សមត្ថកិច្ច​ចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​ដាក់គុក​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2014 ក+ ក-

៖​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា​សមត្ថកិច្ច​បាន​ចាប់ខ្លួន​សមាជិក​ក្រុម ប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​របស់ខ្លួន​ម្នាក់​ឈ្មោះ ស៊ុំ ពុ​ទ្ធី បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែកញ្ញា នេះ​។​
​ភរិយា​ជនសង្ស័យ និង​ក្រុមការងារ​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា លោក ស៊ុំ ពុ​ទ្ធី ត្រូវ​តុលាការ បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។​
​លោក យឹម សុវណ្ណ មន្ត្រី​នាំពាក្យ និង​ជា​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹងថា​កម្លាំង​សមត្ថកិច្ច ពិតជា​បាន​ចាប់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ គឺ​លោក ស៊ុំ ពុ​ទ្ធី​ពិតមែន​។ ប៉ុន្តែ​លោក​មិនទាន់​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​ការចាប់ខ្លួន​នេះ​ទេ​។​

លោក យឹម សុវណ្ណ បន្តថា​រហូតមកដល់​ពេលនេះ ក្រុមការងារ របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ពិនិត្យ​ទៅលើ​ការចាប់ខ្លួន លោក ស៊ុំ ពុ​ទ្ធី ដោយ​យកចិត្តទុកដាក់​៖ «​ខ្ញុំ​មិនទាន់​ធ្វើ អត្ថាធិប្បាយ​ថា​ម៉េច​ទេ ពីព្រោះ​ខ្ញុំ​រងចាំ​ស៊ើបអង្កេត ឲ្យ​ដឹង​ពី​ហេតុផល ថា​ហេតុអ្វី​គេ​ចាប់ខ្លួន​គាត់​សិន​។ ដរាបណា​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​ទេ យើង​ធ្វើ​អត្ថាធិប្បាយ​ទៅ វា​អត់​សុ​ក្រឹត្យ ។ អ៊ីចឹង​ចង់​ប្រមែប្រមូល​ព័ត៌មាន​ឲ្យ​អស់ ថា​តើ​គាត់​ជាប់​ពាក់ព័ន្ធ​រឿង​អី​ឲ្យ​ពិតប្រាកដ​»​។​

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​អង្គការ​ពារ​សិទ្ធិមនុស្ស​មួយចំនួន មាន​សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho) ជាដើម ក៏​មិនទាន់​ដឹង​មូលហេតុ​នៃ​ការ ចាប់ខ្លួន​លោក ស៊ុំ ពុ​ទ្ធី នេះដែរ​ដោយ​គ្រាន់តែ​ដឹងថា ជនសង្ស័យ​រូបនេះ ត្រូវ​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​។ មន្ត្រី​សិទ្ធិមនុស្ស​ទាំងនេះ អះអាងថា​កំពុង​តាមដាន ជុំវិញ​ករណី​ចាប់ខ្លួន​នេះ​។ ព្រោះ​យល់ថា​ការចាប់ និង​ការឃុំខ្លួន មន្ត្រី​បក្សប្រឆាំង​រូបនេះ​ធ្វើឡើង​ឆាប់រហ័ស​។​

ភរិយា លោក ស៊ុំ ពុ​ទ្ធី គឺ​អ្នកស្រី ម៉ាក ចន្ទ មានប្រសាសន៍ថា រហូតដល់​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៩ ខែកញ្ញា ទើប​មាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រាប់ថា​ស្វាមី​គាត់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវ​បញ្ជូនទៅ​ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស​។ អ្នកស្រី​មិនដឹង​មូលហេតុ​នៃ​ការចាប់ខ្លួន​នេះ​ទេ​៖« គេ​ឲ្យ​ដំណឹង​ថា​គេ​ចាប់ខ្លួន​គាត់ ក៏​ផ្អើលឆោឡោ​ឡើងទៅ »​។​

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹងថា​លោក ស៊ុំ ពុ​ទ្ធី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ជាប់​ពាក់ព័ន្ធ ការប្រើ​អំពើហិង្សា ក្នុងពេល​ធ្វើបាតុកម្ម នៅក្បែរ​ស្ពាន​នាគ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ហើយ​ថា លោក ស៊ុំ ពុ​ទ្ឋី ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៩ ខែកញ្ញា​។ ការចាប់ខ្លួន​នេះ ធ្វើ​ទៅតាម​ដីកា របស់​តុលាការ​សាលាដំបូង ចោទ​ពីបទ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ២០១៤ នៅ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នាំ​ឲ្យ​មាន​សន្តិសុខ​របួស​ជាច្រើន​នាក់​៕ប្រភពៈrfa

Untitled-1