ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់​ប្រហារពល រដ្ឋខ្មែរពេល​លួច​ឆ្លងដែន​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2015 ក+ ក-

​ខេត្តបាត់ដំបង​៖​រយៈពេល​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​រូប​ត្រូវបាន​ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាញ់រះ​បណ្តាល​ឲ្យ​រងរបួស​នៅ​តំបន់​ផ្សេង​ពីគ្នា ក្នុងនោះ​មាន​ម្នាក់​របួស​បាក់​ភ្លៅ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​ពួកគេ​បាន​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​ជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ទាហាន​ឈុតខ្មៅ​ថៃ កាលពី​វេលា ម៉ោង​១ និង​០០ នាទី ថ្ងៃ​៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​បាញ់ប្រហារ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​បណ្តាលឱ្យ​រងរបួស​បាក់​ភ្លៅ​ខាងស្តាំ នៅ​ចំណុច​ភូមិ​សួន​ស៊ុំ ឃុំ​សាត់​តន់ ស្រុក​សាវ​ដា ខេត្ត​ចាន់​បុរី ប្រទេស​ថៃ ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។​

​តាម​ព័​ត៍​មាន​បឋម​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ម៉ា ឆេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​សិប្បកម្ម ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត បាត់ដំបង​។​

ប្រភព​បន្តថា ជនរងគ្រោះ​ជា​កម្មករ​ក្នុង​ចំការ​បេះ ផ្លែឈើ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ ជា​កម្មករ​មាន​លិខិត​ស្នាក់នៅ​ស្របច្បាប់​។​ជនរងគ្រោះ​ទៅធ្វើ​ការ​នៅ​ទីនោះ អស់​រយៈពេល​មួយ​សប្តាហ៍​កន្លងមកហើយ​។​

​សមត្ថកិច្ច​ព្រំដែន​កម្ពុជា​បាន​ឲ្យ​ដឹងថា ករណី​បាញ់ប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ឆ្មាំ​ព្រំដែន​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​ក្នុង​មួយ​សប្តាហ៍​នោះ​មាន​២​ករណី​ហើយ ។​ចំពោះ​ជន​ដែល​បាន​រងគ្រោះ​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា នេះ​គេ​មិនទាន់​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​សម្រាក​ព្យាបាល​ក្នុង​នៅ​មន្ទីរពេទ្យ EMERGENCY ខេត្តបាត់ដំបង​។​

​គួររំលឹកថា ពលរដ្ឋ​ខ្មែរ​២​នាក់ នៅវេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​០៤​វិច្ឆិកា ត្រូវ​ក្រុមនគរបាល​ព្រំដែន​ថៃ​បាញ់​ឲ្យ​រងរបួស​ធ្ងន់​នៅពេលដែល​ពួកគេ​ឆ្លងដែន​ចូលទៅ​តំបន់​ព្រៃ​ក្រាស់ៗ​រក​ឈើ​ប្រណីត​ក្នុង​ទឹកដី​សៀម នៅ​ចំណុច​ពើយ​តាសក់ ក្នុងភូមិ​សាស្ត្រ​ភូមិ​បុស្សថ្លាន់ ឃុំ​ប៊ូ​ឆេ​ត ស្រុក​ប៊ូ​ឆេ​ត ខេត្ត​សូ​រិន្ទ ប្រទេស​ថៃ​។​

​បុរសរងគ្រោះ​ទីមួយ​ឈ្មោះ កាក់់ សម្តី អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង បាន​រងរបួស​បាក់​កំភួនជើង​ខាងឆ្វេង និង​ម្នាក់ទៀត​ឈ្មោះ ដូន វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា រងរបួស​ដៃ​ខាងស្តាំ និង​ជើង​ខាងស្តាំ​។​

​ជនរងគ្រោះ​ឈ្មោះ ដូន វី បាន​ឲ្យ​ដឹងថា ក្រោយពី​កើតហេតុ​ពួកខ្លួន​ទាំង​២​នាក់​លូន​ពួន​សំងំ​លាក់ខ្លួន​ក្នុងព្រៃ​រហូត លុះ​ក្រុមនគរបាល​ថៃ​វិលត្រឡប់​ទៅវិញ​អស់​ទើប​ខ្លួន​បាន​ជួប​អ្នកភូមិ​ជួយ​នាំទៅ​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង​។​

​មាន​ទស្ស​នៈ​ជាច្រើន​បានបង្ហាញ​ការរិះគន់​ចំពោះ​ការបាញ់ប្រហារ​នេះ​ថា បើទោះបីជា​សមត្ថកិច្ច​ថៃ​នាពេល​កន្លងមក​បាន​ព្យាយាម​បកស្រាយ​ចំ ពោះ​ករណី​បាញ់ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ​បណ្តាល​ឲ្យ​រងរបួស និង​ស្លាប់​ដោយ​គ្រាន់តែ​ការ​លួច​ឆ្លងដែន​ខុស​យ៉ាងណា ក៏ដោយ ក៏ត្រូវ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើលឃើញថា ឆ្មាំ​ការពារ​ព្រំដែន​ថៃ​បាន​យក​ច្បាប់​ព្រៃ​មក​អនុវត្ត​លើ​ប្រជាពលរដ្ឋ​នៃ​ប្រទេសជិតខាង​ក្នុងករណី​លួច​ឆ្លងដែន​ខុសច្បាប់ មិន​សក្តិ​សមជា​ប្រទេស​ដែល​ស៊ី​វិ​ល័យ​នោះឡើយ​៕

ដោយ៖​រដ្ឋា​

jnbhnnn

 បុរសរងគ្រោះ​ទីមួយ​ឈ្មោះ កាក់់ សម្តី អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ។

hbgvgg

 ជនរងគ្រោះ​ឈ្មោះ​ ម៉ា ឆេ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​សិប្បកម្ម ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត បាត់ដំបង​។