ភ្នំពេញៈ ជនសង្ស័យ ម្នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ចោមចៅចាប់ឃាត់ខ្លួនបាន បន្ទាប់ពីសមត្ថកិច្ចធ្វើការស្រាវជ្រាវអស់ជាច្រើនថ្ងៃមក។
ការចុះបង្រ្កាបខាងលើ កាលវេលាម៉ោង៦ព្រលប់ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ស្នាក់នៅលេខ២១៦ ជាន់ទី៣ ផ្សារឯរាជ្យ២ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ហើយសមត្ថកិច្ចឆែកឆែរ រកឃើញថ្នាំញៀន អាវុធខ្លី២ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ជនសង្ស័យក្នុងករណីខាងលើមានឈ្មោះ ឈូក ចំរើន អាយុ៣៦ឆ្នាំ មានមុខរបរប្រធានសន្តិសុខផ្សារឯករាជ្យ២ ស្នាក់នៅបន្ទប់កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិអូរត្រេះ ឃុំកំពុងរទេះ ស្រុកស្ទឹងសែន ខេត្តកំពុងធំ មានប្រពន្ធឈ្មោះ ប៊ិន សផានី អាយុ ២៤ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារឯរាជ្យ២។
តាមសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយ រហូតមកដល់ថ្ងៃរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មានការចូលរួមពីប្រធានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ ចុះប្រតិបត្តិការច្បាមមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្នុងការឃាត់ខ្លួនជនសង្ស័យមា្នក់នេះ ហើយសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនទម្ងន់១ជី (1g) កាំភ្លើងខ្លី ម៉ាករ៉ូឡូ ចំនួន២ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី៕