រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកក្រគរ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ គឺពុំមានអភិបាលរងខេត្តណាម្នាក់ បាននៅក្នុងហេតុការណ៍ ឬនៅក្នុងរថយន្តជាមួយនោះឡើយ។
ក្នុងសេចក្តីជូនដំណឹងនោះ បានសរសេររៀបរាប់ថា៖ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្បាលសៀម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿង បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស ជាមួយម៉ូតូ១គ្រឿង បើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ មនុស្ស ០៣នាក់ និងរងរបួស ០១នាក់។ ក្នុងពេលគ្រោះថ្នាក់ពុំមានអភិបាលរងខេត្តពោធិ៍សាត់ណាម្នាក់ បាននៅក្នុងហេតុការណ៍នោះ ឬនៅក្នុងរថយន្តជាមួយឡើយ។
រដ្ឋបាលខេត្តពោធិ៍សាត់ មានការសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសពចំពោះហេតុការណ៍ដ៏អាក្រក់មួយនេះ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាប។
គួរជម្រាបជូនថា កាលពីវេលាម៉ោង១៥ និង៤៥នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវក្រួសក្រហមមួយខ្សែ ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ដមួយគ្រឿងម៉ាកTOYOTA VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខពោធិ៍សាត់ 2C-9699 បើកបរដោយឈ្មោះ តាន់ មេសា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបុកជាមួយម៉ូតូHONDAWAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1N-1400 ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ ឈុំ សុផុន ភេទប្រុស អាយុ៣១ឆ្នាំ (ជាប្ដី) រួមដំណើរជាមួយឈ្មោះ ហេង គឹមឡេង ភេទស្រី អាយុ២៧ឆ្នាំ (ជាប្រពន្ធ) និងឈ្មោះ ផុន ផអ៊ី ភេទស្រី អាយុ០៥ឆ្នាំ (ជាកូន)បានស្លាប់ៗនៅនឹងកន្លែងកើតហេតុ។ ចំណែកកូនស្រីម្នាក់ទៀត អាយុ០៣ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រុមគ្រួសារជនរងគ្រោះ រស់នៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្ដាលមកពីអ្នកបើកបរ បើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្ដាំ គួបផ្សំផ្លូវកោង និងដីហុយពីរថយន្ដ (ពិបាកមើលផ្លូវ)។ បច្ចុប្បន្នសាកសពជនរងគ្រោះទាំង០៣នាក់ បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាង និងអ្នកបើកបររថយន្ដ បានធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/dgJdhMK9z7A