ភ្នំពេញ៖លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកអមដំណើរត្រូវប៉ូលីសកូរ៉េក្រៀកអូសចេញក្រៅ ខណះលោកបំរុងឡើងកាន់ក្បាលមេក្រូនិយាយលើវេទិកាប្រគុំតន្ត្រីរបស់ពលករខ្មែរ ហើយលោក សម រង្ស៊ី បានគេចឡើងតាក់ស៊ីជិះចេញទាំងក្តីអាម៉ាស់។នេះបើតាមការលើកឡើងរបស់លោក ស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
លោក ស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅកូរ៉េខាងត្បូង បានផ្សព្វផ្សាយនៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា នេះ អំពីរូបថត ៣ សន្លឹក និងបានសរសេរបញ្ជាក់ថា នេះជាទិដ្ឋភាពដែលលោក រង្ស៊ី ត្រូវបូលិសកូរ៉េគ្រៀកអូសចេញពីកន្លែងការប្រគុំតន្ត្រីរបស់ពលករខ្មែរ នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ។
សំណេរដែលផ្សព្វផ្សាយនោះបន្តថា ប៉ូលិសបានចាប់អូសលោក សម រង្ស៊ី ពីកន្លែងប្រគុំតន្ត្រីនោះ ដោយសារតែលោកប្រុងឆ្មក់ឡើងទាញក្បាលមេក្រូដើម្បីញុះញង់ បំបែកបំបាក់សាមគ្គីជាតិ និងឯកភាពជាតិខ្មែរ និងប្រុងប្រើប្រាស់វេទិកានេះ វាយប្រហារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកអគ្គរាជទូតខ្មែរលោក ស៊ុត ឌីណា បានបន្ថែមថា លោក សម រង្ស៊ី បានចូលតាក់ស៊ីគេចខ្លួនបាត់ដោយក្តីអាម៉ាស់ជាទីបំផុត។
លោក ស៊ុតឌីណា បានបន្តថា “លើកនេះ មិនត្រឹមតែមិនបានថ្លែងសារនយោបាយទេ សូម្បីឡើងលើឆាកកូរ៉េ ចង់និយាយលា ក៏គេមិនអនុញ្ញាតដែរ ហើយទង់បក្សសង្គ្រោះជាតិត្រូវបានដកហូត និងកម្ទេចចោល ទាំងនៅលើឆាក និងពីអ្នកកាន់ទង់បួនដប់នាក់ ដែលជាសមាជិកបក្សប្រឆាំង។
លោកបន្តថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមនេះបានគេចចេញពីព្រះវិហារគ្រិស្ទព្រោះប៉ាស្ត័រ គាត់ដឹងថា ជារឿងកុហក់ហើយមិនឲ្យសំដែង ទើបក្រុមនេះ បានគេចខ្លួនទៅកន្លែងផ្សេង តែថ្ងៃនេះ អស់លក្ខណ៍។ សូមអរគុណភាគីមិត្តកូរ៉េ សហការបានល្អថ្ងៃនេះ”៕ ដោយ៖ផានូរ៉ាត់