ក្រសួងការបរទេស​កម្ពុជាពន្យល់​អង្គ ទូត និង​អង្គ​ការបរទេស​ពី​ការដក តំណែង​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2015 ក+ ក-

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣០​តុលា​នេះ បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការដកតំណែង​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដល់​បណ្តា​អង្គទូត និង​តំណាង​អង្គការ​អន្តរជាតិ​នានា​ប្រចាំ​នៅ​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​ទូត​បរទេស និង​ភ្នាក់ងារ​តំណាង​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​រៀបរាប់​អំពី​ហេតុផល និង​ដំណើរការ ដែល​ឈានដល់​ការសម្រេចចិត្ត​ដកតំណែង​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដោយហេតុ​លោក កឹម សុខា បាន​ប្រើប្រាស់​តួនាទី​របស់ខ្លួន​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា បាន​មួរ​បង្កាច់ ការវាយប្រហារ និង​ការដើរ​អុចអាល​ញុះញង់​ប្រជាជន​ឲ្យ​ប្រឆាំង​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ហោ ណាំហុង ក៏បាន​បញ្ជាក់​ទៅកាន់​មន្ត្រី​ទូត​បរទេស និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ថា លោក កឹម សុខា បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ស្មារតី​នៃ​ការអនុវត្ត “​វប្បធម៌​សុន្ទ​នា​” រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក ហោ ណាំហុង បាន​បញ្ជាក់ថា វប្បធម៌​សន្ទនា បាន​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ស្មោះត្រង់​ជាមួយគ្នា គោរព និង​អោយ​តម្លៃ​គ្នា​ទៅវិញទៅមក ជៀសវាង​ឲ្យ​ខាន​តែ​បាន​នូវ​ការ​ញុះញង់ លុបបំបាត់​នយោបាយ​ប្រកាន់ពូជសាសន៍​ជ្រុលនិយម និង​អប់រំ​សមាជិក​បក្ស​ឲ្យ​ចូលរួម​អនុវត្ត​នូវ​ស្មារតី​ទាំងនេះ​។​​កិច្ចប្រជុំ​នោះ មាន​រយៈពេល​ខ្លី ត្រឹមតែ ២០​នាទី​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកកាសែត នៅ​ស្តាប់​ឡើយ​។ បន្ទាប់ពី​កិច្ចប្រជុំ​តំណាង​អង្គទូត និង​ភ្នាក់ងារ​សហប្រជាជាតិ ប្រចាំ​កម្ពុជា មិនបាន​ឆ្លើយតប​នឹង​ក្រុមអ្នកកាសែត​នោះទេ​៕

gvgfgg