ភ្នំពេញ:រាជរដ្ឋាភិបាលបានសម្រេចដកសិទ្ធិពីក្រុមហ៊ុន សុខ គង់ យកមកគ្រប់គ្រងវិញនូវការលក់សំបុត្រ ដើម្បីចូលទស្សនាប្រាសាទអង្គរវត្ត។ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតសហគ្រាសសាធារណៈ ដើម្បីធុរៈកិច្ចគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌអង្គរវត្ត ដែលមានក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអន្តរក្រសួងរៀបចំគណៈកម្មាធិការនេះ។
គួររំលឹកថា កន្លងមក ការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌអង្គរដោយក្រុមហ៊ុន សុខ គង់ ត្រូវបានរិះគន់ដោយក្រុមជំទាស់យ៉ាងខ្លាំងថា មានភាពមិនប្រក្រតីក្នុងការគ្រប់គ្រងចំណូលថវិកាជាតិដែលបានមកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត។
តាមទិន្នន័យរបស់អាជ្ញាធរជាតិអប្សរាឲ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ២០១៥នេះ ភ្ញៀវទេសចរណ៍បរទេសដែលមកទស្សនាប្រាសាទអង្គវរត្ត មានចំនួន១៦៧៧៣៥២នាក់ ដែលមានកំណើន២,០៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ហើយចំណូលដុលមានចំនួនជាង៤៧,៦លានដុល្លារ កើនឡើងប្រហែល០,៦២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៤។ ចំណូលដុលដែលបានពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនាអង្គរសម្រាប់ឆ្នាំ២០១៤ មានចំនួន៥៩ ៣៤២ ០០០ដុល្លារ កើនឡើងជាង១,៦លានដុល្លារ លើសឆ្នាំ២០១៣ ដែលបានលក់បាន៥៧៦៨៧ ៦៨០ដុល្លារ។ ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ២០១៤មានចំនួន២០៥៩៧២០នាក់ កើនឡើងជិត៤ម៉ឺននាក់ បើធៀបជាមួយឆ្នាំ២០១៣ ដែលមានភ្ញៀវមកទស្សនាចំនួន២ ០២១ ៧១៥ នាក់៕ ដោយ៖រដ្ឋា