គណបក្ស​សង្គ្រោះ​ជាតិ​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​បរទេស​ករណី​ចាប់ខ្លួន​លោក សម រង្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​ពិភាក្សាគ្នា​លើ​ការងារ​ទាក់ទង​ជួប​ជាមួយ​ស្ថានទូត​មួយចំនួន​នៅ​កម្ពុជា ប៉ុន្តែ​គណបក្ស​កំពុង​តាមដាន​ស្ថានការណ៍​នយោ បាយ​ចុងក្រោយ​នេះ​សិន​។​នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​លោក គីម សួរ​ភិ​រិ​ទ្ធ និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា នេះ​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១៦ វិច្ឆិកា បានចេញ​សេចក្តីសម្រេច​ដោយ​បង្កើត​គណៈកម្មការ​មួយ ក្នុង​ការរៀបចំ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ទប់ស្កាត់​ការតវ៉ា​ប្រឆាំងនឹង​ការចាប់ខ្លួន​នេះ​។​

​គណៈកម្មការ​នេះ មាន​ភារកិច្ច​ក្នុងការ​ប្រមែប្រមូល​ព័ត៌មាន និង​សភាពការណ៍ ចលាចល​ផ្សេងៗ ការពារ​សន្តិសុខ សុវត្ថិភាព​ទណ្ឌិត ពេល​បញ្ជូន​ខ្លួន​ទៅកាន់​មន្ទីរឃុំឃាំង និង​បង្ការ ទប់ស្កាត់​បាតុភាព​នានា​ដែល​បង្ក​ការរំខាន​ដល់​ការអនុវត្ត​ដីកា​។​

​លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា តាម​គ្រោង លោក សម រង្ស៊ី នឹង​មកដល់​នៅ​ម៉ោង​ប្រមាណ​១០​យប់​នេះ​។ លោក​បន្ថែមថា​លោក សម រង្ស៊ី បាន​ផ្លាស់ប្តូរ​ទីតាំង​នៃ​ការមកដល់​នៅ​ខេត្តសៀមរាប ដោយសារ​មិន​ចង់​បង្ក​ការ លំបាក ប្រសិនបើ​អាជ្ញាធរ​ចង់​ចាប់ខ្លួន​រូបលោក​។​

​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថា សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពេល​លោក​មកដល់​ប្រទេស​កម្ពុជា​។ លោក​បន្តថា ​លោក​មិនទាន់​ដឹងថា​ត្រូវ​ចាប់ខ្លួន​នោះ​នឹង​ធ្វើឡើង​នៅ​អាកាស​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ឬ​យ៉ាងណា​នោះទេ​។ លោក​បញ្ជាក់ថា​៖ “​សមត្ថកិច្ច​របស់​យើង​វា​មានតែ​អនុវត្តតាម​ដីកា​។ ប៉ុន្តែ​ការចាប់ខ្លួន​ក៏​មិនទាន់​ដឹងថា​នឹងត្រូវ​ចាប់​នៅ​ព្រលាន​ឬ​នៅទីណា​ទេ​? ចាប់​កន្លែង​ណា​ឲ្យ​ហើយ ស្រេច​តែ​គេ អាហ្នឹង​គេ​ចេះ​ច្បាប់ ចាប់​ត្រង់​ណាក៏ដោយ ក៏​ប៉ូលិស​នៅ​ស្រុក​ខ្មែរ​ដែរ​”​។​

​នៅពេល​សាកសួរ​ពី​ការតវ៉ា​របស់​ប្រជាជន​ដែល​គាំទ្រ​លោក សម រង្ស៊ី លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា​៖ “​គាំទ្រ​មិន​គាំទ្រ គេ​មាន​អ្នកប្រឆាំង​លោក សម រង្ស៊ី ក៏​ច្រើន​ជាងនេះទៀត​។​សមត្ថកិច្ច​យើង​គ្មានអ្វី​ក្រៅពី​ចាប់ខ្លួន​ទៅ​ពន្ធនាគារ ព្រោះ​មាន​ដីកា​តុលាការ​បង្គាប់​ឲ្យ​ធ្វើ​អញ្ចឹង​”​។​

​សូមជម្រាបថា លោក សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់ពន្ធនាគារ​២​ឆ្នាំ ពីបទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បន្ទាប់ពី​លោក សម រង្ស៊ី ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាលពី​ឆ្នាំ​២០០៨​ថា លោក ហោ ណាំហុង ជា​អតីត​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហម​៕​ដោ​យ៖ផា​នូ​រ៉ាត់​

svgvggg