លោក ឈាង វុន និង​លោក អេង ឆៃអ៊ាង ថ្លែង​ខុសគ្នា​ករណី​ដីកា​ចាប់​លោក សម រង្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 November, 2015 ក+ ក-

ភ្នំ​ពេ​ញ៖ លោក ឈាង វុន មន្ត្រី​នាំពាក្យ​រដ្ឋសភាមកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លៃ​ង​ខុសគ្នា​លើ​ករណី​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ដោយ​ម្ខាង​ចាត់ទុកថា ជាការ​អនុវត្ត​ច្បាប់ តែ​ម្ខាង​ទៀតថា​ជា​រឿង​នយោបាយ​។តែទោះជាយ៉ាងណា អ្នកវិភាគបាន លើកឡើងថា លោក សម រង្ស៊ី នឹងមិនហ៊ានវិលចូលស្រុកវិញទេ បើមិនចរចាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុនសិន ។

​មន្ត្រី​នាំពាក្យ​រដ្ឋសភា លោក ឈាង វុន បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​អាជ្ញាធរ​ចាប់ខ្លួនបាន​ភ្លាម ដោយ​មិនចាំ បាច់ ដក​អភ័យ​ឯក​សិទ្ធ​សភា​ជាមុន​នោះទេ​។ លោក​លើកឡើងថា លោក សម រង្ស៊ី​បាន​បាត់បង់​អភ័យឯកសិទ្ធិ​ជា​អ្នកតំណាងរាស្ត្រ​ជា​ស្វ័យប្រវត្តិ​នៅពេលដែល​សាលាឧទ្ធរណ៍​បានចេញ​ដីកា​ស្ថាពរ កាលពី​ខែ មីនា ឆ្នាំ ២០១៣ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​។​

លោក ឈាង វុន លើកយក​ចំណុច​មួយ​ក្នុង​មាត្រា​ទី ១៤ នៃ​ច្បាប់​លក្ខន្តិកៈ​តំណាងរាស្ត្រ​ចែងថា តំណាងរាស្ត្រ​ដែល​ត្រូវ​ផ្តន្ទាទោស ហើយ​ទោស​នោះ បាន​ចូល​ជា​ស្ថាពរ​រួចហើយ តំណាងរាស្ត្រ​នោះ​នឹង​បាត់បង់ សិទ្ធិ​ទាំងឡាយ រួមទាំង​សមាជិកភាព​នៃ​តំណាងរាស្ត្រ​ដែរ​។​

​លោក​បន្តទៀតថា​តុលាការ​រាជធានី​ភ្នំពេញ​ទើបតែ​ចេញ​ដីកា​តាម​ចាប់ ខ្លួន​លោក សម រង្ស៊ី​នៅពេលនេះ មិនមែន​ដោយសារតែ​ប្រតិកម្ម​របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តប​ទៅនឹង​លោក​សម រង្ស៊ី​ឡើយ​។

តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​បន្តថា ការចេញ​ដីកាចាប់ខ្លួន​នេះ ដោយសារតែ មេធាវី​ការពារ​ក្តី​របស់ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស ទើប​ស្នើ​ឲ្យ​តុលាការ​ចាត់វិធានការ​ប្រឆាំង​លោក សម រង្ស៊ី ពីព្រោះ ព្រះមហាក្សត្រ​មិនបាន​លើកលែង​ឲ្យ​លោក ចំពោះ​ករណី​បរិហាកេរ្តិ៍ លោក ហោ ណាំហុង​ឡើយ​។​

ភ្លាម ៗ​ក្រោយ​តុលាការ​ក្រុងភ្នំពេញ​ចេញ​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី ខណៈ​លោក​កំពុង​នៅក្រៅ​ស្រុក​នោះ លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់ ដែល​ជិតស្និទ​លោក សម រង្ស៊ី បានលើកឡើង​ថា​លោក សម រង្ស៊ី នឹង​ប្រកាន់​គោលជំហរ​ចាស់​ដែល​លោក​ប្រកាស​ធ្វើ​នៅមុន​ការលើកលែងទោស ឆ្នាំ​២០១៣​កន្លងទៅ​។ ពោលគឺ​លោក សម រង្ស៊ី នឹង​ចូលមក​ក្នុងស្រុក​វិញ ហើយនឹង​ប្រឈមមុខ​នឹង​បញ្ហា​តុលាការ​។

យ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បាន​អះអាងថា លោក សម រង្ស៊ី នឹងមិន​ត្រូវ​ចាប់ ខ្លួន​នោះទេ​ព្រោះ​លោក​មាន​អភ័យ​ឯក​សិទ្ធ ការពារ​ដែលជា​ច្បាប់កំពូល​។​

សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស លោក ហោ ណាំហុង ប្ដឹង​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង បន្ទាប់ពី​លោក សម រង្ស៊ី ធ្វើ​អត្ថាធិប្បាយ​ជា​ចំហ​ប្រាប់​ក្រុមអ្នកកាសែត​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០០៨ នា​សារមន្ទីរ​ជើងឯក ទាក់ទង​នឹង​សាលាក្ដី​ខ្មែរក្រហម ដោយ​លោក​បានស្នើ​ឲ្យ​ព​ន្លឿ​ន​ការកាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ឲ្យ បាន​ឆាប់​។​

​លោក សម រង្ស៊ី ថ្លែង​នៅពេលនោះ​ថា មាន​អតីត​ទីប្រឹក្សា ប៉ុល ពត ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា និង​មាន​អតីត​មេ​គុក​បឹងត្របែក របស់​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការ បរទេស​កម្ពុជា ប៉ុន្តែ​លោក សម រង្ស៊ី មិនបាន​និយាយ​ចំៗ​ឈ្មោះ​នោះទេ​៕​ដោ​យ៖ខេមរា​

bgvbbb