ភ្នំពេញ៖ ដោយអនុវត្តទៅតាមស្មារតី នៃអង្គប្រជុំបន្ទាន់កាលពីរសៀលថ្ងៃម្សិលមិញ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា នេះ ក្រុមហ៊ុន NAGA World បានសម្រេចផ្អាកសំណង់ និងឲ្យរុះរើ ដំបូលដែក និងវាយកម្ទេចជញ្ជាំងបេតុង មុខពុទ្ធសាសនបណ្ឌិត្យ ដោយខ្លួនឯង។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៥វិច្ឆិកា មានកិច្ចប្រជុំបន្ទាន់មួយ ពាក់ព័ន្ធនឹងសំណង់របស់ក្រុមហ៊ុន NAGA World ដែលបានសាងសង់ខុសច្បាប់ អនុញ្ញាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស។
កិច្ចប្រជុំបន្ទាន់នេះតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សាផ្លូវច្បាប់ និងបច្ចេកទេស។
លោក ឡុង ឌីម៉ង់ បានឲ្យដឹងទៀតថា ក្រោយបញ្ជប់កិច្ចប្រជុំជាលទ្ធផល៖ ១-ក្រសួងរៀបចំដែនដី ចេញលិខិតផ្អាកសំណង់ និងឲ្យរុះរើ ។ ២-ក្រុមជាងក្រុមហ៊ុន ចាប់ផ្តើមរុះរើ ដោយខ្លួនឯងពីថ្ងៃស្អែក គឺរុះដំបូលមុខ ពុទ្ធសាសនបណ្ឌិត្យមុន ។ ៣-ចាត់មន្ត្រីជំនាញ ប្រចាំការជំរុញដំណើរការនេះ រហូតដល់ទីបញ្ចប់។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ពិធីសម្ពោធ គម្រោងការពារទឹកជំនន់ ជំហាន៣ របស់ JICA រួចមក នាព្រឹកថ្ងៃទី០៥វិច្ឆិកាលោកនាយករដ្ឋមន្ត្រី បានអញ្ជើញចុះមើលដោយផ្ទាល់ការដ្ឋានសំណង់របស់ ក្រុមហ៊ុន NAGA World ដែលបានសង់ខុសច្បាប់អនុញ្ញាត ក៏ដូចជាការប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ៕