សមត្ថកិច្ចចម្រុះបង្ក្រាបសំបុកគ្រឿងញៀននៅសង្កាត់ទឹកថ្លាឃាត់ខ្លួន ៣៣នាក់
ភ្នំពេញ៖ទីតាំងប្រើប្រាស់គ្រឿងញៀនដ៍ធំមួយនៅសង្កាត់ទឹកថ្លាត្រូវកំលាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ សហការជាមួយកំលាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះប្រមូល និងបង្ក្រាបឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៣៣នាក់ ក្នុងនោះស្រីម្នាក់ និងសម្ភារ:មួយចំនួនធំ កាលពីម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើដឹកនាំដោយលោក ប៊ន សំអាត ស្នងការរងរាជធានី ភ្នំពេញ លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងលោកម៉ក់ ហុង អធិការ ខណ្ឌសែនសុខដោយមានការសំរបសំរួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញរងនៃអយ្យ ការ អមសាលា រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះ ប្រមូលផ្តុំដោយក្មេងទំនើង បងតូចបងធំ ដែលតែងតែមកជួបជុំគ្នាក្នុងផ្ទះមួយចំនួនជាជំរកសំរាប់ប្រើប្រាស់គ្រឿង ញៀន ទោះបីសមត្ថកិច្ចមូលដ្ឋានខិតខំ និងព្យាយាមបង្ក្រាបជាច្រើនលើកច្រើនសាយ៉ាង ណាក៍ដោយ។នេះជាលើកទី៣ហើយ ដែលគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ សហការណ៍ជាមួយការិយាល័យបង្ក្រាបគ្រឿងញៀន រាជធានីភ្នំពេញចុះបង្ក្រាបជាទ្រុងទ្រាយធំ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចបានដកហូតសម្ភារះប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ និងដកហូតទូហ្គេមភ្នាល់ដាក់លុយចំនួន១១ទូរ និងទូហ្គេមបាញ់ត្រីចំនួន៣ ដាវសាំម៉ូរៃ២ដើម ជញ្ជីងថ្លឹងគ្រឿងញៀនមួយ។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរូមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរួមទាំងវត្ថុតាងប្រើប្រាស់មួយចំនួន ផង៕ ដោយ៖ សួង សាម