ភ្នំពេញ៖ តុលាការកំពូលបានបើកសវនាការជំនុំជម្រះសំណុំរឿងលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ និងលោក លី រ៉ាស៊ី ព្រមទាំងគូកន ២នាក់ទៀត កាលពីព្រឹកថ្ងៃទី៣០កញ្ញាក្រោមការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។
សវនាការជំនុំជម្រះសំណុំរឿងលោក ហេង ពៅ និងគូកន ពាក់ព័ន្ធការប៉ុនប៉ងសម្លាប់លោកចៅក្រម សុក សេដ្ឋាមុន្នី កាលពីចុងឆ្នាំ២០០៣ កន្លងមក។ ប៉ុន្តែក្រោយការសួរ ដេញដោល តុលាការបានលើកពេល ប្រកាសសាលក្រម ទៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះវិញ។
ស្របពេលជាមួយគ្នានេះ លោកលី រ៉ាស៊ី ព្រមទាំងម្តាយ របស់លោក ដែលមានវ័យចំណាស់ បានសំណូមពរទៅ លោកនាយករដ្ឋមន្ត្រី និងតុលាការកំពូល មេត្តាជួយរកយុត្តិធម៌ ពីព្រោះលោកពុំបានប្រព្រឹត្ត ដូចការចោទប្រកាន់ នោះទេ។
គួររំលឹកថា លោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធនឹងបទល្មើស ជាច្រើនករណីដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារសរុបជិត ១០០ ឆ្នាំ។ ចំណែកគូកនផ្សេងទៀត រួមមាន លោកលី រ៉ាស៊ី មាន៦សំណុំរឿង ហើយ ២សំណុំរឿង បានចូលស្ថាពរ រីឯ៤ សំណុំរឿងទៀត នឹងត្រូវតុលាការកំពូលបើកសវនាការជំនុំជម្រះជាបន្តបន្ទាប់នាពេលខាងមុខ។
ជនជាប់ចោទទាំង៤រូបបានឆ្លើយបដិសេធដូចៗគ្នាក្នុងសវនាការតុលាការកំពូលថា ពួកគេពុំបានរៀបចំគម្រោងសម្លាប់លោកចៅក្រម សុក សេដ្ឋា នោះទេ ក្នុងនោះលោក ហេង ពៅ បានបញ្ជាក់ថាលោកពុំបានដឹងអ្វីទាំងចំពោះសំណុំរឿងនេះ។
លោក លី រ៉ាស៊ី បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ កន្លងទៅ ក្រសួងមហាផ្ទៃ បានប្រកាសផ្ទេរការងាររបស់លោកពីនគរបាលក្រុងឲ្យមកបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលបុគ្គលិកក្រសួងមហាផ្ទៃ។ ក្រោយពីប្រកាសបាន ៥ថ្ងៃ ស្រាប់តែនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ សមត្ថកិច្ចបញ្ជាការឯកភាពអន្តរក្រសួង និងនាយកដ្ឋានតម្រួតបទបញ្ជាក្រសួងមហាផ្ទៃចាប់ឃុំខ្លួនលោករយៈពេល៤ថ្ងៃ។ រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៦ ទើបសមត្ថកិច្ចបញ្ជូនលោកមកតុលាការធ្វើការចោទប្រកាន់ឃុំខ្លួនដាក់ពន្ធនាគារតែម្តង។
លោក លី រ៉ាស៊ី បានបន្តថា នៅពេលសវនាការតុលាការថ្នាក់ក្រោម លោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយពីការពិតនោះទេ ដោយចៅក្រមប្រើឆន្ទានុសិទ្ធិហាមឃាត់គ្រប់ពេលចំពោះពាក្យសម្តីណា ដែលលោកបដិសេធនូវការចោទប្រកាន់ផ្ទុយពីការពិតពិសេសសុំឲ្យចៅក្រមពិចារណា ឬ ធ្វើការស៊ើបអង្កេតបន្ថែមនូវភស្តុងតាងតាមសំណូមពររបស់ជនត្រូវចោទទាំងអស់ ហើយការកាត់ក្តី ហាក់បីដូចជាទទួលរងនូវគំនាបពីនរណាម្នាក់មិនឲ្យលោកប្រើសិទ្ធិក្នុងការជជែកវែកញែករកហេតុផល ខុសត្រូវឲ្យសមស្របតាមច្បាប់ទាល់តែសោះ៕
លោក ហេង ពៅ ព្រមទាំងគូកននៅតុលាការកំពូលថ្ងៃទី១តុលា