ខេត្ដព្រះវិហារ ៖យ៉ាងហោចណាស់មានមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ និងមន្ត្រីប៉ូលិសម្នាក់ត្រូវ ជនមិនស្គាល់មុខបាញ់រៈបណ្តាលឱ្យស្លាប់ រីឯមន្ដ្រីយោធាការពារព្រំដែនគោកកងពលលេខ៩ម្នាក់ទៀត ក៏បានរងរបួសដែរ ខណៈចុះល្បាត និងបង្ក្រាបក្រុមជនល្មើសបំផ្លាញព្រៃឈើ និងបាញ់សត្វព្រៃខុសច្បាប់។
មន្ត្រីមួយរូបបានប្រាប់ឲ្យដឹងថា ហេតុការណ៍ដ៏រន្ឋត់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ២ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ចំណុចអណ្ដែតស្នប់ ស្ថិតក្នុងភូមិរបុញ ឃុំមរកត ស្រុក ជាំក្សាន្ដ ខេត្តព្រះវិហារ គ្រាដែលក្រុមន្ដ្រីចម្រុះល្បាត ត្រួតពិនិត្យក្នុងតំបន់ព្រៃអភិរក្ស ។
ប្រភពព័ត៍មានដដែលបានបនតថា មុនពេលកើតហេតុ ក្រុមសមត្ថកិច្ចចម្រុះរួមមានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីប៉ូលិស និងមន្ត្រីយោធា បានចុះបើកប្រត្តិបត្តិការចាប់ម៉ាស៊ីនអារឈើចំនួន២កន្លែងផ្សេងគ្នា ។ សមត្ថកិច្ចគោលដៅទី១ ចាប់ម៉ាស៊ីនអារឈើ បានចំនួន៦គ្រឿងនិងកាំភ្លើងការ៉ាប៊ីនកែច្នៃ១ដើម ។
ប្រភពបន្តថា គោលដៅទី២.ចាប់បានម៉ាស៊ីនអារឈើចំនួន៥គ្រឿង និងកាំភ្លើងការ៉ាប៊ីន១ដើមដូចគ្នា។ ខណៈកំពុងដើរល្បាតនោះស្រាប់តែក្រុមជនល្មើស បានធ្វើការបាញ់ស្រោចមកលើក្រុមសមត្ថកិច្ចតែម្តង បណ្តាលឱ្យសមត្ថកិច្ចពីរនាក់ដេកដួលស្លាប់នៅក្នុងថ្លុកឈាម ឯយោធាម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពបញ្ជាក់ថា ជនរងគ្រោះដែលរងការបាញ់ប្រហារមាន ឈ្មោះ សៀង ណារ៉ុង តួនាទី ជាប្រធានក្រុមល្បាត និងជាមន្ដ្រីរដ្ឋបាលព្រៃឈើ និងម្នាក់ទៀតឈ្មោះ សាប់ យស ជាមន្ដ្រីនគរបាល ស្រុកជាំក្សាន្ត។ ចំណែកឯមន្ដ្រីយោធាការពារ ព្រំដែនគោកកងពលលេខ៩ រងរបួសធ្ងន់មានឈ្មោះ សុភណ្ឌ ។
សមត្ថកិច្ចបានបើកការស៊ើបអង្កេតស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យយ៉ាងមមាញឹកដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ដោយ៖រដ្ឋា