ភ្នំពេញ៖លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារតាមរយៈហ្វេសប៊ុករបស់លោកសាជាថ្មីទៀត ដល់សាធារណៈជនឲ្យចងចាំពីវិនាសកម្មសង្គ្រាមដែលកើតចេញពីការផ្លាស់ប្តូរមេដឹកនាំ ដោយរបបលោក លន់ នល់ ធ្វើរដ្ឋប្រហាទម្លាក់សម្តេចព្រះនរោត្តមសីហនុ កាលពីថ្ងៃទី១៨ មីនា ឆ្មាំ១៩៧០ ។
សារនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើបណ្តាញសង្គមផ្ទាល់របស់លោកនេះបានធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងប្រារព្ធខួប៦២ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ដោយសរសេរថា ថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៦២ ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាថ្ងៃមួយដែលប្រជារាស្ត្រខ្មែរទូទាំងប្រទេសចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុត របស់ព្រះករុណាព្រះមហាវីរក្សត្រសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូ និងលះបង់គ្រប់យ៉ាងក្នុងការទាមទារឯករាជ្យ ពីបារាំងជូនជាតិមាតុភូមិ។
សំណេរដដែលក៏បានសរសើរពីស្នាព្រះហស្តសម្តេចឳ ដែលដឹកនាំប្រទេសឲ្យមានឥទ្ឋិពលនៅក្នុងតំបន់អាស៊ី និងអន្តរជាតិផងដែរ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានបន្ទោសរបបលន់ នល់ ថាបាននាំកម្ពុជាឲ្យធ្លាក់ក្នុងរណ្តៅវាលពិឃាត។
សំណេរលោកនាយករដ្ឋមន្ត្រីបានក្រើនរំឭកថា ត្រូវតែចៀសឲ្យឆ្ងាយពីផ្លូវដ៏សែនគ្រោះ ថ្នាក់បំផុតនោះ ព្រោះជាមេរៀនដែលបានបន្សល់ទុកនូវសោកនាដកម្មជាលទ្ឋផលនៃការផ្លាស់ប្តូរទម្លាក់ប្រមុខដឹកនាំតាមការផ្តួលរំលំដើម្បីអំណាច៕ ដោយ៖ខេមរា