ឆេះរោងចក្រផលិតសាឡុងមួយកន្លែងនៅខណ្ឌពោធិសែនជ័យបង្កឲ្យមានការភ្ញាក់ផ្អើល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2024 ក+ ក-

ភ្នំពេញ-អគ្គីភ័យបានឆាបឆេះរោងចក្រ មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គីភ័យដែលប្រចាំការនៅគ្រប់បណ្តាគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា ដើម្បីកុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។


ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងរបស់រាជធានីភ្នំពេញ និងប្រើប្រាស់ទឹកអស់២ឡាន ដែលមានចំណុះ៨ម៉ែត្រគីប។

ដោយឡែកចំពោះប្រភេទសំណង់គឺរោងដែកប្រក់ស័ង្កសី ទំហំ (៤ម៉ែត្រ x ៨ម៉ែត្រ) ឆេះដុំឈើបន្ទះសម្រាប់ធ្វើសាឡុងអស់មួយចំនួន ហើយពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គីភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។

ក្នុងគ្រោះអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលឲ្យមកពីការដុតសំរាមហើយរាលដាលដល់រោងស្តុកឈើបង្កជាអគ្គីភ័យ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4Ul4olEREY4