ភ្នំពេញ៖ បន្ទាប់ពីមានដីកាចាប់ខ្លួនលោក សម រង្ស៊ី កាលពីថ្ងៃទី១៣វិច្ឆិកា គឺមានការបក ស្រាយជាច្រើន ពិសេសគឺការលើកឡើងថា លោក សម រង្ស៊ី នឹងមិនត្រូវចាប់ខ្លួនតាមដីការបស់តុលាការបានទេ ព្រោះលោក ជាអ្នកតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា។ ក៏ប៉ុន្តែឯកសារជំនួយស្មារតី ស្តីពីទិដ្ឋភាពច្បាប់ទាក់ទងនឹងដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ សមរង្ស៊ី បានបង្ហាញថា អភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ី ត្រូវបាត់បង់ជាស្វ័យប្រវត្តិ នៅពេលតំណាងរាស្ត្រ ដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរសម្រេចថា ជាទណ្ឌិតជាប់ពន្ធនាគារ។ នេះបើយោងតាមច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ។
ឯកសារ ជំនួយស្មារតី ស្តីពី ទិដ្ឋភាពច្បាប់នោះមានចំនួន ៤ ទំព័រ ត្រូវបានគេផ្សព្វផ្សាយកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ បានបកស្រាយលើទិដ្ឋភាពច្បាប់សំខាន់ៗ ពិសេសយោងតាមមាត្រា ១៤ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រ បានកំណត់ថា “តំណាងរាស្ត្រ ដែលមានសាលក្រមស្ថាពរ ឬសាលដីកាស្ថាពរ សម្រេចថា ជាទណ្ឌិតជាប់ពន្ធនាគារ ត្រូវបាត់បង់នូវសិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាសមាជិករដ្ឋសភា”។
ឯកសារនោះ ក៏បានបញ្ជាក់ថា មាត្រា ៨០ នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីអភ័យឯកសិទ្ធិ សភា មិនបានការពារទណ្ឌិតពីការចាប់ខ្លួន ដើម្បីអនុវត្តទោសដោយអនុវត្តតាមអំណាចសេចក្តីសម្រេចស្ថាពររបស់ តុលាការ ដែលជាអំណាចឯករាជ្យឡើយ។
ឯកសារជំនួយស្មារតីនោះ ត្រូវបានផ្សព្វផ្សាយភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសនៅចំពោះមុខពលករខ្មែរជាច្រើននាក់ នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ ទី១៤ វិចិ្ឆកាថា លោកនឹងវិលត្រលប់ មកកាន់ប្រទេសកម្ពុជាវិញ តាមការគ្រោងទុក បើទោះបីជាពេលនេះ មានដីកាពីតុលាការ បង្គាប់ឲ្យប៉ូលិសចាប់ខ្លួនរូបឯកឧត្តម ក៏ដោយ។
ក្នុងវិដេអូឃ្លីប ដែលបានបង្ហោះក្នុងហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីយប់ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា នេះ លោក សម រង្ស៊ី បានថ្លែងថា កម្ពុជាជាស្រុកកំណើត និងមាតុភូមិរបស់លោក ដូច្នេះលោកត្រូវតែចូលមកប្រទេសវិញដាច់ខាត។ លោក សម រង្ស៊ី ក៏បានអះអាងថា ជំហររបស់លោក គឺគ្មានផ្លាស់ប្ដូរទេ។
បើតាមគម្រោងចាស់ លោក សម រង្ស៊ី និងលោក កឹមសុខា គ្រោងនឹងវិលត្រឡប់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ។
សូមរម្លឹកថា កាលពីថ្ងៃទី១៣វិចិ្ឆកា ឆ្នាំ២០១៥ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា បង្គាប់ឲ្យប៉ូលិស ចាប់ខ្លួនលោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងសំណុំរឿងក្តីជាមួយលោក ហោណាំហុង រដ្ឋមន្ត្រីការបរទេស កាលពីឆ្នាំ២០០៨។
ក្នុងសំណុំរឿងក្តី ដែលលោក សមរង្ស៊ី ថ្លែងនៅថ្ងៃទី១៧មេសា ឆ្នាំ២០០៨ នៅជើងឯកថា លោកហោណាំហុង ជាប្រធានគុកបឹងត្របែក សម័យខ្មែរក្រហម។ រឿងក្តីនោះ តុលាការបានសម្រេចផ្តន្ទាទោសកំបាំងមុខ លើលោកសមរង្ស៊ី ដាក់ពន្ធនាគារ ២ ឆ្នាំ និងពិន័យជាប្រាក់ ៨ លានរៀល៕ប្រភព៖CEN