ភ្នំពេញ៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានអញ្ជើញមេដឹកនាំប្រទេសជាសមាជិកអាស៊ានទាំង១០ ទៅបំពេញទស្សនកិច្ចផ្លូវការនៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។នេះជាលើកទីមួយហើយ ដែលលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង៣០ឆ្នាំ ត្រូវបានអញ្ជើញជាផ្លូវការទៅបំពេញទស្សនកិច្ចនៅសេតវិមានសហរដ្ឋអាមេរិក។
ពេលបិទកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា លោក អូបាម៉ា បានថ្លែងថា៖ “ដើម្បីឲ្យកាន់តែប្រាកដដែលយើងរក្សាក្នុងការពង្រឹងចំណងទាក់ទង របស់យើងនៅទីនេះក្នុងតំបន់អាស៊ីអាគ្នេយ៍ ខ្ញុំអញ្ជើញមេដឹកនាំអាស៊ានទាំង១០ប្រទេសទៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។ ខ្ញុំរីករាយដែលពួកគេទទួលការអញ្ជើញរបស់ខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំការបន្តការងាររបស់យើង”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការអញ្ជើញរបស់លោក អូបាម៉ាជា”មហាកិត្តិយស”សម្រាប់រដ្ឋាភិបាលកម្ពុជា។ លោកមិនទាន់ដឹងពីកម្មវិធីលម្អិតនៃដំណើរទស្សនកិច្ចនេះទេ តែលោកថានឹងមានការសម្តែងការគួរសមនៅសេតវិមាន ចៀសមិនផុតនោះទេ។
គួររំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលត្រូវបានអញ្ជើញដោយប្រធានាធិបតីសហរដ្ឋអាមេរិកទៅធ្វើទស្សនកិច្ចផ្លូវការនៅសេតវិមាននោះទេ ចាប់តាំងពីការកាន់អំណាចរបស់លោកអស់រយៈពេលជាង៣០ឆ្នាំមកនេះ។ប៉ុន្តែ កាលចុងខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅទីក្រុងញ៉ូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ប៉ុន្តែលោកមិនត្រូវបានអញ្ជើញជាផ្លូវការដោយប្រធានាធិបតីអាមេរិកទៅទស្សនកិច្ចនៅសេតវិមាននោះទេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ទំនាក់ទំនងរវាងអាស៊ាន និងអាមេរិកត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៧៧ មក៕ដោយ៖រដ្ឋា