រាជធានីភ្នំពេញ៖Facebook លោក សម រង្ស៊ី នៅព្រឹកនេះ បានបង្ហាញសារមួយតាមនៅលើ Facebook របស់លោក ដោយបានរៀបរាប់និងបានចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា បានធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ និងបានលើកឡើងថា ប្រទេសកម្ពុជាបានវិលត្រឡប់ទៅរកប្រព័ន្ធបក្សតែមួយ មុនថ្ងៃ២៣ តុលា ១៩៩១។
សូមអានសាររបស់លោក សម រង្ស៊ី ដែលបានបង្ហោះនៅលើ Facebook ប៉ុន្មាននាទីមុននេះ ដូចខាងក្រោម៖
បន្ទាប់ពីទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា មកលើគណបក្សសង្គ្រោះជាតិ ក្នុងនោះមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ ដាក់ពន្ធនាគារមកទល់នឹងថ្ងៃនេះ, ការវាយដំយ៉ាងសាហាវមកលើតំណាងរាស្ត្រគណបក្សប្រឆាំង២ រូបគឺលោក ញ៉យ ចំរើន និងលោក គង់ សភា, ការដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា មានទង្វើបន្ថែមទៀតជាចុងក្រោយ គឺការចេញដីកាឲ្យចាប់រូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ ទោះជាខ្ញុំមានអភ័យឯកសិទ្ធិសភាយ៉ាងណាក៏ដោយ ហើយនៅទីបញ្ចប់ការបណ្តេញខ្ញុំចេញពីរដ្ឋសភា បន្ទាប់ពីការបោះឆ្នោតសម្រេចបែបនេះ ធ្វើឡើងដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះក៏ដោយ ។
ទង្វើ ទាំងអស់នេះ ឈានទៅដល់ការបញ្ចប់តួនាទីរបស់គណបក្សប្រឆាំងតែមួយគត់ ដែលមានអសនៈក្នុងរដ្ឋសភា ហើយបង្ហាញថាប្រទេសកម្ពុជា បានវិលត្រឡប់ទៅរកប្រព័ន្ធបក្សតែមួយ ដូចមុនថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១។
ទង្វើ ទាំងអស់នេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា គឺជារដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលនាំមកនូវផលប៉ះពាល់ផ្លូវច្បាប់ និងផ្លូវនយោបាយ ដូចរដ្ឋប្រហារយោធា ដែលពួកគេបានធ្វើនៅថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ អញ្ចឹងដែរ។ ផលប៉ះពាល់ចម្បង គឺបំផ្លាញដំណើរការប្រជាធិបតេយ្យ ដែលមានធានាក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចុះហត្ថលេខាដោយ ១៨ ប្រទេសជាមិត្ត ដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ផងដែរ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឲ្យប្រទេសកម្ពុជាប្រកាន់នូវរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។
យ៉ាងណាក៏ដោយ យើងមិនទាន់ទទួលបានការបកស្រាយណាមួយទាក់ទងសារនយោបាយប្រកបដោយ ការប្រមាថរបស់លោក សម រង្ស៊ី ពីសំណាក់ថ្នាក់ដឹកនាំឬក៏មន្ត្រីCPPនៅឡើយនោះទេ៕