ព្រះវិហារ៖ការប្រឈមមុខតានតឹងខាងសព្វា វុធដាក់គ្នារវាងទាហានខ្មែរថៃ ក្នុងរឿងជម្លោះ ព្រំដែននៅជុំវិញតំបន់ប្រាសាទព្រះវិហារបានស្ងប់ស្ងាត់រយៈពេលជាង ៣ឆ្នាំមកហើយ។ ក៏ប៉ុន្តែ កាលពីថ្ងៃត្រង់ថ្ងៃទី២៩ ខែកញ្ញា ទាហានថៃ ដែលប្រចាំការពារព្រំដែនស្រុកណាំយឺន នៃខេត្តអ៊ូប៊ុនរ៉ាត់ថានី បានបាញ់កាំភ្លើងមកលើទាហានខ្មែរនៅច្រកអានសេះ បណ្ដាលឱ្យមានការបាញ់តគ្នាប្រហែលជា ៣នាទី។
ប្រភពព័ត៌មានពីអាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឱ្យដឹងថា យ៉ាងហោចណាស់មានទាហានខ្មែរម្នាក់បានរងរបួស កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីមានការបាញ់អាវុធចេញពីភាគីថៃ រះមកចំកម្លាំងការពារព្រំដែនខ្មែរ ដែលកំពុងដើរល្បាតនៅតាមបន្ទាត់ព្រំដែន។
អភិបាលស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ គឺលោក ជា គឹមសេង។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ថា មានហេតុការណ៍បាញ់កាំភ្លើងតគ្នាមួយរវាងទាហានថៃ និងទាហានខ្មែរ នៅម្ដុំច្រកព្រំដែនអានសេះ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រភាគខាងជើង ឆៀងខាងកើតពីប្រាសាទព្រះវិហារ កាលពីម៉ោង ១២ និង ៣០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា។
អភិបាលស្រុកដដែលបញ្ជាក់ថា ការបាញ់រះដែលចាប់ផ្ដើមចេញពីភាគីថៃ មុននោះ បណ្ដាលឱ្យទាហានខ្មែរម្នាក់ក្នុងចំណោម ៩នាក់ ដែលកំពុងដើរល្បាតការពារព្រំដែនរងរបួស។ ក៏ប៉ុន្តែទោះយ៉ាងណា លោកមិនដឹងពីមូលហេតុនៃការបាញ់នោះបណ្ដាលមកពីអ្វីឡើយ៖ «ជាទូទៅ ទាហានតាមបន្ទាត់ព្រំដែនយើងតែងតែដើរល្បាត។ ក្រោយពេលដើរល្បាត ហើយត្រឡប់មកដល់គោលដៅវិញ ភាគីខាងថៃ ផ្ទុះអាវុធមកលើទាហានខ្មែរយើង បណ្ដាលឱ្យរបួស ប៉ុន្តែទាហានខ្មែរយើងបានតទប់ទល់វិញការពារខ្លួន។ ខ្ញុំដឹងតែប៉ុណ្ណឹង ហើយយោងតាមរបាយការណ៍មេទិស គេហ្នឹងព្រឹកមិញក៏ដូចគ្នាដែរ»។
ប្រភពព័ត៌មានដែលអាចយកជាការបាន ឱ្យដឹងថា ទាហានខ្មែរម្នាក់ដែលរងរបួសនៅពេលផ្ទុះអាវុធនោះ នៅក្នុងវរៈលេខ៤០៥ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារ។
កាលពីព្រឹកថ្ងៃទីអង្គារ ទី៣០ ខែកញ្ញា មេបញ្ជាការយោធាខ្មែរសំខាន់ៗទទួលបន្ទុកការពារព្រំដែនប្រចាំទិស ប្រាសាទព្រះវិហារ បានជួបប្រជុំគ្នាដើម្បីរកដើមហេតុនៃការផ្ទុះអាវុធ នៅជិតច្រកព្រំដែនអានសេះ នោះ។
ទោះយ៉ាងណា មេបញ្ជាការកងយោធពលខេមរៈភូមិ នៃកងពលធំអន្តរាគមន៍លេខ៣ ដែលគ្រប់គ្រងព្រំដែនជុំវិញប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មិនបានអធិប្បាយហេតុការណ៍នោះយ៉ាងណាទេ ដោយលោកបញ្ជាក់ថា គ្រាន់តែដឹងរឿង ហើយជំរុញឱ្យសួរទៅមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារ វិញ៖ «អត់ទាន់ក្ដាប់បានទេ ទាល់តែទាក់ទងទៅមុខ ទាក់ទងទៅ លោក សោម បុប្ផារ័ត្ន ទៅ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ សោម បុប្ផារ័ត្ន ដើម្បីសុំការបំភ្លឺរឿងនេះបានថាយ៉ាងណានៅឡើយ ដោយសារតែលោកមិនទទួលទូរស័ព្ទ។
គេហទំព័រក្នុងស្រុកមួយដែលចេញផ្សាយកាលពីម៉ោង ១០ និង ៣៥នាទីថ្ងៃអង្គារ ទី៣០ ខែកញ្ញា បានដកស្រង់សម្ដីអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការគ្រប់គ្រងព្រំដែនប្រចាំទិសយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ ជា តារា ដោយមានប្រសាសន៍ថា ទាហានខ្មែរម្នាក់ក្នុងអង្គភាព៤០៥ និងទាហានថៃ ការពារព្រំដែនស្រុកណាំយឺន ខេត្តអ៊ូប៊ុន ម្នាក់ បានរងរបួសនៅពេលបាញ់កាំភ្លើងដាក់គ្នា កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា នៅជិតច្រកព្រំដែនអន្តរជាតិអានសេះ នោះ។
លោកឧត្តមសេនីយ៍ ជា តារា បញ្ជាក់ថា ការបាញ់កាំភ្លើងដៃដាក់គ្នារវាងទាហានថៃ និងទាហានការពារព្រំដែនខ្មែរនោះ គឺដោយសារតែមានការយល់ច្រឡំគ្នា។ ក៏ប៉ុន្តែទោះជាយ៉ាងណា ក៏សភាពការណ៍នៅតំបន់ព្រំដែនគ្មានអ្វីប្រែប្រួលទេ គឺស្ថិតក្នុងសភាពស្ងប់ស្ងាត់៕ប្រភពៈrfa
ទាហានខ្មែរនៅតំបន់មុខប្រាសាទព្រះវិហារ រូបថតថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១១