ភ្នំពេញៈ ខណៈដែលភាពយន្តភាគថៃត្រូវបានចាក់ផ្សាយនៅទូរទស្សន៍មួយចំនួន និងគ្រោងចាក់ផ្សាយនៅតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួនទៀតនោះ តារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង ចន ច័ន្ទលក្ខិណា ហាក់មានការមិនពេញចិត្តចំពោះការវិលវិញនៃភាពយន្តរបស់ប្រទេសថៃ ហើយនាងបានអះអាងថា នាងនឹងប្រមូលអ្នកពាក់ព័ន្ធក្នុងវិស័យសិល្បៈដើម្បីតវ៉ាប្រឆាំងនឹង ការចាក់ផ្សាយឡើងវិញនេះ។
ជុំវិញភាពអាម៉ាស់ដែលបណ្តាស្ថានីយទូរទស្សន៍ខ្មែរបន្ទន់ឥរិយាបថ យកភាពយន្តថៃមកចាក់ផ្សាយឡើងវិញ ខណៈតារាថៃធ្លាប់ប្រមាថខ្មែរជាញឹកញយនោះ តារាសម្តែងល្បីឈ្មោះជាច្រើនជំនាន់អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្តែងពីអារម្មណ៍កប់ទុកក្នុងចិត្តថា៖«សូមគោរព ខ្ញុំចង់និយាយពាក្យថា សុំទោស នៅមុនពេលខ្ញុំនិយាយអ្វីដែលធ្វើឲ្យអ្នកខ្លះមិនសប្បាយចិត្ត និងមិនគាំទ្រ ប៉ុន្តែខ្ញុំត្រូវតែនិយាយពីរឿងនេះ ដើម្បីសិល្បៈ ឬក៏ភាពយន្តខ្មែរយើង។ ខ្ញុំចង់ស្នើសុំគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ពន្យារការចាក់ផ្សាយភាពយន្តបរទេស ពិសេសបំផុតគឺភាពយន្តថៃ»។
ដោយចង្កឹះមួយកាច់បាក់ ចង្កឹះមួយបាច់កាច់មិនបាក់ អ្នកនាង ចន ច័ន្ទបានសរសេរបន្តនៅលើហ្វេសប៊ុកនាងថា៖«ខ្ញុំចង់សុំការគាំទ្រ ពីមិត្តទាំងអស់គ្នាក្នុងការសុំពន្យារពេលបញ្ចាំងខ្សែ video ភាគបរទេស ជាពិសេសរឿងភាគថៃ សុំឲ្យគ្រប់ស្ថានីយទូរទស្សន៍ក្នុងប្រទេសកម្ពុជាទាំងអស់ អាចបញ្ចាំងរឿងភាគបរទេស ជាពិសេសរឿងភាគថៃ ចាប់ពីម៉ោង ៩ និង៣០ នាទី យប់ ! ហើយសូមឲ្យបញ្ចាំងខ្សែ video ខ្មែរ នៅម៉ោង ៦ និង៣០ នាទី រហូតដល់ម៉ោង ៩ និង៣០ នាទីយប់ មិនមែនយើងមិនឲ្យបញ្ចាំងរឿងបរទេសទេ តែគ្រាន់តែសុំឲ្យបញ្ចាំងនៅពេលយប់បន្តិច»។
នាងបានបញ្ជាក់បន្តថា៖ «យើងដឹង និងទទួលស្គាល់ថា ការផលិតខ្សែភាពយន្តខ្មែរនៅមានកម្រិត ដែលទស្សនិកជនមិនទាន់ទទួលយកបាន ហើយការសម្តែងរបស់តួខ្មែរក៏មិនទាន់បានល្អនៅឡើយ ប៉ុន្តែម្នាក់ៗមានការព្យាយាម»។
តារាសម្តែងរូបនេះបានសម្តែងការយល់ឃើញមិនខុសពីមហាជនមួយចំនួន ថា៖«បើសិនជាយើងដាក់បញ្ចាំងខ្សែភាពយន្តថៃតាមកញ្ចក់ទូរទស្សន៍នោះ ខ្សែភាពយន្តខ្មែរនឹងធ្លាក់ចុះខ្លាំងជាងនេះទៅទៀត! ខ្ញុំសំណូមពរបែបនេះគឺចង់ឲ្យខ្សែភាពយន្តខ្មែរអាចនៅមានជីវិត ចរាចរណ៍លើទីផ្សារ និងចង់ឲ្យសិល្បករ ផលិតករ អ្នកដឹកនាំរឿង និង ក្រុមការងារផលិតភាពយន្តនៅមានការងារធ្វើ! ខ្ញុំដឹងថាសំណូមពររបស់ខ្ញុំនឹងមានមតិរិះគន់ តែខ្ញុំគ្រាន់តែធ្វើដើម្បីឲ្យសិល្បៈភាពយន្តខ្មែរមានជីវិតបានយូរ និងមិនចង់ឲ្យបាត់បង់សិល្បៈជាតិខ្លួន។ ខ្ញុំមិនធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ គឺដើម្បីប្រយោជន៍រួម ព្រមទាំងសង្គមខ្មែរទាំងមូល»។
នាងបានបញ្ជាក់ថា៖«ខ្ញុំមិនមានឱកាសនឹងសម្តែងយូរទៀតទេ ខ្ញុំដឹងថា ខ្លួនខ្ញុំយ៉ាងម៉េច និងស្គាល់ពីស្ថានភាពខ្លួនឯងច្បាស់ ដូច្នេះខ្ញុំធ្វើដើម្បីទាំងអស់គ្នា។ ខ្ញុំដឹងថាមានអ្នកគាំទ្រ និងចូលចិត្តទស្សនារឿងថៃច្រើនណាស់ តែយើងត្រូវគិតថា បើយើងគាំទ្ររឿងថៃពេក វានឹងធ្វើឲ្យរឿងយើងបាត់បង់។ តើយើងសុខចិត្តឈរមើលការបាត់បង់ខ្សែភាពយន្តខ្មែរជាថ្មីម្តងទៀត ឬក៏យ៉ាងម៉េច?»។
នាងបានបញ្ជាក់បន្ថែមថា៖«ខ្ញុំនឹងសុំការសហការពីសិល្បករ សិល្បការិនី ចាងហ្វាងផលិតកម្ម ផលិតករ និង អ្នកដឹកនាំរឿង។ សុំអ្នកទាំងអស់គ្នាជួយចុះហត្ថលេខា និងផ្តិតមេដៃលើកិច្ចតវ៉ាដើម្បីខ្ញុំដាក់សំណើទៅក្រសួងព័ត៌មាន ដើម្បីដោះស្រាយរឿងការហូរចូលនៃការចាក់បញ្ចាំងរឿងភាគថៃលើកញ្ចក់ ទូរទស្សន៍ខ្មែរ។ ដូច្នេះសូមមិត្តទាំងអស់គ្នាជួយគាំទ្រនូវសំណើរបស់ខ្ញុំ និងជួយផ្ដល់មតិយោបល់ផង ហើយខ្ញុំក៏មិនខ្លាចនឹងទទួលការរិះគន់ណាមួយដែរ! ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងផ្ដល់ការសហការ! និងសូមអរគុណទុកជាមុន»។
ពាក់ព័ន្ធនឹងការវិលទៅរកភាពយន្តថៃនិយមដូចកាលពី១០ឆ្នាំមុន នោះ លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈខ្មែរ បានឲ្យដឹងថា ការផ្លាស់ប្តូរវប្បធម៌ សិល្បៈភាពយន្តជារឿងធម្មតា ប៉ុន្តែទន្ទឹមនឹងនេះ កម្ពុជាគួរតែគិតអំពីផលប៉ះពាល់ជាមុនសិន។
លោកបានមានប្រសាសន៍ថា៖«ខ្ញុំគិតថា បណ្តាស្ថានីយទូរទស្សន៍នានា ភាគច្រើន គិតតែប្រយោជន៍ផ្ទាល់ខ្លួន គិតតែយកភាពយន្តបរទេសមកចាក់បញ្ចាំង អត់គិតពីការផលិតភាពយន្តខ្លួនឯង សូម្បីតែទូរទស្សន៍ជាតិ ក៏យកតែភាពយន្តបរទេសមកចាក់ផ្សាយព្រោងព្រាតដែរ នេះជាក្តីបារម្ភ»។
ទោះបីជាយ៉ាងណា លោកបន្ថែមថា៖«ភាពយន្តថៃ ឬភាពយន្តប្រទេសណាមួយក៏ដោយ យកមកចាក់បញ្ចាំងមិនមានកំហុសនោះទេ តែយើងគួរតែខិតខំផលិតភាពយន្តយើងឲ្យមានគុណភាពសិន ដើម្បីយកទៅប្រកួតប្រជែងជាមួយគេ នោះទើបភាពយន្តយើងមិនដួលរលំ»។នៅក្នុងករណីដែលសិល្បករធ្វើការតវ៉ា ប្រឆាំងក្នុងរូបភាពណាមួយលោក សុះ ម៉ាច បាននិយាយថា៖«បើសិល្បករពួកគាត់រួបរួមគ្នាតវ៉ារឿងនេះ ខ្ញុំនឹងបំពេញតាមបំណងរបស់ពួកគេ តែយើងក៏ត្រូវមានលក្ខខណ្ឌសមស្របដែរ»។
អ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធ និងដឹកនាំរឿងដ៏ឆ្នើមម្នាក់របស់កម្ពុជា ក៏ធ្លាប់បានលើកឡើងពីទស្សនៈរបស់អ្នកស្រីថា ការចាក់ផ្សាយភាពយន្តថៃនៅតាមកញ្ចក់ទូរទស្សន៍ជាថ្មីនេះ ជាសញ្ញាមិនល្អមួយ សម្រាប់វប្បធម៌ ប្រពៃណីខ្មែរ ហើយវានឹងអាចទាញទម្លាក់ភាពយន្តខ្មែរឲ្យកាន់តែដុនដាបដូចកាលពី១០ ឆ្នាំមុនអ៊ីចឹង។
អ្នកស្រីបានបន្ថែមថា ក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធគួរតែគិតគូរឡើងវិញពីចំណុចនេះ កុំឲ្យកង់ប្រវត្តិសាស្ត្រវិលច្រំដែលពេក ពិសេសរឿងថៃនឹងអាចធ្វើឲ្យយុវជនសម័យថ្មីវង្វេងវង្វាន់ទៀត។
អ្នកស្រីបាននិយាយថា៖«បើយើងបើកទូលាយជាថ្មី ភាពយន្តខ្មែរអាចនឹងស្លាប់។ យើងបានព្យាយាមទប់ស្កាត់បញ្ហានេះអស់រយៈពេលជាង១០ឆ្នាំហើយ យើងមិនគួរឲ្យជំងឺនោះរើឡើងវិញទេ។ បើតាមគំនិតខ្ញុំយើងមិនគួរឲ្យចាក់ផ្សាយឡើងវិញទេ កុំឲ្យកង់ប្រវត្តិសាស្ត្រវិលដដែលៗ។ វប្បធម៌ខ្មែរ ថៃស្រដៀងគ្នា ដល់ពលរដ្ឋយើងមើលយូរៗទៅ បែរជាថាខ្មែរយើងចម្លងពីថៃទៅវិញនាំឲ្យយុវជនវង្វេងវង្វាន់»។
អ្នកស្រី បុប្ផា បានបញ្ជាក់ថា៖«យើងបានធ្វើបដិវត្តន៍រំលំ ភាពយន្តថៃម្តងហើយ ដូច្នេះមិនគួរឲ្យកើតជាថ្មីទេ»។
ប៉ុន្តែយ៉ាងណា លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា បើនិយាយពីប្រព័ន្ធច្បាប់ ក្រសួងហាក់មិនមានច្បាប់ណាមួយទៅហាមឃាត់រឿងនេះទេ ព្រោះទីផ្សារសេរី ភាពយន្តរបស់ប្រទេសណាក៏មានអាទិភាពដូចគ្នា។ ផ្ទុយទៅវិញក្រៅពីគ្មានវិធានការទប់ស្កាត់ និងស្វែងរកដំណោះស្រាយឲ្យបានល្អ លោកបានស្នើឲ្យអ្នកដឹកនាំ និងនិពន្ធទាំងអស់គួរគិតគូរឡើងវិញពីការពង្រឹងគុណភាពស្នាដៃរបស់ខ្លួន៕ប៉ុស្តិ៍ខ្មែរ
មន្ត្រី ស្ថានទូតថៃ នាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងសិល្បករខ្មែរនៅថ្ងៃធ្វើសន្និសីទសារព័ត៌មានស្តីពីការផ្សព្វផ្សាយការចាក់បញ្ចាំងភាពយន្តថៃឡើងវិញ។