អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានជំរុញបងប្អូនប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារនៅតាមសហគមន៍ និងតាមសាលារៀន។ដើម្បីបង្កើនភាពមានស្បៀងឱ្យបានគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើន ជាងមុនសម្រាប់បរិភោគ។ជាពិសេសត្រូវជម្រុញយុវជនឪ្យយល់ដឹង ពីរបៀបធ្វើម្ហូបអាហារខ្មែរ និងលើកកម្ពស់ការបរិភោគអាហារចម្រុះ តាមបែបប្រពៃណីខ្មែរ ដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរស់ជាតិផ្សេងៗទៀតក្នុងកម្រិតសមល្មម និងគាំទ្រអ្នកផលិតម្ហូបអាហារខ្មែរ ដែលសម្បូរណ៍សារជាតិ និងមានសុវត្ថិភាព។
ការថ្លែងនេះធ្វើឡើង ក្នុងឱកាសចូលរួមក្នុងពិធីបើកយុទ្ធនាការគ្រប់គ្រាន់ ក្រោមពាក្យស្លោក «ជីវភាពគ្រប់គ្រាន់ អាហារគ្រប់គ្រាន់» នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះក៏មានការចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ថ្នាក់ដឹក នាំ និងបុគ្គលិកអង្គការទស្សនៈពិភពលោក ប្រជាពរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន កាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងសិស្សានុសិស្សជាច្រើនរូបទៀត។
ទន្ទឹមគ្នានេះឯកឧត្តមក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងសហការី ទាំងអស់របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ដែលតែងតែផ្តល់នូវការគាំទ្រ កិច្ចសហការ និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរអង្កភាពជំនាញជុំវិញខេត្ត។ក្នុងការអភិវឌ្ឍន៍មូលដ្ឋានដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ។ដូចជាវិស័យសន្តិសុខស្បៀង អនាម័យ ទឹកស្អាត ជំងឺអេដស៍ សុខភាពបន្តពូជយុវវ័យ សុខភាពមាតា និងទារក ការងារអប់រំយុវជន កីឡា និងការងារមនុស្សធម៌ជាដើម។ជាពិសេសគឺការរៀបចំបើកយុទ្ធនាការគ្រប់គ្រាន់ក្រោមពាក្យស្លោក«ជីវជាតិគ្រប់គ្រាន់ អាហារ គ្រប់គ្រាន់» នាឱកាសនេះ។
ឯកឧត្តម អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ការលើកយកប្រធានបទ
«ជីវជាតិគ្រប់គ្រាន់ អាហារគ្រប់គ្រាន់» និងការធ្វើបទបង្ហាញអំពីគោលបំណង នៃការរៀបចំបើកយុទ្ធនាការគ្រប់គ្រាន់ នាឱកាសនេះ។ មានសារៈសំខាន់ និងមានផែនការ ទិសដៅការងារច្បាស់លាស់ ក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តព្រះវិហារ ផងដែរ។
ឯកឧត្តម អភិបាលខេត្ត ថ្លែងទៀតថា ដោយឈរលើបរិបទ នៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម នៅកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើឱ្យប្រជាជនផ្លាស់ប្តូររបៀបរស់នៅ និងផ្លាស់ប្តួរឥរិយាបថក្នុងការបរិភោគអាហារ ដែលជៈឥទ្ធិពលជាវិជ្ជមាន លើស្ថានភាព អាហារូបត្ថម្ភរបស់ប្រជាជន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ បញ្ហាកង្វះមីក្រូសារជាតិ និងបញ្ហាថយចុះអត្រាបំបៅកូន ដោយទឹកដោះម្តាយ និងបញ្ហាធាត់លើសទម្ងន់ក៏មាននិន្នាការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
ឯកឧត្តម ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និង
មន្ត្រី អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូរអភិវឌ្ឍន៍ និងប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ និងអនុវត្តតួនាទី ភារកិច្ច ទៅតាមជំនាញ និងវិស័យរបស់ខ្លួន ដើម្បីរួមគ្នាលុបបំបាត់បញ្ហាកង្វះអាហា រូបត្ថម្ភគ្រប់ទម្រង់ សំដៅរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឈានឆ្ពោះទៅសម្រេចបានផែនការអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប និងម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម អ្នកប្រកបមុខរបរអាជីវកម្ម ម្ហូបអាហារ ភោជនីយដ្ឋាននានា រួមទាំងនៅតាមគ្រឹះស្ថានសិក្សា និងរមណីយដ្ឋានទេសចរណ៍ និងអ្នកលក់ដូរម្ហូបអាហារ នៅតាមដងផ្លូវ សូមចូលរួមគ្នា ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ។គ្រប់តួអង្គពាក់ព័ន្ធ ត្រូវចូលរួមផ្លាស់ប្តូររបៀបផលិត របៀបកែច្នៃ របៀបធ្វើអាជីវកម្ម របៀបរបប ការបរិភោគអាហារ និងការរស់នៅដើម្បីថែរក្សាសុខភាព និងសុខមាលភាពម្នាក់ៗឱ្យបានល្អ។
គួរបញ្ជាក់ថា ពិធីនេះក៏មានការរៀបចំក្បួនដង្ហែរ ដោយចាប់ផ្ដើមពីរង្វង់មូលព្រះ
នារាយណ៍ ឆ្ពោះទៅសាលាខេត្តព្រះវិហារ។ក្នុងគោលបំណងដើម្បីអំពាវនាវឱ្យមានការវិនិយោគ ភាពជាម្ចាស់ និងការប្តេជ្ញាចិត្តពីភាគីពាក់ព័ន្ធ ដើម្បីកែលម្អរបបអាហារ ដែលមានសុខភាព។ជម្រុញការប្តេជ្ញាចិត្តក្នុងចំណោមភាគីពាក់ព័ន្ធនានាក្នុងការអនុវត្តយុទ្ធសាស្ត្រ សន្តិសុខភាពស្បៀងជាតិ២០២៤-២០២៨។និងលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយស្តីអំពីសុវត្ថិភាពចំណីអាហារ របបអាហារដែលមានសុខភាពល្អ ការជ្រើសរើសអាហារ និងទម្លាប់នៃការបរិភោគឱ្យបានសមស្រប៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FR7jFoYZRQ8