ប៉ូលិស​អន្តរជាតិ​តាម​ចាប់ខ្លួន​សកម្មជន​គាំទ្រ​បក្សប្រឆាំង​នៅ​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2014 ក+ ក-

ប៉ូលិស​អន្តរជាតិ អាំងទែ​ប៉ូល (Interpol) កំពុង តាម​ស្វែងរក​ចាប់ខ្លួន​សកម្មជន​គាំទ្រ​គណ បក្ស​សង្គ្រោះ​ជាតិ ជា​ខ្មែរ​-​អាមេរិកាំងរស់នៅ ក្នុង​រដ្ឋ​បី​ផ្សេងគ្នា​នៅ​សហរដ្ឋអាមេរិក​។ សមត្ថកិច្ច​កម្ពុជា ក៏​កំពុង​តាម​ចាប់​មេដឹកនាំ​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ម្នាក់ទៀត ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​ថៃ​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​សមត្ថកិច្ច​កម្ពុជា ចាត់វិធានការ​តាម​ចាប់ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​ដែល​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​នៅ​ខាងក្រៅ​ប្រទេស​។​

មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក សហការ​ស្វែងរក​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ចំនួន​បីនាក់​ទៅ​ផ្ដន្ទាទោស​នៅ​កម្ពុជា ពីបទ​គំរាម​សម្លាប់​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​កម្ពុជា​។​

គេហទំព័រ​ប៉ូលិស អាំងទែ​ប៉ូល ផ្សព្វផ្សាយ​ស្វែងរក​ចាប់ខ្លួន​លោក ម៉ៅ ឃឿន នៅ​រដ្ឋ​ផេ​ន​ស៊ី​ល​វែ​នីញ៉ា (Pennsylvania) លោក បូ​ណា ប៊ុន​ផាត់ នៅ​រដ្ឋ​វ៉ាស៊ីនតោន (Washington State) និង​លោក យឿន សំ​រិទ្ធី នៅ​រដ្ឋ​ចរចា (Georgia)​។ អ្នក​ទាំងបី​សុទ្ធតែ​ត្រូវបាន​ចោទប្រកាន់​ពីបទ​គំរាម​សម្លាប់​ដូចគ្នា​។ ដីកា​របស់ អាំងទែ​ប៉ូល បញ្ជាក់ថា សមត្ថកិច្ច​កម្ពុជា ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងបី​ដើម្បី​កាត់ទោស និង​ទទួលទោស​ជាប់ពន្ធនាគារ​។ ជនសង្ស័យ​ទាំងបី​នាក់​នោះ ជា​មនុស្ស​មាន​ប្រជាប្រិយភាព​ក្នុង​ប្រព័ន្ធ​ហេ្វ​ស​ប៊ុ​ក (Facebook) និង យូ​ធូប (Youtube) ហើយ​ធ្លាប់​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​អាច​រក​ដំណោះស្រាយ​នយោបាយ​បាន​។​

លោក ខៀវ សុភ័គ បញ្ជាក់ទៀតថា សមត្ថកិច្ច​កម្ពុជា ស្វែងរក​ចាប់ខ្លួន​អ្នក​ទាំងបី​ដោយសារតែ​ពួកគេ​គំរាម​សម្លាប់ ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា មិនមែន​ដោយសារ​ការរិះគន់​រដ្ឋា​ភិ​បាល​ឡើយ​៖ «​ការបញ្ចេញមតិ​របៀប​នេះ លែង​ហៅថា សេរីភាព​ហើយ ហួស​ព្រំដែន​នៃ​សេរីភាព​ហើយ​។ ឧទាហរណ៍​ខ្ញុំ​គំរាម​សម្លាប់​ប្រធានាធិបតី អូ​ប៉ា​ម៉ា មើល៍ ហ៊ាន​សាកមើល៍ បើ​មិន​គុក​ឥឡូវ​ហ្នឹង​»​។​
​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ មនុស្ស​ពីរ​នាក់​ក្នុងចំណោម ៣​នាក់ ដែល​ត្រូវ​ចោទ​ពីបទ​គំរាម​សម្លាប់​នោះ បដិសេធថា ពួកគេ​មិនបាន​គំរាម​សម្លាប់​មន្ត្រីជាន់ខ្ពស់​រដ្ឋា​ភិ​បាល​ឡើយ​។ ពួកគេ​អះអាងថា ពួកគេ​គ្រាន់តែ​រិះគន់​រដ្ឋាភិបាល​តែប៉ុណ្ណោះ​។​

លោក យឿន សំ​រិទ្ធី នៅ​រដ្ឋ​ចរចា ដែល​មនុស្ស​ភាគច្រើន​ស្គាល់​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ឈ្មោះថា Sunshine Powermoon បញ្ជាក់ថា លោក​ធ្លាប់​រិះគន់​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ដោយសារ​លោក​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​លោក​មិនបាន​គំរាម​សម្លាប់​នរណា​ឡើយ​៖ «​ខ្ញុំ​បន់​ឲ្យ​តែ​គេ​មក ចាប់​ខ្ញុំ​រឿង​នយោបាយ ប៉ុន្តែ​ខ្ញុំ​មិនមែនជា​អ្នកនយោបាយ​ទេ ខ្ញុំ​ជា​អ្នកគាំទ្រ​មេដឹកនាំ​ណា​ត្រឹមត្រូវ​»​។​

លោក​បន្ថែមទៀតថា លោក​មិន​ព្រួយបារម្ភ​នឹង​ការ​តាម​ចាប់​ឃាត់ខ្លួន​របស់​រដ្ឋាភិបាល​កម្ពុជា ឡើយ ហើយ​លោក​ត្រៀមខ្លួន​ការពារ​ក្តី​របស់លោក​នៅ​សហរដ្ឋអាមេរិក​។​
​ចំណែក លោក បូ​ណា ប៊ុន​ផាត់ ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ដែរ​។ លោក​បានដាក់​រូបភាព​និង​វីដេអូ​ជាច្រើន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចូលរួម នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​បន្តថា លោក​ធ្លាប់​រិះគន់​មន្ត្រី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាម​ប្រព័ន្ធ​ហេ្វ​ស​ប៊ុ​ក ប៉ុន្តែ​លោក​មិនបាន​គំរាម​សម្លាប់​មន្ត្រី​រដ្ឋាភិបាល​ឡើយ​។​

លោក​ថា ការស្វែងរក​ចាប់ខ្លួន​លោក​របស់​សមត្ថកិច្ច​ក​ម្ពុ​ជា​នោះ ជាការ​គំរាមកំហែង​ផ្នែក​បញ្ចេញមតិ​៖ «​គេ ចង់​ចាប់ខ្លួន គេ​ចង់​សម្លុត​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច កុំ​ឲ្យ​ចេញមុខ​ចេញ​មាត់ ណាមួយ​ប្រហែលជា​គេ​ឃើញ​រូបភាព​ខ្ញុំ​ជា​មនុស្ស​មួយ​ក្នុងសង្គម​ជួយ សង្គ្រោះ​ជាតិ ម្ល៉ោះហើយ​នៅពេល​ហើយ​ធ្វើ​ល្អ គេ​ចង់​ទប់ស្កាត់​បំបែកបំបាក់​»​។​

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​លោក ម៉ៅ ឃឿន ចំពោះ​ការចោទប្រកាន់​នេះ​ទេ​។ ប៉ុន្តែ​លោក​បាន​ប្រើប្រាស់​ប្រព័ន្ធ យូ​ធូប ដោយ​ប្រើប្រាស់​ឈ្មោះ KhmerKromneed 911 ដើម្បី​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ក្នុង​វីដេអូ ដែល​លោក​បានដាក់​ក្នុង​ប្រព័ន្ធ​យូ​ធូប​នោះ លោក​បាន​ដកស្រង់​សម្ដី​លោក ហ៊ុន សែន ហើយ​បាន​បកស្រាយ​តប​ទៅ​លោក ហ៊ុន សែន វិញ​។​

ដោយឡែក លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះជាតិ​ខ្មែរ ជា​អ្នកដឹកនាំ​ចលនា​ប្រឆាំងនឹង​លោក ហ៊ុន សែន នៅឯ​ប្រទេស ដា​ណឺ​ម៉ាក វិញ ក៏​កំពុង​រត់គេច​ពី​តាម​ចាប់​ឃាត់ខ្លួន​របស់​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​។​

លោក សម សេរី កាលពី​ថ្ងៃទី​២៩ កញ្ញា បាន​បញ្ជាក់ថា លោក​កំពុងស្នាក់នៅ​ប្រទេស​ថៃ ដើម្បី​ជួបនឹង​សកម្មជន​របស់លោក ប៉ុន្តែ​ត្រូវបាន​ប៉ូលិស​ថៃ ស្វែងរក​ចាប់ខ្លួន​។ បច្ចុប្បន្ន លោក​កំពុង​រត់គេចខ្លួន​ទៅ​ប្រទេស​ផ្សេង​ពី​ការ​តាម​ចាប់​នេះ​។​

តុលាការ​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បាន​កាត់ទោស​លោក សម សេរី ឲ្យ​ជាប់​ពន្ធនាការ​រយៈពេល ៩​ឆ្នាំ ពីបទ​បង្កើត​ចលនា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​។​

មន្ត្រី​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការស្វែងរក​ចាប់ខ្លួន​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ដោយ​រង់ចាំ​សិក្សា​លើ​ការចោទប្រកាន់​នេះ​ជាមុនសិន​។​

ក្រុមប្រឹក្សា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស លោក អ៊ូ វីរៈ មានប្រសាសន៍ថា អ្នកប្រើប្រាស់​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ត្រូវ​ពិចារណា​ឲ្យ​ច្បាស់លាស់​ចំពោះ​ការគំរាមកំហែង​ណាមួយ​នៅលើ​បណ្ដាញ សង្គម ពីព្រោះ​សមត្ថកិច្ច​នឹង​ប្រើប្រាស់​ព័ត៌មាន​ទាំងនោះ​ដើម្បី​ចោទប្រកាន់ អ្នក​គំរាមកំហែង​ទាំងនោះ​វិញ​។​

លោក​បន្តថា ការគំរាមកំហែង​នៅលើ​បណ្ដាញ​សង្គម មិនមែនជា​សិទ្ធិ​សំដែង​មតិ​ឡើយ​៖ «​សេរីភាព នៃ​ការបញ្ចេញមតិ​ក៏ត្រូវ​មាន​កម្រិត​ដែរ​។ ការ​គំរាម​ជា​អំពើ​ខុសច្បាប់​។ សេរីភាព​នៃ​ការបញ្ចេញមតិ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​សេរីភាព​នៅ​ប្រព័ន្ធ​ផ្សេង ដូចជា​វិទ្យុ តាម​មុខផ្ទះ ឬ​តាម​កាសែត ទោះបីជា​យើង​គំរាម​សម្លាប់​គេ​នៅមុខ​ផ្ទះ​យើង ក៏​ខុសច្បាប់​ដែរ​»​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាម​ន្ត្រី​ក្រសួងមហាផ្ទៃ ក៏​ធ្លាប់​គំរាម​សម្លាប់​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែរ​។​
​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ធ្លាប់​បានស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ស៊ើបអង្កេត​ករណី​ម្ចាស់​គណនី​ឈ្មោះ លោក ផែង វណ្ណៈ បាន​សរសេរ​លើ​ទំព័រ​របស់ខ្លួន​ថា ទុក ៧​គ្រាប់​ឲ្យ​លោក កឹម សុខា ដែល​មួយ​គ្រាប់​ចុងក្រោយ​បាញ់​ឲ្យ​ចំក្បាល​លោក កឹម សុខា ប៉ុន្តែ​រហូតមកទល់​ពេលនេះ សមត្ថកិច្ច​កម្ពុជា នៅ​មិនទាន់​ចាប់ខ្លួន​លោក ផែង វណ្ណៈ នៅឡើយ​ទេ​។ ចំណែក​ម្ចាស់​គណនី​ម្នាក់ទៀត​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​តាមដាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កណា​ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន សែន នោះ ក៏​ធ្លាប់​គំរាម​អាយុជីវិត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ ប៉ុន្តែ​លោក​នៅមាន​សេរីភាព​នៅឡើយ​។​
​បច្ចុប្បន្ន ប៉ូលិស​អាំងទែ​ប៉ូល កំពុង​ស្វែងរក​ចាប់ខ្លួន​មនុស្ស ២៧​នាក់ រួមមាន​បទ​ឆបោក ពុករលួយ ឃាតកម្ម និង​បទឧក្រិដ្ឋ​ផ្សេងៗ​មួយចំនួនទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ ទណ្ឌិត​មួយចំនួន​ដែល​ស្និទ្ធ​នឹង​គណបក្សកាន់អំណាច ហើយ​ដែល​បាន​រត់គេចខ្លួន​ទៅ​បរទេស​នោះ មិន​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា ស្នើ​ឲ្យ​ប៉ូលិស អាំងទែ​ប៉ូល ស្វែងរក​ចាប់ខ្លួន​នៅឡើយ​ទេ​។ មកទល់នឹង​ថ្ងៃទី​៣០ ខែកញ្ញា សមត្ថកិច្ច​សហរដ្ឋអាមេរិក មិនទាន់​ឃាត់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំងបី​នាក់​នៅឡើយ​ទេ ចំណែក​វាសនា លោក សម សេរី នៅ​មិនទាន់​ដឹងថា យ៉ាងម៉េច​នៅឡើយ​ទេ ដោយសារ​វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​បាន​៕rfa