ខេត្តព្រៃវែង៖ បុរសម្នាក់បានវាយ និងកាប់ប្រពន្ធរបស់ខ្លួននឹងពូថៅបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកបានយកសាំងចាក់ដុតខ្លួនឯងរហូតដល់ស្លាប់ នៅម៉ោង១២ៈ១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ស្ថិតនៅត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៌ ខេត្តព្រៃវែង។
លោក សេង សុភក្ត្រ ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនព្រហ្មទណ្ឌបានប្រាប់អ្នកយកព័ត៌មាននៅព្រឹកព្រលឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា បុរសជាប្តីមានឈ្មោះ ព្រំ ផ្លង់ អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងកន្លែងកើតហេតុ ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ដោយឡែកស្ត្រីជាប្រពន្ធមានឈ្មោះ ម៉ាង ងួន អាយុ៦៥ឆ្នាំ។
លោក សេង សុភក្ត្រ បានបញ្ជាក់ថា មុនពេលកើតហេតុបុរសជាប្តី មានអារម្មណ៍មិនល្អ ហើយកើតជម្លោះជាមួយប្រពន្ធ ស្រាប់តែពេលនោះបានយកពូថៅវាយទៅលើប្រពន្ធ មួយពូថៅចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកជនសង្ស័យបានយកសាំងចាក់ ពីលើខ្លួនហើយដុតខ្លួនឯងបណ្តាលឲ្យស្លាប់នៅក្នុងផ្ទះតែម្តង។
គ្មានប្រភពព័ត៌មានផ្សេងទៀតដែលអាចដឹងច្បាស់លាស់ពីមូលហេតុពិតដែលធ្វើឲ្យបុរសជាប្តីមានកំហឹងក្រេវក្រោធរហូតដល់ថ្នាក់យកពូថៅកាប់ប្រពន្ធបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងចាក់សាំងដុតខ្លួនឯងបែបនេះនោះទេ។
បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ចំណែកសាកសពបុរសជាប្តី ត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមគន្លងប្រពៃណី៕ដោយ៖គ. បញ្ញា