ាដាមដា កូស្មិចទិច សហការគ្នាយកអំណោយមកប្រគល់ជូននាពេលនេះ។
ឆ្លៀតឱកាសនេះផងដែរ លោកស្នើសុំដល់លោកនាយកសាលា លោកភូមិ មេឃុំ សូមជួយជំរុញសិស្ស ឱ្យមករៀនសូត្រទៀងទាត់ពេលវេលា និងមិនត្រូវឱ្យសិស្សណាម្នាក់បោះបង់ការសិក្សានោះឡើយ ។ ចំណែកក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាសិស្សល្អ ជាពលរដ្ឋល្អ ដើម្បីអនាគតរុងរឿង។ចំពោះអំណោយចែកជូននៅថ្ងៃនេះ រួមមាន៖សិស្សចំនួន ១០០ នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅប៊ិចខ្មៅដៃ ខោអាវ១កំប្លេ និងថវិកា១ម៉ឺន៥ពាន់រៀល។ លោកគ្រូអ្នកគ្រូ៣ នាក់ម្នាក់ៗទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី សម្ភារៈផ្ទះបាយ១ឈុត និងថវិកា១០ម៉ឺនរៀល ។គណៈកម្មាធិការសាលា ៩នាក់ថវិកាម្នាក់ៗ ៥ ម៉ឺនរៀល។ ប្រជាពលរដ្ឋជួបការខ្វះខាត ១៧ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ សម្ភារៈផ្ទះបាយ១ឈុតនិងថវិកា ៨ ម៉ឺនរៀល។ លោកតាចាស់ជរាគ្មានទីពឹង១នាក់ ទទួលបាននំ ៥ប្រអប់និងថវិកា ២២ម៉ឺនរៀល។ប្រជាការពារនិងកម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋានសរុប ៥២ម៉ឺនរៀល ។សរុប ថវិកា ទាំងអស់ ១៣ លានរៀល។
តំណាងឲ្យក្រុមមូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ លោក ម៉ៅ វណ្ណៈ មានប្រសាសន៍ថាក្រុមរបស់លោកបានធ្វើការងារមនុស្សធម៌ជាច្រើនឆ្នាំណាស់មកហើយ ដោយតែងតែទៅជួយប្រជាពលរដ្ឋជួបការខ្វះខាត សិស្សជួបការលំបាក នៅគ្រប់ទីកន្លែងតាមបណ្ដាខេត្តក្រុង ។
ថ្ងៃនេះដោយបានទទួលសំណូមពរពី សមាគមចលនាយុវជនក្រុម ១៥៧ លោកក៏បានសហការជាមួយក្រុមហ៊ុន ម៉ាដាមដាកូស្មិចទិច បាននាំអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋ និងសិក្សានុសិស្ស ដល់ទីនេះ ព្រោះនេះជាបំណងប្រាថ្នា និងជាគោលដៅ របស់ ក្រុមមូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ) ដែលរៀបចំបង្កើតឡើង។
អភិបាលរងស្រុកបរិបូរណ៍ លោក ផល សុភាព បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់សមាគមចលនាយុវជនក្រុម១៥៧ ក្រុមមូលនិធិជួយជនក្រីក្រដោយចិត្តស្មោះ និងក្រុមហ៊ុនលក់ផលិតផល ម៉ាដាមដា កុស្មិចទិច ដែលបាន នាំអំណោយយកមកចែកជូននៅពេលនេះ និងសូមជូនពរដល់សប្បុរសជន ទាំងអស់ជួបប្រទះពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PUEO9mvd6Io